អាមេរិក៖ សម្លាប់​អតីត​ស្រី​ស្នេហ៍​របស់​ខ្លួន រួច​«ហុត​ខួរ​ឆៅ»​

សូមជម្រាបជូនជាមុន៖ «កុំអានអត្ថបទនេះ ប្រសិនជាអ្នកមានបញ្ហាខាងអារម្មណ៍»។ បុរសជាតិអាមេរិកាំងមួយរូប ត្រូវ​បាន​ចោទ​ប្រកាន់ ពីបទបានសម្លាប់ស្ត្រីជាគូរស្នេហ៍របស់ខ្លួន និងបានហុតខួរក្បាលរបស់នាង រួចយកគ្រឿងក្នុង របស់​នាង​មួយ​ចំនួន ទៅ​ចំអិន​ថែម​ទៀត។ ទំនងជាស្ថិតនៅក្នុងឥទ្ធិពលថ្នាំស្រវឹង ដែលបានធ្វើឲ្យខ្លួន បែរជាមានចំណូលចិត្ត នឹង​សាច់​មនុស្ស​នោះ បុរស​ម្នាក់​នេះ ធ្លាប់ត្រូវបានផ្ដន្ទាទោសម្ដងហើយ ពីបទប្រព្រឹត្តិឃាតកម្ម។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២១ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 21, 2014
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារឿងរ៉ាវដ៏រន្ធត់ហួសប្រមាណ ថ្មីមួយទៀត។ លោក ចូហ្សេហ្វ អាលប៊ើ អូប៊ើហេនស្លី (Joseph Albert Oberhansley) អាយុ៣៣ឆ្នាំ រស់ក្នុងក្រុង ជើហ្វើសានវីល (Jeffersonville ក្នុងរដ្ឋអ៊ិនឌីយ៉ាណា ភាគកណ្ដាល​ខាងកើតនៃសហរដ្ឋអាមេរិក) ត្រូវបានចោទប្រកាន់ពីបទ បាន​សម្លាប់អតីតគូរកំណាន់របស់ខ្លួន។ ការចោទ​ប្រកាន់នោះ បានបន្ថែមទំងន់ទោសឲ្យបុរសនេះកាន់តែធ្ងន់​ទៀត ពីបទសង្ស័យ ថាបានហុតខួរក្បាល​របស់​នាង និងបានបរិភោគអវៈយវៈខាងក្នុង នៃស្ត្រីស្នេហ៍ នាង តាមី ចូ ប្លេនតុន (Tammy Jo Blanton) ដែល​មាន​អាយុ​៤៦ឆ្នាំ។

សារព័ត៌មាន The Indianapolis star បានរាយការណ៍ឲ្យដឹងថា សំនុំរឿងបានចាប់ផ្ដើម កាលពីថ្ងៃ​ព្រហស្បត្តិ៍​ទី១១ ខែកញ្ញានេះមក។ ស្ត្រីកំណាន់ដ៏អភ័ព បានទូរស័ព្ទហៅកងកម្លាំងនគរបាល ហើយបានរាយការណ៍ថា ចូហ្សេហ្វ ជាអតីតគូរស្នេហ៍របស់ខ្លួន បានព្យាយាមបុកទម្លាយទ្វា ដើម្បីចូលក្នុងផ្ទះ បន្ទាប់ពីនាងបានប្ដូរសោរ​ទ្វា។ ពេល​មកដល់កន្លែងកើតហេតុ កងកម្លាំងនគរបាល គ្រាន់តែបានស្នើសុំឲ្យបុរសនេះ ចាក​ចេញ​ពី​ទី​នោះ​ប៉ុណ្ណោះ តែ​មិន​បាន​គិតថាហេតុការណ៍ នឹងប្រែក្លាយជាធ្ងន់ធ្ងរអ្វីឡើយ។

ប៉ុន្តែ នៅប៉ុន្មានម៉ោងក្រោយមក ចូហ្សេហ្វ បានត្រឡប់មកវិញ ហើយចូលដល់ក្នុងផ្ទះបានសម្រេច ដោយ​ប្រើ​ជើងធាក់ទម្លាយទ្វាខាងក្រោយ។ បន្ទាប់ពីពេលនោះហើយ ដែលឈុតឆាកដ៏រន្ធត់ បានកើតឡើង។ ចូហ្សេហ្វ បានចាក់សម្លាប់អតីតស្ត្រីជាទីស្រឡាញ់របស់ខ្លួន ហើយបានប្រើ«រណារអគ្គិសនី» អារបង្ហើបសន្ទះ​លលាដ៍​ក្បាលរបស់នាង តាមី ដើម្បីដួសខួរក្បាលរបស់នាងមួយចំណែក យកមកហុតទាំងឆៅ។ មិនត្រឹមតែប៉ុណ្ណឹង ចូហ្សេហ្វ បាន​កាប់រាងកាយជនរងគ្រោះ ជាកំណាត់ៗ ហើយបានខ្វេះយកបេះដូង និងសួតរបស់នាង មក​ចំអិន​បរិភោគនោះទៀត។

ដោយសារមិនឃើញស្ត្រីរងគ្រោះទៅធ្វើការ បញ្ហានេះបានបង្កការសង្ស័យដល់នគរបាល មុននឹងចុះមក​រក​នាងដល់ផ្ទះ​ ជាថ្មីទៀត។ តែទិដ្ឋភាពដ៏រន្ធត់នៅក្នុងផ្ទះ បានធ្វើឲ្យភ្នាក់ងារនគរបាល ញាប់ញ័រនិយាយ​លែង​ចេញ​គ្រប់គ្នា។ រាងកាយរបស់ស្ត្រីរងគ្រោះ ត្រូវបានរកឃើញរុំស្រោបដោយស្បោង ដាក់ក្នុងចានងូតទឹក ក្នុង​បន្ទប់ទឹក។ នៅឯផ្ទះបាយឯណោះវិញ នគរបាលបានឃើញមានចាន ដាក់ឆ្អឹងលលាដ៍ និងមានឈាម​ដិត​ដាម​ពាសពេញ។ លោករដ្ឋអាជ្ញា ស្ទេវ ស្តេវ៉ា (Steve Stewart) បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «បន្ទាប់​ពី​បាន​ប្រកប​របរ​ជា​រដ្ឋអាជ្ញា តាំងពីយូរមកហើយ អ្នកឯងប្រហែលជាគិតថា ខ្ញុំធ្លាប់បាន​ឃើញ​រឿង​បែប​នេះ​ពី​មុន។ តែខ្ញុំ​សូម​ជម្រាប​ថា ខ្ញុំមិនដែលឃើញទិដ្ឋភាពអញ្ចឹងទាល់តែសោះ។»

បើទោះជា ចូហ្សេហ្វ បានសារភាពទាំងស្រុង នៅមុខអ្នកស៊ើបអង្កេត បន្ទាប់ពីត្រូវបានឃាត់ខ្លួននោះក៏ដោយ តែនៅចំពោះចៅក្រម ក្នុងសវនាការបថមកាលពីថ្ងៃចន្ទសប្ដាហ៍មុន ចូហ្សេហ្វ បានប្រកែកថា ខ្លួនមិនបានដឹង និងមិនបានយល់ពីអ្វី ដែលប្រព័ន្ធយុត្តិធម៌អាមេរិក កំពុងចោទប្រកាន់មកលើខ្លួននោះទេ។ ម្ដាយរបស់ ចូហ្សេហ្វ បានថ្លែងទុក្ខតាមកញ្ចាក់ទូរទស្សន៍តំបន់ថា នៅពេលកើតហេតុ កូនអ្នកស្រី​ទំនងជាស្ថិត​ក្នុង​ឥទ្ធិពល​ថ្នាំ​ស្រវឹង ដែលបានធ្វើឲ្យកូនប្រុសអ្នកស្រី ហ៊ានប្រព្រឹត្តិនូវទង្វើទាំងអស់នេះ។

ហេតុការណ៍ដ៏ញាប់ញ័រពេញសហរដ្ឋអាមេរិក ត្រូវបានបណ្ដាញសារព័ត៌មាន យកមកវិភាគថា គេគួរតែ​អាច​បញ្ជៀសរឿងនេះបាន ព្រោះ ចូហ្សេហ្វ ធ្លាប់ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ១២ឆ្នាំរួចហើយ ពីបទ​បាន​ធ្វើឃាតលើនារីស្នេហ៍វ័យក្មេងរបស់ខ្លួន កាលពីឆ្នាំ១៩៩៨ បន្ទាប់ពីនាងទើបនឹងប្រសូតបានកូនដំបូង។ នៅ​ឆ្នាំ២០០៣ មួយឆ្នាំក្រោយចេញពីពន្ធនាគារ បុរសម្នាក់នេះត្រូវបានឃាត់ខ្លួនជាថ្មីទៀត ពីបទបានច្របាច់ក​មនុស្សម្នាក់។ នៅពេលនោះ ប្រាក់បង់រំលោះខ្លួន មានចំនួន២ម៉ឺន៥ពាន់ដុល្លារ តែចៅក្រមមួយរូប ដែលមិន​បានពិនិត្យឲ្យដិតដល់ នូវអតីតកាលរបស់ចូហ្សេហ្វ បានសម្រេចបញ្ចុះនៅត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ ហើយ​បានដោះលែងបុរស ឲ្យរួចខ្លួនរហូតមក។ រហូតមក... លុះត្រាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយទៀត បាន​កើត​ឡើង​នៅ​ពេល​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...