ចាប់​ខ្លួន​ជន​សង្ស័យ សម្លាប់​និង​ដុត​មួយ​គ្រួសារ នៅ​ប៉ៃលិន

ឃាតកម្មទាំងគ្រួសារ ដែល«មានគម្រោងទុកជាមុន» ដោយដុតទាំងផ្ទះ សម្លាប់ទាំងមនុស្ស ដើម្បីបំបិទភស្តុតាងនោះ ត្រូវ​បាន​អាជ្ញាធរខេត្តប៉ៃលិន ចាប់ជនសង្ស័យបានហើយ។ ជនសង្ស័យនោះ ជាបងថ្លៃខាងប្រពន្ធរបស់ជនរងគ្រោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 22, 2014
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឃាតកម្មដុតសម្លាប់ ស្មៀន​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​មួយ​ប្រពន្ធ និង​កូន​ស្រី អាយុ​ទើប​៦ខែ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ផ្ទះ យ៉ាង​សាហាវ​ឃោឃៅ​នោះ ត្រូវ​បាន​គរបាល​ខេត្ត​ប៉ៃលិន ប្រកាស​ថា ខ្លួន​ចាប់​ជន​ដៃ​ដល់​បាន​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នោះ។ ជន​សង្ស័យ​ដែល​ប្រព្រឹត្តិ​ទង្វើ​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ គឺ​ជា​បង​ថ្លៃ​របស់​ភរិយា​លោក​ស្មៀន​ឃុំ​វ័យ​ក្មេង ដែល​ជា​ជន​រង​គ្រោះ ទាំង​គ្រួសារ (ប្រពន្ធ​ជន​សង្ស័យ និង​ប្រពន្ធ​ជន​រងគ្រោះ ជា​បង​ប្អូន​បង្កើត)។

មូលហេតុ ដែល​​នាំ​ឲ្យ​ជន​សង្ស័យ​សម្លាប់​ជន​រង​គ្រោះ មួយ​គ្រួសារ​នេះ ដោយ​សារ​តែ​រឿង​កេរមរតក និង​ខឹង​ជន​រង​គ្រោះ​ជា​ប្តី មើល​ងាយ​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​លោក​ស្នង​ការ​នគរបាល ខេត្ត​ប៉ៃលិន លោក​ឧត្តមសេនីយ៍ ជា ចាន់ឌិន។ លោក​ស្នង​ការ​បាន​អះអាង​ថា ជន​សង្ស័យ​ឈ្មោះ ឆោម ចំរើន អាយុ​៣២ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កើតហេតុ ជា​មួយ​ជន​រងគ្រោះ​ជា​ប្អូន​ថ្លៃ​ស្រី។ ជន​នេះ​បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង និង​ពុំ​មាន​បក្ខពួក​ផ្សេង​ទៀ​តឡើយ។

ឃាតកម្មដ៏ភ្ញាក់ផ្អើល និងតក់ស្លុតនេះ បានកើតឡើង នៅវេលាម៉ោង១ និង១៥នាទី យប់រំលងអាធ្រាត្រ ឈាន​ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤។ មនុស្សបីនាក់ក្នុងគ្រួសារស្មៀនឃុំសាលាក្រៅ រួមមានប្តី-ប្រពន្ធ ព្រមទាំង​កូនតូចម្នាក់ ត្រូវបានឃាតករ ចាប់ចងផ្អោបគ្នាទុកក្នុងផ្ទះ បន្ទាប់បានចាក់សាំង ដុតកម្ទេចទាំងផ្ទះសម្លាប់ទាំង​មនុស្ស តែម្តង។ ជនរងគ្រោះជាប្តី មានឈ្មោះ ហេង រ៉ាវី អាយុ២៧ឆ្នាំ បំរើការជាស្មៀននៅឯឃុំសាលាក្រៅ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះពីរនាក់ទៀត គឺប្រពន្ធឈ្មោះ ធី ផល្លៃ និងកូនស្រីអាយុ៦ខែ ឈ្មោះ ហេង ម៉េងជូ។ ក្រុមអាជ្ញាធរមូលដ្ឋាន បានធ្វើការសន្និដ្ឋានថា មុននឹងជនរងគ្រោះបានស្លាប់នោះ ជនរងគ្រោះ​ត្រូវបានឃាតករសម្លាប់ ដោយយកខ្សែលួស«ចងក» និងចងផ្អោបគ្នា ទាំងបីនាក់ ប្រពន្ធ និងកូន បន្ទាប់មក ទើប​ឈានទៅដុតផ្ទះ បំផ្លាញទាំងមនុស្ស និងភស្តុតាង។

ប៉ុន្តែបើតាមការបញ្ជាក់របស់លោកស្នងការ ជា ចាន់ឌិន បានបញ្ជាក់ថា ជនសង្ស័យបានបង្ហាញពី​សកម្មភាព​របស់ខ្លួន មានលក្ខណៈខុសពីសេចក្ដីសន្និដ្ឋានខាងលើ ក្នុងគម្រោងការរបស់ខ្លួន ដើម្បីសម្លាប់ផ្ដាប់ពូជ​គ្រួសារ​ប្អូនថ្លៃខ្លួន។ ជនសង្ស័យបានសារភាពថា ខ្លួនបានត្រៀមដែកបំពង់ទីប ដែលយកពីផ្ទះឪពុកក្មេករួចជាស្រេច ដើម្បីទុកវាយជនរងគ្រោះ ហេង រ៉ាវី បន្ទាប់ពីខ្លួនបានកុហក ឲ្យជនរងគ្រោះចុះពីផ្ទះ មកមើល«ពស់វែក»​នៅ​ក្រោមផ្ទះ។ ជនរងគ្រោះ ត្រូវបានវាយចំកញ្ចឹងកពីក្រោយ ដោយដែកបំពង់ទីប បណ្តាលឲ្យសន្លប់ និងដួលផ្កាប់​មុខ។

ជនសង្ស័យ ឆោម ចំរើន បានសារភាពទៀតថា ខ្លួនក៏បានធ្វើដូចគ្នា ទៅលើភរិយាជនរងគ្រោះដែរ មុននឹងយក​ខ្សែភ្លើងមករឹតក ស្លាប់ ទាំង២នាក់។ សម្លាប់តែឪពុកម្ដាយ នៅមិនទាន់អស់ចិត្តនៅឡើយទេ ព្រោះជនសង្ស័យ បានទៅច្របាច់ច្រមុះ និងសង្កត់ដើមទ្រូងកូនស្រីរបស់ជនរងគ្រោះ ដែលទើបនឹងមានអាយុ៦ខែ រហូតស្លាប់​ម្នាក់ទៀត។ បន្ទាប់មក ជនសង្ស័យបានយកជនរងគ្រោះទាំង៣នាក់ ដាក់លើគ្រែ ហើយយកប្រេងម៉ាស៊ូត មួយ​ប៊ីដុងកន្លះ ចាក់អស់មួយប៊ីដុង និងកន្លះប៊ីដុង ដាក់នៅសងខាងផ្ទះ ហើយដុតសម្លាប់ចោល ដើម្បីបំបិត​ភស្តុតាង​។

ការឆ្លើយសារភាពរបស់ជនសង្ស័យ នៅតែបង្កមន្ទិលនៅឡើយ។ នោះដោយសារតែជនល្មើស បានធ្វើ​សកម្ម​ភាព​នៅវេលាយប់ជ្រៅ ហើយផ្ទះជនរងគ្រោះក៏មិនមែននៅដាច់តែឯង គ្មានអ្នកជិតខាងនោះដែរ។ តើគេអាច​ជឿ​បាន​ឬទេ ថាជនល្មើសមកស្រែកហៅជនរងគ្រោះ ឲ្យចុះទៅមើលពស់នៅក្រោមផ្ទះ ដោយគ្មានអ្នកជិត​ខាង​ឮ​នោះ? តែសម្រាប់អាជ្ញាធររបស់ប្រទេសកម្ពុជា តែងយកចម្លើយសារភាពរបស់ជនសង្ស័យ មកធ្វើជាបានការ​សឹង​តែ​នៅ​គ្រប់សំនុំរឿង។

បើតាមការឲ្យដឹង ពីលោកស្នងការដដែល ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ចេញពីស្នងការដ្ឋាន ទើបត្រូវ​នគរបាលបាញ់«ភ្ជុចដី» បណ្តាលឲ្យខ្ទាចដំថ្ម ចំជើងរងរបួស។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិត​ក្រោមការ​ព្យាបាល សួរនាំ និងត្រៀមកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើទោសតាមផ្លូវច្បាប់៕

វីដេអូដែលទាក់ទង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...