លាក់កាំភ្លើងខ្លីក្នុងចន្លោះកំប៉េះគូថ ទុកបាញ់នគរបាល នៅអាមេរិក
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនសង្ស័យមួយរូប ត្រូវបានឃាត់ខ្លួន ដោយក្រុមនគរបាល់ទីក្រុង ដេនវ័រ (Denver) សហរដ្ឋអាមេរិក ទាក់ទងនឹងសំនុំរឿងមួយ នៃការរំលោភលើច្បាប់ប្រើប្រាស់អាវុធ។ ប៉ុន្តែ នៅពេលមកដល់ស្នងការនគរបាល បើទោះជាបុរសនេះ ត្រូវបានឆែកឆេរយ៉ាងម៉ត់ចត់ មុននឹងឲ្យចូលទៅក្នុងការិយាល័យនគរបាលក៏ដោយ តែបុរសនេះ បានធ្វើឲ្យកងកម្លាំងនគរបាលជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត ដោយបានដកយកកាំភ្លើងខ្លី ដ៏តូចមួយដើម ដែលគាត់បានលាក់ទុកនៅក្នុងកំប៉េះគូថ ចេញមក។
ប្រភេទអាវុធ រវ៉ុលវ៉ែ កាលីព ២៥ ដែលជនសង្ស័យលាក់ក្នុងចន្លោះកំប៉េះគូថ។ (រូបថតនគរបាល)
ពីនេះពីនោះ - កងកម្លាំងនគរបាល របស់ប្រទេសមហាអំណាចខ្លាំងជាងគេនៅលើពិភពលោក តែងបានជួបជាញឹកញាប់ នូវរឿងមិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើល។ ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ នៅទីក្រុង ដេនវ័រ ក្នុងរដ្ឋកូឡូរ៉ាដូ (Colorado) ផ្នែកកណ្ដាលភាគ ខាងលិចនៃសហរដ្ឋអាមេរិក តែទើបនឹងត្រូវបានទម្លាយឲ្យដឹង នៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។
នៅថ្ងៃនោះ ភ្នាក់ងារនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យមួយរូប ទាក់ទងនឹងសំនុំរឿងការប្រើប្រាស់អាវុធខុសច្បាប់ ប៉ុន្តែជននោះទំនងជាកំពុងញៀនថ្នាំ។
ដោយសារតែជនសង្ស័យរូបនេះ ត្រូវបានស្គាល់ដោយនគរបាលរួចហើយ នៅក្នុងដីការឃាត់ខ្លួនមួយ ទាក់ទងនឹងសំនុំរឿងដូចគ្នានេះ ទើបកងកម្លាំងនគរបាលទាំងអស់ មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងទៅលើជននេះ ហើយបានធ្វើការឆែកឆេរលើខ្លួនយ៉ាងម៉ត់ចត់។ បន្ទាប់ពីបានឆែកឆេររួច នគរបាលបានរកឃើញ នៅក្នុងខ្លួនបុរសនេះ នូវកាំបិតមួយ នឹងខ្សៀសម្រាប់ជក់ថ្នាំមួយទៀត។
ប៉ុន្តែក្រុមនគរបាលទាំងនោះ ទំនងជាមិនសូវស្គាល់ជំនាញខាងលាក់អាវុធ របស់ជនសង្ស័យនេះ ឲ្យបានច្រើននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ជនស្រវឹងគ្រឿងញៀននេះ បានស្រែកព្រមាននៅក្នុងរថយន្ដនគរបាល ពេលនាំខ្លួនទៅកាន់ស្នងការ នូវប្រយោគជាច្រើន ដូចយ៉ាង៖ «អញមានរបស់ផ្សេងទៀត ឲ្យហ្អែង» «ហ្អែងគួតែពាក់អាវការពារទៅ» ឬ«អញនឹងបង្ក្រាបពួកហ្អែង»ជាដើម។ តែដឹងអី ...ការព្រមានទាំងនេះ បានកើតមានឡើង«មែន» នៅពេលបន្ដិចក្រោយមក។
មកដល់ស្នងការនគរបាល បុរសល្មើស បានដកកាំភ្លើងរវ៉ុលវ៉ែ ធុនកាលីព២៥ ពីចន្លោះកំប៉េះគូថរបស់ខ្លួន ហើយបានបាញ់ចេញពីរគ្រាប់ សំដៅក្រុមនគរបាល បណ្ដាលឲ្យរបួសត្រង់ពោះម្នាក់។ ជាសំណាងល្អ កាំភ្លើងនោះ បាញ់មិនចេញគ្រាប់បន្តទៅទៀត បង្កឱកាសឲ្យនគរបាលធ្វើការបង្ក្រាបបានជាថ្មី។ ហួសចិត្តដោយសារក្រុមខ្លួនឆែកអាវុធ ពីបុរសនេះមិនអស់ ទើបធ្វើការរាវលើខ្លួនប្រាណបុរសនេះជាលើកទីពីរ ក៏ស្រាប់តែបានរកឃើញបន្ថែម នូវគ្រឿងញៀនចំនួនបីកញ្ចប់ទៀត លាក់ទុកក្នុង«ប្រហោងគូថ»។
ជនសង្ស័យដ៏អស្ចារ្យមកដល់ថ្ងៃនេះ ត្រូវបានជាប់ចោទ ក្នុងបទល្មើសថ្មីមួយទៀត នោះគឺ«ប៉ងធ្វើឃាតកម្ម ដោយមានការគ្រោងទុកមុន» ហើយនឹងត្រូវប្រឈមនឹងសវនាការកាត់ក្ដី ក្នុងពេលខាងមុខ៕