អាមេរិក៖ ឪពុកបាញ់សម្លាប់កូនស្រីបង្កើតម្នាក់ និងចៅចំនួន៦នាក់
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 21, 2014
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរតំបន់បានថ្លែងឲ្យដឹងថា កុមារដែលមានអាយុពី៣ខែដល់១០ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយជីតារបស់ខ្លួន។ ជនសង្ស័យ មានឈ្មោះថា ដុនឆាល ស្ពីរីត (Don Charles Spirit) អាយុ៥១ឆ្នាំ ជាអ្នកទូរស័ព្ទទៅប្រាប់ផ្នែកអន្តរាគមន៍បន្ទាន់ របស់កងកម្លាំងអាជ្ញាធរ។ ប៉ុន្តែនៅពេល ដែលកងកម្លាំងបានទៅដល់កន្លែងកើតហេតុ បុរសវ័យកណ្ដាលរូបនេះ បានសម្លាប់ខ្លួនបាត់ទៅហើយ។
មេភូមិ លោក រ៉ូប៊ែរ ស៊ូល្ត៍ (Robert Schultz) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិនដែលឃើញឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងទ្រង់ទ្រាយបែបនេះទេ។ នៅក្នុងភូមិដ៏តូចនោះ យើងមានភាពស្រយ៉ុតស្រយ៉ង់យ៉ាងខ្លាំងជាមួយនឹងហេតុការណ៍នេះ។ សមាជិកក្នុងភូមិ សុទ្ធសឹងជាបងប្អូនជាប់សាច់ឈាមគ្នាទាំងអស់។» ប៉ុន្តែដោយការស៊ើបអង្កេតកំពុងដំណើរការធ្វើនៅឡើយ លោក រ៉ូប៊ែរ មិនអាចពន្យល់ប្រាប់ ឲ្យបានលំអិតជាងនេះបានឡើយ។
តាមសារព័ត៌មានក្នុងតំបន់បានរាយការណ៍ឲ្យដឹងថា កាលពីឆ្នាំ២០០១ ជនសង្ស័យធ្លាប់បានសម្លាប់ដោយចៃដន្យ កូនប្រុសរបស់ខ្លួនម្នាក់ ដែលកាលនោះទើបនឹងមានអាយុ៨ឆ្នាំ នៅពេលចេញទៅបរបាញ់សត្វ។ នៅចំពោះតុលាការ ជនសង្ស័យបានទទួលកំហុសរបស់ខ្លួន ប្ដូរនឹងការផ្ដន្ទាទោស ក្នុងកម្រិតស្រាលមួយ។
នេះជាករណីបាញ់សម្លាប់ ដោយប្រើអាវុធថ្មីមួយទៀត ក្នុងចំណោមករណីបាញ់សម្លាប់រាប់មិនអស់ នៅសហរដ្ឋអាមេរិក។ សហព័ន្ធស៊ើបអង្កេតរបស់ប្រទេសនេះ ហៅកាត់ថា អេសប៊ីអាយ (FBI) បានផ្ដល់របាយការណ៍ថា នៅឆ្នាំ២០១១ មនុស្សចំនួនជាង១សែននាក់ ត្រូវបានបាញ់សម្លាប់។ មួយចំនួនធំពីក្នុងចំណោមឧក្រិដ្ឋកម្មទាំងនោះ បានកើតឡើងនៅក្នុងសាលារៀន។
គួររំលឹកដែរពីព្រឹត្តិការណ៍ដ៏រន្ធត់ នៃការបាញ់សម្លាប់មួយកាលពីខែមុន ដោយក្មេងស្រីម្នាក់អាយុ៩ឆ្នាំ បានទៅរៀនបាញ់កាំភ្លើង តែបានរាកៃបែរមកបាញ់សម្លាប់បុរស ដែលកំពុងបង្ហាត់នាង ឲ្យចេះបាញ់កាំភ្លើងនោះទៅវិញ៕