តុល្យភាព​ធ្លាក់​យន្ដហោះ​នៅ​ឥណ្ឌូនេស៊ី៖ យ៉ាង​ហោច​១១៦​នាក់​ស្លាប់

«Hercules C-130» យន្ដហោះយោធា ចំណាស់តាំងពី៥១ឆ្នាំ របស់កងទ័ពឥណ្ឌូនេស៊ី បានធ្លាក់នៅសង្កាត់ ដែល​មាន​មនុស្ស​រស់​នៅ​មួយ បណ្ដាលឲ្យមានមនុស្សស្លាប់ យ៉ាងតិច ១១៦នាក់ កាលពីថ្ងៃអង្គារ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ មាន១១៣នាក់ បានស្ថិត នៅក្នុងយន្ដហោះនេះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៣០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: July 01, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចមនុស្ស១១៦នាក់ បានស្លាប់ កាលពីថ្ងៃអង្គារ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ ធ្លាក់​យន្ដ​ហោះ​យោធាមួយ ដែលបានបោកខ្លួន នៅលើសង្កាត់ដែលមានមនុស្សរស់នៅមួយ នៃក្រុង ម៉ីដង់ (Medan) ស្ថិត​នៅលើកោះ ស៊ូម៉ាត្រា។ ពីក្នុងចំណោមជនរងគ្រោះទាំងនោះ មាន១១៣នាក់ ជាអ្នកជិះនៅក្នុងយន្ដហោះ និង​៣នាក់ទៀត នៅលើដី។

យន្ដហោះ «Hercules C-130» ដែលមានវ័យ៥១ឆ្នាំ បានហោះចេញពី មូលដ្ឋានយោធាមួយ នៅ​វេលា​ម៉ោង​១២ និង៨នាទី ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ហើយបានធ្លាក់ ២នាទីក្រោយមក ពីលើសង្កាត​ដែលមាន​ចំងាយ​៥​គីឡូ​ម៉ែត្រ ពី​មូលដ្ឋាន​យោធា បង្កឲ្យមានផ្ទុះឆេះ ជាភ្លើងឡើង។ នេះបើតាមអ្នកនាំពាក្យកង​ទ័ព​ឥណ្ឌូនេស៊ី លោក ហ្វូអាដ បាស្យ៉ា (Fuad Basya)។

អគ្គមេបញ្ជាការកងទ័ព លោក អាហ្គូស ស៊ូព្រីយ៉ាតណា (Agus Supriatna) បានអះអាងដែរ​ថា មនុស្ស​ដែល​ស្ថិតនៅលើយន្ដហោះ មាន១២នាក់ ជាបុគ្គលិកបម្រើការ និង១០១ផ្សេងទៀត ជាអ្នកដំណើរ។ លោក​បាន​ថ្លែងថា មិនមាននរណាម្នាក់ នៅរស់រានមានជីវិតទេ។

បើតាមអ្នកនាំពាក្យ ឲ្យមូលដ្ឋានកងទ័ពអាកាសក្រុង ម៉ីដង់ វិញបានឲ្យដឹងទៀតថា ភាគច្រើននៃអ្នក​ដំណើរ សុទ្ធសឹងជាក្រុមគ្រួសារ ឬជាភរិយារបស់ទាហាន។ យ៉ាងហោចមានកុមារម្នាក់ នៅក្នុងចំណោមនោះ។

អាគារលំនៅដ្ឋាន ទើបនឹងសាងសង់ហើយថ្មីៗ និងរថយន្ដជាច្រើនគ្រឿង ដែលយន្ដហោះធ្លាក់ពីលើ បាន​ទទួល​រងការខូចខាតដ៏ធ្ងន់ធ្ងរ។ ក្រុមអ្នកជួយសង្គ្រោះ ក៏បានបញ្ជាក់ដែរថា មនុស្សនៅលើដី ចំនួន៣នាក់ បាន​ស្លាប់ ក្នុង​ព្រឹត្តិការណ៍នេះ។ ប៉ុន្តែតុល្យភាពអាចនឹងមានកម្រិតធ្ងន់ធ្ងរជាងនេះ ដោយសារការជួយ​សង្គ្រោះ បាន​កំពុង​ដំណើរការ​ទៅមុខ​នៅ​ឡើយ។

យន្ដហោះបានជួបនឹងបញ្ហា តាំងពីពេលងើបខ្លួន ហោះចេញពីដីភ្លាម។ លោកអគ្គមេបញ្ជាការ អាហ្គូស ស៊ូព្រីយ៉ាតណា បានថ្លែងថា៖ «អ្នកបើកបរ បានសុំហោះវិលត្រឡប់ ទៅកាន់មូលដ្ឋានវិញ ដែលធ្វើ​ឲ្យ​គេ​យល់​ថា ប្រាកដជាមានបញ្ហា អ្វីមួយហើយ»។ លោកបានផ្ដោតការសង្ស័យ ទៅលើបញ្ហា ដែលអាចកើតឡើង ទៅ​លើ​ម៉ាស៊ីនយន្ដហោះ។

អ្នករស់នៅក្បែរនោះមួយរូប បានថ្លែងឡើងថា៖ «ខ្ញុំបានឃើញយន្ដហោះ នៅក្នុងទិសដៅ ហោះ​ទៅ​​ព្រលាន​យន្ដហោះ។ ប៉ុន្តែយន្ដហោះ បានហោះដាំក្បាលចុះ។ បន្ទាប់មក ខ្ញុំឃើញផ្សែងបានហុយឡើង យ៉ាង​ខ្មួលខ្មាញ់។»

នេះ ជាលើកទីមួយយើង ដែលក្រុង ម៉ីដង់ ត្រូវបានរងគ្រោះ ដោយការធ្លាក់យន្ដហោះ។ នៅឆ្នាំ២០០៥ យន្ដហោះ​មួយគ្រឿង របស់ក្រុមហ៊ុនក្នុងស្រុក «Mandala Airlines» បានធ្លាក់នៅពីលើតំបន់ ដែលសម្បូរ​ដោយមនុស្សរស់នៅ បន្ទាប់ពីយន្ដហោះបានងើបខ្លួន ហោះចេញពីដីបានបន្តិច។ គ្រោះថ្នាក់នៅពេលនោះ បានធ្វើឲ្យមនុស្ស១៥០នាក់ លាចាកលោក៕

» វីដេអូ បង្ហាញពីទិដ្ឋភាពយន្ដហោះ ធ្លាក់នៅលើតំបន់មានមនុស្សរស់នៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...