អតីតតារា«X»ម្នាក់បើកយន្ដហោះ មកចតកណ្ដាលថ្នល់ ព្រោះបញ្ហាម៉ាស៊ីន
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ មករា ២០១៦
- កែប្រែចុងក្រោយ: January 20, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃទី១២ ខែមករាកន្លងទៅ នាង ដានៀល ឡាគ្រី (Danielle Lagree) អតីតតារាសម្ដែងក្ដៅសាច់មួយរូប បានជួបរឿងដែលភ័យបំផុត នៅក្នុងជីវិតរបស់នាង៖ គឺយន្ដហោះ ដែលអតីតតារាវ័យ២៧ឆ្នាំរូបនេះ កំពុងបើកបរ ដើម្បីការហាត់រៀននោះ បានមានបញ្ហា នៅចំពេលនាងកំពុងបញ្ជា នៅលើអាកាសនាភាគខាងជើង នៃក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័នី (ខាងលិចសហរដ្ឋអាមេរិក)។ នៅពេលនោះ នាងបានឮសូរស្នូរ ដ៏ចម្លែកមួយ លាន់ចេញពីម៉ាស៊ីនយន្ដហោះ ដែលនាងកំពុងបើក។
អតីតតារាកូនជ្រូក ដែលគេស្គាល់ឈ្មោះផ្សេង (ឈ្មោះក្នុងសិល្បៈ) ថាជានាង អាឡិចស៊ីស ហ្វ័ដ (Alexis Ford) នោះ បាននិយាយរៀបរាប់ប្រាប់ទូរទស្សន៍ «CBS Los Angeles» ថា៖ «ខ្ញុំបានប្រាប់ទៅគ្រូបង្រៀនខ្ញុំ ថាយន្ដហោះមានបញ្ហាហើយ។ គាត់ឆ្លើយមកខ្ញុំវិញថា តើខ្ញុំមានបានប៉ះ លើប្រអប់បន្ថែមល្បឿនឬទេ? ខ្ញុំបានឆ្លើយទៅវិញ ថាអត់មានប៉ះអ្វីទេ។»
បន្ទាប់មកទាំងគ្រូទាំងសិស្ស បានយល់ភ្លាមថា ម៉ាស៊ីនរបស់យន្ដហោះ បានជួបភាពរអាក់រអួលហើយ។ ពីចំណុចនោះ ត្រឡប់មកព្រលានយន្ដហោះវិញ មានចំងាយឆ្ងាយណាស់។ បើអញ្ចឹង តើត្រូវធ្វើយ៉ាងដូចម្ដេចទៅ? នាង ដានៀល បានបន្តទៀតថា៖ «យន្ដហោះបានហោះធ្លាក់ មកក្រោមហើយ។ អញ្ចឹង យើងត្រូវស្វែងរក កន្លែងណាមួយភ្លាមៗ ដូចជា ផ្លូវថ្នល់ ឬវាលរាប ដើម្បីចុះចត។»
ទាំងគ្រូទាំងសិស្ស មានបំណងចង់ហោះ ទៅកាន់ទីក្រុងតូចមួយ ឈ្មោះ «Camarillo» នៅជាប់ក្បែរ។ ប៉ុន្តែនៅទីនោះ សណ្ឋានដីមានលក្ខណៈខ្ពស់ទាប ពិបាកនឹងធ្វើឲ្យយន្ដហោះ អាចចុះចតដោយស្រួលណាស់។ អតីតតារាសម្ដែង បានពន្យល់ថា៖ «យើងបានគិតថា យើងប្រាកដជា ទៅទាក់នឹងប្រព័ន្ធខ្សែទូរស័ព្ទ ដ៏ច្រើននោះហើយ តែសំណាងល្អ យន្ដហោះបានហោះររំលង ពីលើបន្តិច»។ ដោយគ្មានជម្រើសទៀត ពួកគេបានសម្រេចចិត្ត ហោះសំដៅ ទៅកាន់ថ្នល់ល្បឿនលឿន លេខ២៣ ដែលនៅក្បែរបំផុត ខណៈមានរថយន្ដជាច្រើន កំពុងធ្វើចរាចរណ៍នៅលើនោះ។
ចំពោះរថយន្ដ ដែលកំពុងបើកលើថ្នល់វិញ បាននាំគ្នាបង្អង់ល្បឿនជាបន្តបន្ទាប់ ក្រោយពីឃើញយន្ដហោះមួយគ្រឿងនេះ ចូលមកបើកលើផ្លូវរបស់ផងខ្លួន។ មានតែរថយន្ដមួយប៉ុណ្ណោះ ដែលបានជ្រុលមកបើកពីក្រោមយន្ដហោះ ដែលទំនងជាគេចមិនទាន់។ នៅក្នុងហេតុការណ៍នេះ គ្មាននរណាម្នាក់រងរបួសនោះទេ។ តែបើនិយាយពីរឿងភ័យភិតវិញ... មិនបាច់និយាយសោះតែម្ដងហើយ៕