តិចសាស៖ ឈ្លោះគ្នាក្នុងហាង ចេញមកបាញ់គ្នានៅខាងក្រៅ ស្លាប់៩នាក់
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 18, 2015
- ប្រធានបទ: បាញ់បោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមបណ្ដាញផ្សព្វផ្សាយ នៅក្នុងតំបន់ បានឲ្យដឹងថា អ្នកបើកម៉ូតូចំនួន៩នាក់ បានស្លាប់។ ស្រង់សម្ដីដោយទូរទស្សន៍ KWTX (ផ្នែកមួយ របស់ទូរទស្សន៍ CBS) នាយនគរបាល លោក ប៉ាទ្រិក ស្វានថុន (Patrick Swanton) បានឲ្យដឹងថា អំពើហិង្សាបានផ្ទុះឡើង រវាងក្រុមអ្នកជិះម៉ូតូបីក្រុម ដែលមិនចុះសម្រុងគ្នា នៅលើចំណតរថយន្ដ នៃភោជនីយដ្ឋានមួយ។
នាយនគរបាលដដែល បានបន្តទៀតថា ដំបូងឡើយ សមាជិកមួយចំនួន របស់ក្រុមទាំងនេះ បានប្រើប្រាស់ត្រឹមតែ កាំភ្លើងគ្រាប់ជ័រ ច្រវ៉ាក់ និងកាំបិតប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ពួកគេបានដកកាំភ្លើង ចេញមករៀងខ្លួន ហើយបានបាញ់សំដៅគ្នា។
នគរបាលក្រុង វ៉ាកូ បានឲ្យដឹងទៀតថា ជម្លោះទំនងជាបានចាប់ផ្ដើម នៅក្នុងភោជនីយដ្ឋាន ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ។ ភ្នាក់ងារនគរបាលមួយរូប បាននៅនឹងកន្លែងកើកតហេតុ ហើយបានឃើញមនុស្សទាំងនោះ បានចេញទៅចំណត់រថយន្ដ របស់មជ្ឈមណ្ឌល Central Texas Market ទីកន្លែងដែលពួកគេបានបាញ់គ្នា រហូតមានស្លាប់មនុស្ស។
បើតាមស្ថានីយទូរទស្សន៍ដដែល បានឲ្យដឹងថា ភ្នាក់ងារនគរបាលជាច្រើននាក់ បានក្លាយជាទិសដៅ «ស៊ីប» របស់ក្រុមខ្មាន់កាំភ្លើង។ ប៉ុន្តែនគរបាល បានអះអាងថា មិនមានកងកម្លាំងណាម្នាក់ បានរងរបួសទេ ហើយនគរបាលបានឡោមព័ន្ធ តំបន់បាញ់ប្រហារគ្នានោះ ជុំជិត និងបានហាមឃាត់បណ្ដាជន មិនឲ្យឆ្លងកាត់។
ទីក្រុង វ៉ាកូ ស្ថិតក្នុងភាគខាងត្បូង នៃរដ្ឋតិចសាស មានបណ្ដាជនរស់នៅ ប្រមាណជា ១២៩០០០នាក់។ ទីក្រុងនេះ ធ្លាប់ល្បីឈ្មោះ ដោយសារបានក្លាយជា ទីលានបង្ក្រាបរបស់កងកម្លាំង FBI ទៅលើសមាជិកសាសនាមួយ កាលពីឆ្នាំ១៩៩៣ ក្រោមបញ្ជា របស់ប្រធានាធិបតី គ្លីនតុន។ ការបង្ក្រាបនោះ បានបញ្ចប់ទៅ ដោយអគ្គីភ័យដ៏សន្ធោសន្ធៅ ឆេះវិហាររបស់ក្រុមសាសនានោះ បង្កឲ្យមានមនុស្សស្លាប់ ៧៤នាក់៕