ពរពោះកូនភ្លោះរបស់អ្នកដទៃ ដោយកំហុសគ្រូពេទ្យ
នៅប្រទេសអ៊ីតាលី ស្ត្រីម្នាក់បានពរពោះកូនភ្លោះ របស់អ្នកដទៃ តាំងពីខែធ្នូឆ្នាំទៅម៉ិញមក បន្ទាប់ពីការផ្លាស់ប្ដូរ មេជីវិតគ្នាមួយ ត្រូវបានធ្វើដោយមិនសមប្រកប នៅពេលដែលស្ត្រីរងគ្រោះរូបនេះ បានបណ្ដុះមេជីវិតញី-ឈ្មោលដើម្បីបានពរពោះ ព្រោះតែចង់បានកូន។
គភ៌របស់ស្ត្រីមានផ្ទៃពោះ។ (រូបថត AFP)
វេជ្ជសាស្ត្រ - មណ្ឌលវេជ្ជសាស្ត្រមួយ ស្ថិតក្នុងនៅរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី ដែលជាដើមហេតុនៃការប្រព្រឹត្តិកំហុសដ៏ធ្ងន់ធ្ងរនេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើល របស់ប្រព័ន្ធត្រួតពិនិត្យសុខាភិបាលរបស់ប្រទេស ហើយសកម្មភាពជំនាញរបស់មណ្ឌលសុខភាព ដែលទាក់ទងនឹងការផ្លាស់ប្ដូរមេជីវិត ក៏ត្រូវបានផ្អាកដែរ។ នៅថ្ងៃអាទិត្យទី១៣ ខែមេសាកន្លងមកនេះ ក្រសួងសុខាភិបាល បានបញ្ជូនភ្នាក់ងារអធិការកិច្ច ទៅកាន់មណ្ឌលសុខភាព ដែលមានឈ្មោះថាមន្ទីរពេទ្យ សេនឌ្រូ ពែរនីទី (Sandro Pertini) ដើម្បីស្វែងរកពន្លឺពាក់ព័ន្ធនឹងការប្រព្រឹត្តិកំហុស។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន ឡាស្តាំប៉ា (La Stampa) ក្នុងថ្ងៃដដែល។
កាលពីថ្ងៃទី៤ ខែធ្នូកន្លងទៅ គូរស្នេហ៍ចំនួនបួនគូរ ត្រូវបានមន្ទីរពេទ្យឯកទេសខាងផ្លាស់ប្ដូរមេជីវិតនេះ ធ្វើការដកចេញនិងចាក់បញ្ចូលនូវមេជីវិត ដើម្បីតម្រូវចិត្តរបស់គូរស្នេហ៍ណាមួយ ដែលចង់បានកូន។ ស្ត្រីបីនាក់បានធ្លាក់ខ្លួនមានគភ៌ បន្ទាប់ពីពេលនោះមក។ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលបង្កឲ្យមានកំហុសនេះទេ។ ប៉ុន្តែគេអាចយល់បានថា នោះទំនងជាមានការភ័ន្ដច្រឡំ យ៉ាងហោចណាស់ទៅលើស្ត្រីពីរនាក់ នៅពេលដែលមន្ត្រីជំនាញរបស់មន្ទីរពេទ្យ បានផ្លាស់ប្ដូរមេជីវិត។
ក្រុមគ្រូពេទ្យ ទើបនឹងដឹងរឿងនេះ នៅពេលដែលគេបានធ្វើការវិភាគ«ធាតុផ្សំ» ទៅលើកូនភ្លោះទាំងគូ តែបែរជាមិនត្រូវគ្នានឹង«ធាតុផ្សំ»របស់ឪពុកនិងម្ដាយរបស់ទារកទៅវិញ។ អ្វីដែលគួរឲ្យសោកស្ដាយនោះ គឺគេមិនអាចវិលត្រឡប់ក្រោយវិញបានឡើយ ដោយសារតែកូនភ្លោះទាំងពីរ មានរូបរាងជាទារកពេញលក្ខណៈ នៅក្នុងគភ៌ទៅហើយ។ នៅបស្ចឹមលោក ការរំលូតកូនដែលមានរូបរាងជាទារក ជាឧក្រិដ្ឋកម្មដែលមានទោសធ្ងន់ធ្ងរ ពីបទមនុស្សឃាត។ ស្ត្រីពីរនាក់ផ្សេងទៀត ដែលធ្លាក់ខ្លួនមានគភ៌ដែរនោះ ក៏ត្រូវបញ្ជូនឲ្យទៅធ្វើការវិភាគនេះ ដូចគ្នា ដើម្បីកំណត់ឲ្យច្បាស់ថា មន្ត្រីគ្រូពេទ្យមិនបានធ្វើខុសអ្វីទៀតទេ។
ការប្រព្រឹត្តិកំហុសរបស់ក្រុមគ្រូពេទ្យ បានបង្កឲ្យមានការជជែកគ្នាយ៉ាងផុលផុស នៅក្នុងប្រទេស។ តើនរណាទៅ ជាឪពុកម្ដាយពិតប្រាកដរបស់កូនភ្លោះ ដែលនឹងកើតក្នុងពេលខាងមុខនេះ? គណៈកម្មាធិការស៊ើបអង្កេតមួយ បានធ្វើការកោះប្រជុំជាបន្ទាន់ នៅថ្ងៃច័ន្ទនេះ ដើម្បីលើកឡើងពីបញ្ហាពាក់ព័ន្ធទាំងអស់ ដែលត្រូវដោះស្រាយនៅមុនការចាប់កំណើតរបស់ទារក៕
-------------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤