ជនចាប់រំលោភលើកុមារខ្មែរនិងហ្វីលីពីន កំពុងប្ដឹងឧទ្ធរណ៍
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៧ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 18, 2016
- ប្រធានបទ: រំលោភ-អនិតិជន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីពាក់កណ្ដាលខែឧសភាកន្លងទៅនេះ សាលាឧទ្ធរណ៍ប្រចាំនៅក្រុង «Anvers (ភាគខាងជើងនៃប្រទេសប៊ែលហ្សិក)» បានបើកសវនាការពិនិត្យ ទៅលើករណីរប្ដឹងឧទ្ធរណ៍ របស់ក្រុមមេធាវី របស់កូនក្ដីរបស់ខ្លួន ឈ្មោះ ផែធ័រ សឺឡេន (Pieter Ceulen) ដែលត្រូវបានសាលាដំបូង ផ្ដន្ទាទោសកាលពីក្នុងខែមករាកន្លងមក ឲ្យជាប់ពន្ធនាគារចំនួន១៩ឆ្នាំ ពីបទចាប់រំលោភសេពសន្ធវៈ ទៅលើកុមារតូចៗ នៅក្នុងប្រទេសកម្ពុជា និងហ្វីលីពីន។
តែសវនាការនោះ គ្រាន់តែជាសវានាការបឋម នៃនីតិវិធីរបស់សាសាឧទ្ធរណ៍ ក្នុងប្រទេសប៊ែលហ្សិកប៉ុណ្ណោះ និងគ្មានវត្តមាន របស់ជនជាប់ចោទនោះទេ។ សវនាការបន្ទាប់ និងអាចជាសវនាការសម្រេចក្ដី ត្រូវបានតុលាការគ្រោងបើកធ្វើ នៅថ្ងៃទី៩ ខែកញ្ញាខាងមុខ។
ការប្ដឹងឧទ្ធរណ៍ ទៅលើទោសជាប់ពន្ធនាគារ ១៩ឆ្នាំ ដែលបុរសជាតិប៊ែលហ្សិក អាយុ៦០ឆ្នាំរូបនេះ បានប្រព្រឹត្តិទៅលើកុមារ ទំនងជាត្រូវបានជនជាប់ចោទខ្លួនឯងទទួលស្គាល់ ដើម្បីស្នើសុំការសណ្ដោសសម្រាលទោស ពីសំណាក់ចៅក្រមកាត់សេចក្ដី សម្រាប់ការសម្រាលទោសណាមួយ។ នេះបើតាមការអះអាង របស់ក្រុមមេធាវីរបស់លោក ផែធ័រ សឺឡេន។ មេធាវីថែមទាំងអះអាង ប្រាប់សវនាការទៀតថា លោក ផែធ័រ សឺឡេន ត្រៀមទទួលការព្យបាលខ្លួន នៅក្នុងពនាគារ ដើម្បីបញ្ជៀសគ្រោះថ្នាក់ សម្រាប់សង្គមជាតិ។
ជាការរំលឹកឡើងវិញ បន្ទាប់ពីត្រូវបានសាលាដំបូងផ្ដន្ទាទោស នៅខែមករា ឆ្នាំ២០១៦កន្លងទៅ លោក ផែធ័រ សឺឡេន បានរត់គេចខ្លួនទៅកាន់ប្រទេសកម្ពុជា។ ប៉ុន្តែនៅប៉ុន្មានខែក្រោយមក គឺនៅខែមីនា លោកបានប្រគល់ខ្លួន ឲ្យអាជ្ញាធរកម្ពុជា មុននឹងត្រូវបានបញ្ជូនខ្លួនតាមយន្ដហោះ ជាលក្ខណៈធម្មតា មកកាន់ប្រទេសប៊ែលហ្សិកវិញ។ លក្ខណៈធម្មតា ដោយសារតែប្រទេសកម្ពុជា មិនមានកិច្ចព្រមព្រៀង ធ្វើបត្យាប័នបញ្ជូនអ្នកទោស ជាមួយនឹងប្រទេសប៊ែលហ្សិកនោះទេ។
លោក ផែធ័រ សឺឡេន មានជីវិតមុខពីរដ៏អស្ចារ្យ។ ម្ខាងលោកជាអ្នកធ្វើជំនួញមួយរូប ដែលទទួលបានជោគជ័យគួរសម។ ម្ខាងទៀត លោកបានផលិត និងផ្ទុកទុកនូវរូបភាព (ជារូបថត និងវីដេអូ) អាសអាភាស ប្រមាណជា ៧០០ ហ្សីហ្គាអូ (Giga Octets) នៃអង្គចងចាំ (Hard Disk)។ សកម្មភាពទាំងនេះ ត្រូវបានលោកធ្វើ តាំងពី១៥ឆ្នាំមកហើយ តែត្រូវបានបែកធ្លាយ ដោយសារការរកឃើញ ពីសំណាក់ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) និងបានរាយការណ៍ មកកាន់អាជ្ញាធរប៊ែលហ្សិក។
ក្រុមអ្នកសើបអង្កេត បានឲ្យដឹងទៀតថា ក្រៅពីផលិត និងផ្ទុករួបភាពទាំងនេះ ដែលភាគច្រើន ជារូបភាពថតជាមួយកុមារ និងអនីតិជននោះ លោក ផែធ័រ សឺឡេន នៅបានបង្ហោះផ្សាយផលិតផល ដែលលោកបានផលិត នៅតាមបណ្ដាញអ៊ិនធើណែតទៀត។ ជាពិសេសមានវីដេអូ ដែលបង្ហាញថា លោក សឺឡេន ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីថតពីការរួមភេទ រវាងរូបលោកផ្ទាល់ និងទារិកា ឬកុមារីជាច្រើន (អាយុរវាងពី២ ទៅ៤ឆ្នាំ)។
នៅកម្ពុជា បុរសជាតិប៊ែលហ្សិករូបនេះ បានទទួលកុមារាម្នាក់ និងកុមារីចំនួន៣នាក់ មកចិញ្ចឹម។ នៅក្នុងសវនាការសាលាដំបូង កាលពីខែមករា តុលាការបានរកឃើញថា លោកបានរំលោភកុមារីម្នាក់ ពីក្នុងចំណោមកូនចិញ្ចឹមជាតិខ្មែរទាំងនេះ៕