នៅ​ពេល​ដែល​អ្នក​បើក​បរ​យន្ដហោះ វ៉ៃ​គ្នា​មុន​យន្ដហោះ​ងើប​ពី​ដី...

ជម្លោះរវាងអ្នកបើកបរយន្ដហោះ នៅក្នុងបន្ទប់បើកបរ កំពុងក្លាយជារឿងពេញនិយម បន្ទាប់ពីគ្រោះថ្នាក់យន្ដហោះ បាន​កើត​មាន​ជា​ហូរ​ហែ ក្នុងរយៈពេលចុងក្រោយ។ លើកនេះ ជាវេនរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរឥណ្ឌា (Air India) ម្ដង ដែល​អ្នក​បើក​បរ​ទាំង​ពីរ​នាក់ បានប្រវាយប្រតប់គ្នា នៅមុនយន្ដហោះងើបខ្លួនពីដី។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 17, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បទពិសោធន៍ នៃការធ្លាក់យន្ដហោះ A320 របស់ក្រុមហ៊ុនអាកាសចរណ៍ ហ្សែមេនវីន (Germanwings) របស់អាល្លឺម៉ង់ ដែលមូលហេតុមួយភាគ បណ្ដាលពីជម្លោះ រវាងអ្នកបើកបរយន្ដហោះ ក្នុងបន្ទប់បើកបរនោះ កំពុងបន្តលង ក្រុមហ៊ុន​អាកាសចរណ៍ផ្សេងទៀត នៅលើពិភពលោក បង្កឲ្យការប្រុងប្រយ័ត្ន ក្នុងការផ្ដល់សេចក្ដីទុកចិត្ត ទៅលើអ្នកបើកបរ បាន​កើន​ឡើងទ្វេរឡើង។ នេះ ជាករណី របស់អ្នកបើកបរយន្ដហោះពីរនាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរឥណ្ឌា របស់​ប្រទេស​ឥណ្ឌា ដែលត្រូវបានក្រុមហ៊ុន បញ្ឈប់លែងឲ្យកាន់ចង្កូតយន្ដហោះ ជាបណ្ដោះអាសន្ន កាលពីពេលថ្មីនេះ។

សារព័ត៌មានក្នុងប្រទេសឥណ្ឌា «Hindoustan Times» បានធ្វើសេចក្ដីរាយការណ៍ថា នៅមុនពេលយន្ដហោះ ហោះ​ងើប​ចេញពីដី (តែយន្ដហោះ បានបញ្ឆេះម៉ាស៊ីន រួចហើយ) អ្នកបើកបរទាំងពីរនាក់ នៅក្នុងបន្ទប់យន្ដហោះ ត្រូវបាន​ឃាត់​ខ្លួន​ភ្លាមៗ។ មូលហេតុ ដោយសារតែជំនួយការបើកបរយន្ដហោះ មិនសប្បាយចិត្តនិងបញ្ជា របស់មេបញ្ជាការបើកបរ​យន្ដហោះ ហើយបានវាយមេបញ្ជាការរូបនោះ ខណៈពួកគេហៀបនឹង ធ្វើការហោះហើរ រវាងពីក្រុង ចៃពួរ (Jaipur) មក​កាន់​រដ្ឋធានី ញូដេល្លី (New Delhi)។

ជម្លោះវាយតប់គ្នា បានកើតឡើង បន្ទាប់ពីមេបញ្ជាការបើកបរយន្ដហោះ បានស្នើសុំឲ្យជំនួយការរបស់ខ្លួន ឲ្យកត់ត្រា​នូវគ្រប់ព័ត៌មាន នៃការហោះហើរ ដូចជាចំនួនអ្នកដំណើរ ឬទំងន់យន្ដហោះ នៅពេលហោះងើបខ្លួនពីដី ជាដើម។ ជើង​ហោះហើរ មិនត្រូវបានលប់ចោលទេ និងបានប្រព្រឹត្តិទៅ ជាធម្មតា។ ប៉ុន្តែក្រុមហ៊ុនបានបញ្ឈប់អ្នកទាំងពីរ លែង​ឲ្យ​កាន់​ចង្កូតយន្ដហោះ ជាបណ្ដោះអាសន្ន រហូតដល់លទ្ធផល នៃការស៊ើបអង្កេតច្បាស់លាស់មួយ ត្រូវបានរកឃើញ។

ផ្ទុយពីសេចក្ដីរាយការណ៍ របស់សារព័ត៌មានខាងលើ ខាងក្រុមហ៊ុនអាកាសចរណ៍វិញ មិនបានទទួលស្គាល់ថា មាន​ការ​វាយតប់គ្នា នៅក្នុងបន្ទប់បើកបរនោះទេ។ អ្នកនាំពាក្យរបស់ អ៊ែរឥណ្ឌា បានអះអាងថា គ្រាន់តែជាឆ្លើយឆ្លងសម្ដីគ្នា ដែល​មានលក្ខណៈតឹងសរសៃ ក ប៉ុណ្ណោះ។ ហើយក្រុមហ៊ុនចង់បញ្ជៀស មិនឲ្យពាក្យចចាមអារាមបែបនេះ នៅបន្តមាន ខណៈ​ជំនឿទុកចិត្ត នៃអ្នកធ្វើដំណើរ តាមយន្ដហោះ កាន់តែធ្លាក់ចុះដុនដាប។

គ្រោះថ្នាក់យន្ដហោះ បានកើតឡើងជាបន្តបន្ទាប់គ្នា និងមានសភាពគួរឲ្យតក់ស្លុតទ្វេឡើង។ បើគេនិយាយឡើងវិញ ដោយ​ត្រួសៗនោះ មានដូចជា ការបាត់ខ្លួនរបស់យន្ដហោះ MH370 និងការបាញ់បំផ្ទុះ យន្ដហោះ MH17 ដែលកំពុង​ហោះ​លើ​អាកាស របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ ហើយកាលពីចុងខែមុន យន្ដហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ហ្សែមេនវីន របស់អាល្លឺម៉ង់ បានធ្លាក់នៅក្នុងតំបន់ភ្នំ អាលព៍ បន្ទាប់ពីជម្លោះពាក្យសំដី បាន​កើត​មាន​ឡើង​រវាង មេបញ្ជាការបើកបរ និងជំនួយការបើកបរយន្ដហោះ។ នេះ បើតាមរបាយការណ៍ដំបូង របស់អ្នកស៊ើបអង្កេត គ្រោះ​ថ្នាក់​យន្ដហោះ ដែលបានយកទិន្នន័យពីប្រអប់ខ្មៅ មកវិភាគ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...