អាមេរិក៖ ម្ដាយសម្លាប់ទារកខ្លួនឯង ៧នាក់ ក្នុងរយៈពេល ១០ឆ្នាំ
ស្ត្រីអាមេរិកាំងមួយរូប ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះ បានចោទប្រកាន់ចំនួន៦ករណី ពីបទមនុស្សឃាត។ បើតាមអាជ្ញាធរបានឲ្យដឹងថា សាកសពទារកតូចៗចំនួន៧នាក់ ត្រូវបានរកឃើញខ្ចប់នៅក្នុងប្រអប់ក្រដាសតូចៗ រៀបចំទុកនៅក្នុងរោងចំណតរថយន្ដ នៅក្នុងផ្ទះដែលស្ត្រីរូបនេះធ្លាប់រស់នៅ។
លំនៅដ្ឋានដែលនគរបាលចូលទៅឆែកឆេរ និងជនសង្ស័យ(រូបតូច)។ (រូបថត AP)
ឃាតកម្មរន្ធត់ - សហរដ្ឋអាមេរិកមិនសូវជាខ្វះរឿងចម្លែកៗ និងរឿងដែលគួរឲ្យហួសចិត្តដូចនេះទេ។ ជាពិសេសនៅទីក្រុង ផ្លេសេន ហ្គ្រូវ (Pleasant Grove) ទាំងមូល នៅក្នុងរដ្ឋអ៊ុយតា (Utah) ភាគខាងលិចនៃប្រទេសនេះ កំពុងទទួលរងនូវភាពរន្ធត់ចិត្តយ៉ាងខ្លាំង ពីហេតុការណ៍មួយដែលគេទើបនឹងដឹង បន្ទាប់ពីជនប្រព្រឹត្តិបានលាក់រឿងនេះ តាំងពី១០ឆ្នាំមកហើយ។
កាលពីថ្ងៃសៅរ៍ទី១២ ខែមេសានេះ បុរសជាសមាជិកក្នុងគ្រួសារម្នាក់ បានរកឃើញដោយចៃដន្យ នៅពេលដែលបុរសបានចូលទៅរៀបចំ សម្អាតរោងចំណងរថយន្ដ ដែលស្ថិតនៅជាប់ចំហៀងផ្ទះរបស់ជនសង្ស័យ នូវសាកសពគ្មានជីវិតមួយ នៃទារកទើបនឹងកើត។ បន្ទាប់ពីបានរាយការណ៍ប្រាប់អាជ្ញាធររួច ក្រុមនគរបាលបានចូលទៅរកឃើញ សាកសពចំនួន៦នាក់ផ្សេងទៀត ដែលសុទ្ធតែត្រូវបានខ្ចប់ទុកនៅក្នុងប្រអប់ក្រដាស។
ការសង្ស័យពីឃាតកម្ម បានបាញ់ទិសដៅទៅលើស្ត្រីអាយុ៣៩ឆ្នាំ អតីតភរិយារបស់ម្ចាស់ផ្ទះ និងត្រូវជាម្ដាយរបស់កូនស្រីបីនាក់អាយុពី១៣ ទៅ២០ឆ្នាំ រស់នៅក្នុងផ្ទះនោះ។ ស្ត្រីឈ្មោះ ម៉េហ្គាន ហនស្មាន (Megan Huntsman) ជាម្ដាយរូបនេះ ទំនងជាបានលាក់បំបាំង ពីការពរពោះកូនទាំង៧នាក់របស់ខ្លួន ហើយបានសម្លាប់ទារកទាំងនេះដោយការខ្ទប់ដង្ហើម បន្ទាប់ពីបាន់ផ្ដល់កំណើតឲ្យគ្នារួច។
បើតាមការស៊ើបអង្កេតជាលើកដំបូងនេះ ការផ្ដល់កំណើតឲ្យទារកទាំងនេះ បានធ្វើឡើងរវាងពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០០៦។ នគរបាលបាននិយាយថា «យើងអាចកំណត់បានថា ជនសង្ស័យបានឆ្លងទន្លេកើតបានទារក៧នាក់ ហើយទារក៦នាក់ ត្រូវបានសម្លាប់នៅពេលកើតភ្លាមៗ ហើយខ្ចប់នៅក្នុងប្រអប់។ រីឯទារកទី៧ ទំនងជាបានស្លាប់នៅមុនពេលចាប់កំណើត។» អ្វីដែលសំខាន់ អតីតប្ដីរបស់ជនសង្ស័យ មិនបានដឹងថាជនសង្ស័យ នៅពេលនៅជាប្រពន្ធរបស់ខ្លួន មានគភ៌នោះឡើយ។
ការវិភាគ អាដេអ៊ិន (ADN) បានបង្ហាញថា ទារកទាំង៧នាក់ ពិតជាកូនរបស់អតីតស្វាមីរបស់ ម៉េហ្គាន ហនស្មាន។ ប្ដីប្រពន្ធមួយគូនេះ បានលែងលះគ្នានៅឆ្នាំ២០១១ ហើយ ម៉េហ្គាន ហនស្មាន បានចាកចេញពីផ្ទះដែលជាមរតករបស់ឪពុកម្ដាយរបស់ប្ដី។ តាំងពីការចាកចេញរបស់ម្ដាយ គឺកូនស្រីទាំងបីជាអ្នករស់នៅតែឯងនៅក្នុងផ្ទះ។ រីឯប្ដីនិងជាឪពុក ត្រៀមនឹងត្រឡប់មករស់នៅក្នុងផ្ទះវិញ បន្ទាប់ពីបានជាប់ពន្ធនាគារជាច្រើនឆ្នាំ ពីបទជាប់ទាក់ទងនឹងគ្រឿងញៀន៕
-------------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤