សារ​ក្នុង​ហ្វេសប៊ុក ​របស់​ស្ត្រី​បម្រើការ​លើ​យន្ដហោះ ដូច​«ដឹង​មុន»

មានវត្តមាននៅលើយន្ដហោះ «MS804» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ស្ត្រីបម្រើការ​នៅ​លើ​យន្ដហោះ នាង «Samar Ezz Eldin» ធ្លាប់​បាន​បង្ហោះ​រួច​ហើយ និងជាច្រើនដង​នៅលើ​បណ្ដាញ​សង្គម នូវ​រូបភាព​មួយ​​ដែល​និយាយ​​ពី​ការ​ធ្លាក់​យន្ដហោះ។ ហើយ​រូបភាព​នោះ មិនមែន​គ្រាន់​ជា​ការ​បង្ហោះ ឲ្យតែបានៗនោះទេ។ នេះ​បើ​តាម​មិត្តភ័ក្រ​​របស់​​នាង​​ម្នាក់ ដែលទើបនឹង​ថ្លែងប្រាប់​រឿងនេះ ទៅកាន់ប្រព័ន្ធ​ផ្សព្វផ្សាយ។
សារ​ក្នុង​ហ្វេសប៊ុក ​របស់​ស្ត្រី​បម្រើការ​លើ​យន្ដហោះ ដូច​«ដឹង​មុន»
ពីឆ្វេងទៅស្ដាំ៖ នាង «» និងរូបភាពដែលនាងបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់នាង។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 22, 2016
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង «Samar Ezz Eldin» ជាតិអេហ្សីព អាយុ២៦ឆ្នាំ បានបម្រើការងារ និងស្ថិតនៅក្នុងយន្ដហោះ «MS804» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលទើបនឹងធ្លាក់ចូលសមុទ្រ មេឌីទែរ៉ាណេ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​មុន។ នាងបានចូលបម្រើការ នៅក្នុងក្រុមហ៊ុននេះ តាំងពីខែឧសភា ឆ្នាំ២០១៤កន្លងមក។

សារព័ត៌មាន «La Stampa» បានធ្វើរបាយការណ៍មួយ ពីនាង «Samar Ezz Eldin» ដូច្នេះថា បន្ទាប់ពី​នាង​បាន​បម្រើការនៅក្នុងយន្ដហោះបាន៤ខែ នាងបានបង្ហោះរូបថតមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យ​ឃើញ​ពី​ហេតុការណ៍ «ដូចដឹងមុន»ដ៏គួរឲ្យរន្ធត់ នៃការធ្លាក់យន្ដហោះ។

រូបថតនោះ ដែលត្រូវបានសារព័ត៌មានជាច្រើន យក​ទៅ​ផ្សព្វផ្សាយជាបន្តបន្ទាប់ នៅក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បានបង្ហាញពីស្ត្រីបម្រើការលើយន្ដហោះមួយរូប កំពុងដើរ​ចេញពីទឹក ក្នុងឯកសណ្ឋានការងារ ដែល​​ទទឹក​​ជោគ ជាមួយនឹងហិបឥវ៉ាន់នៅនឹងដៃ។ តែនៅផ្នែកខាងក្រោយ នៃរូបនោះ គេឃើញ​យន្ដហោះ​មួយ កំពុង​​​បះ​ជើង​លិច​ចូល​ក្នុងសមុទ្រ។ ខាងក្រោមនេះ ជារូបភាព​ផ្តិតពីអេក្រង់ហ្វេសប៊ុករបស់នាង៖

មិត្តភ័ក្រប្រុសម្នាក់ របស់ស្ត្រីបម្រើការលើយន្ដហោះ បានថ្លែងរៀបរាប់ប្រាប់ទូរទស្សន៍ «al Arabiya» ថា​នាង «Samar Ezz Eldin» បានបង្ហោះរូបថតនេះ ជាលើកទីមួយ នៅបន្ទាប់ពីនាងបានចូលបម្រើការ នៅ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ «EgyptAir» ក្នុងឆ្នាំ២០១៤។ សម្រាប់រូបនាង វាជាអារម្មណ៍ដឹងមុនមួយ ដែលនាងតែង​មាន​នៅ​ក្នុង​ខ្លួន។ លោកបានថ្លែងឲ្យដឹងថា៖ «នាងបានគិតជាមុនរួចហើយថា នាងនឹងស្លាប់​តាម​របៀប​នេះ»។

ស្ត្រីវ័យក្មេងបម្រើការលើយន្ដហោះរូបនេះ ទើបនឹងរៀបការកាលពី៦ខែមុនប៉ុណ្ណោះ។ នាង​បាន​សិក្សា​ចប់​សព្វ​គ្រប់ ផ្នែកភាសាទំនើប នៅសកលវិទ្យាល័យគែរ (Université du Caire)​ ប្រទេសអេហ្សីព។

យន្ដហោះ «AirBus» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលមានជើងហោះហើរលេខ «MS804» បាន​​ហោះចេញទីព្រលានយន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅ​យប់​​ថ្ងៃ​ពុធ​សប្ដាហ៍នេះ វេលាម៉ោង២៣និង០០នាទី ហើយត្រូវមកចុះចត នៅព្រលានយន្ដហោះ នៃ​រដ្ឋធានី​គែរ ប្រទេស​អេហ្សីព នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ០៣ និង០៥នាទី (ម៉ោងក្នុងស្រុក) ជាមួយ​នឹង​អ្នក​ដំណើរ ៥៦​នាក់ និង​​បុគ្គលិក​​បម្រើការ​លើ​យន្ដហោះ ១០នាក់។

ប៉ុន្តែនៅវេលាម៉ោង ប្រមាណ​ជា០១និង៣០នាទី (ព្រឹកថ្ងៃព្រហស្បត្តិ៍) យន្ដហោះបានបាត់ខ្លួន ពីប្រព័ន្ធត្រួត​ពិនិត្យ​ផ្លូវហោះហើរ បន្ទាប់ពីបានហោះ​ចូល​មកដល់​ដែនអាកាស (នៅលើសមុទ្រ មេឌីទែរ៉ាណែ) របស់​ប្រទេស​​អេហ្សីព។ ដំណឹងចុងក្រោយ បានឲ្យដឹងពីការរកឃើញ នូវបំណែកយន្ដហោះ និងសាកសព​មនុស្ស​ជា​ច្រើន ថា​បាន​អណ្ដែតមកលើផ្ទៃទឹក ហើយកំពុងត្រូវបានកងទ័ពរបស់ប្រទេសអេហ្សីព ធ្វើការប្រមែប្រមូល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...