នៅពេលដែល ស្វារ៉េស ក្លាយជា«វីរៈបុរសជាតិ» ដោយការ«ខាំ» ...
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៩ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាន់តែជាការ«ខាំ»មួយប៉ុណ្ណោះ ប៉ុន្តែកីឡាករ ល្វី ស្វារ៉េស (Luis Suárez) កំពុងតែក្លាយខ្លួនទៅជា«វីរៈបុរស»ជាតិ នៃប្រទេសអ៊ុយរ៉ាហ្គាយ។ បន្ទាប់ពីទណ្ឌកម្ម របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) ប្រកាសដាក់ទៅលើកីឡាកររួចមក នៅពេលនេះ បណ្ដាញផ្សព្វផ្សាយ បូករួមទាំងថ្នាក់ដឹកនាំនយោបាយគ្រប់ជាន់ថ្នាក់ នៅក្នុងប្រទេសនេះ បានប្រកាសគាំទ្រកីឡាករ ដោយពួកគេបានយល់ថា ហេតុការណ៍ជុំវិញការ«ខាំ»នេះ បានកើតឡើងនៅពីក្រោយ«កលល្បិច»មួយ។
ក្រុមអ្នកគាំទ្រ បានយករបាំងមុខ ស្វារ៉េស មកពាក់។ (រូបថត Reuters)
បាល់ទាត់ពិភពលោក - នៅនឹងទំព័រមុខនៃសារព័ត៌មានអ៊ុយរ៉ាហ្គាយ La República បានសង្ខេបឡើងវិញ នូវមនោសញ្ចេតនា ដែលកាសែតនានានៅក្នុងប្រទេសនេះ បានចុះផ្សាយ បន្ទាប់ពីការប្រកាសទណ្ឌកម្ម របស់ហ្វីហ្វា ទៅលើកីឡាករ ល្វី ស្វារ៉េស។ កីឡាករខ្សែប្រយុទ្ធរូបនេះ ត្រូវបានហ្វីហ្វា ហាមឃាត់មិនឲ្យចូលប្រកួតចំនួន៩លើក និងហាមមិនឲ្យទាក់ទង ក្នុងសកម្មភាពបាល់ទាត់ចំនួន៤ខែ បន្ទាប់ពីស្ថាប័នបាល់ទាត់ដ៏កំពូលរបស់ពិភពលោក រកឃើញថា កីឡាករពិតជាបានប្រើធ្មេញរបស់ខ្លួន ធ្វើការវាយប្រហារទៅលើកីឡាករគូប្រជែង ជ័រជ ឈៀលីនី (Giorgio Chiellini) នៅក្នុងជំនួបប្រកួតរវាងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ និងក្រុមអ៊ីតាលី កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងមក។
សារព័ត៌មាន Montevideo បានយករូបភាពរបស់កីឡាករមកដាក់នៅទំព័រមុខ ជាមួយនឹងចំណងជើងថា៖ «ពួកអង់គ្លេស និងពួកអ៊ីតាលី បានឆ្កាងសម្លាប់ ស្វារ៉េស»។ មិនខុសប៉ុន្មានពីសារព័ត៌មានធំៗផ្សេងទៀត នៅក្នុងប្រទេសដែរ សារព័ត៌មានមួយនេះ បានចោទប្រកាន់ក្រុមបាល់ទាត់ប្រទេសទាំងពីរ ដែលជាគូរប្រជែងរបស់ក្រុមអ៊ុយរ៉ាហ្គាយនោះ ថាបានគាបសង្កត់លើ ហ្វីហ្វា ដើម្បីឲ្យដាក់ទណ្ឌកម្មលើ ស្វារ៉េស។ «ជាទណ្ឌកម្ម ដែលមានសភាពធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក»។
នៅក្នុងរបាយការណ៍លំអិតមួយ ស្ដីពីសំនុំរឿងនេះ សារព័ត៌មានដដែលបានស្រង់សម្ដីអគ្គលេខា សហព័ន្ធបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយ បានសរសេរថា៖ «មានចរន្ដឃុបឃិតគ្នា រវាងពួកអង់គ្លេស និងអ៊ីតាលី ដើម្បីប្រឆាំងនឹង ល្វី ស្វារ៉េស។ ហើយរឿងនេះ មិនមានការសង្ស័យទេ ដែលមានជាប់ទាក់ទងនឹងការជម្រុះក្រុមអ៊ីតាលី ចេញពីវគ្គជម្រុះដំបូងនោះ»។
សារព័ត៌មានមួយទៀត ឈ្មោះ El País ក៏បានបញ្ជាក់ប្រហាក់ប្រហែលគ្នានេះដែរថា ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស និងអ៊ីតាលី សុទ្ធតែបានបាញ់សំដៅលើ ស្វារ៉េស ហើយគឺពួកគេទាំងនេះហើយ ដែលបានធ្វើសេចក្ដីសម្រេចចិត្តដាក់ទណ្ឌកម្ម និងមិនមែន ហ្វីហ្វា នោះទេ។ សម្រាប់សារព័ត៌មាននេះ កីឡាករខ្សែប្រយុទ្ធរបស់ខ្លួន បានរងគ្រោះនឹងយុទ្ធនាការរបស់ក្រុមជនបរទេស ដែលពោរពេញទៅដោយគំនិតឈ្នានីស និងភាពស្អប់ខ្ពើម ដើម្បីគោលបំណងតែមួយគត់ នោះគឺប្រមាញ់ ស្វារ៉េស ចេញឲ្យបាត់។
ចំណែកសារព័ត៌មាន La República បានផ្ដល់វេទិការទៅឲ្យក្រុមគណបក្សនយោបាយ នៅក្នុងប្រទេសអ៊ុយរ៉ាហ្គាយ ដើម្បីបកស្រាយការគាំទ្ររបស់ពួកគេ ទៅកាន់កីឡាករ ស្វារ៉េស។ ជាពិសេសប្រធានាធិបតីនៃប្រទេសនេះ ដែលជំនួសមុខឲ្យពលរដ្ឋ អ៊ុយរ៉ាហ្គាយ រាប់សិបពាន់នាក់ផ្សេងទៀត ដែលចង់មកទទួល ស្វារ៉េស ដល់ព្រលានយន្ដហោះ នៅពេលដែលកីឡាកររូបនេះ ត្រឡប់មកដល់ប្រទេសវិញ។ ប្រធានាធិបតី លោក ចូហ្សេ មូជីកា (José Mujica) ដែលអះអាងថា មិនបានឃើញ ស្វារ៉េស ខាំនរណាម្នាក់នោះ ក៏បានជឿជាក់ដែរថា ពិតជាមាននូវយុទ្ធនាការប្រឆាំង នឹងកីឡាករដ៏ល្បីរបស់ខ្លួន។ លោកបានថ្លែងថា៖ «យើងបានទម្លាក់ក្រុមអ៊ីតាលី និងក្រុមអង់គ្លេស។ ពួកគេខាតបង់ ប្រាក់កាសសម្បើមណាស់»។
អ្នកវិភាគល្បីៗមួយចំនួន ប្រចាំឲ្យសារព័ត៌មានទាំងនោះ ថែមទាំងបាននិយាយចូលជ្រៅបន្ថែមទៀត ដូចជាបានរំលឹកថា ពួកអង់គ្លេស បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ទាំងគួរឲ្យខ្មាសអៀន កាលពីឆ្នាំ១៩៦៦ជាដើម។ ប្រតិកម្មប្រឆាំងអ៊ីតាលី និងអង់គ្លេស ក៏មានយ៉ាងសន្ធឹកសន្ធាប់ដែរ នៅតាមបណ្ដាញសង្គម។ អ្នកគាំទ្រកីឡាករជាច្រើន បានអំពាវនាវឲ្យធ្វើបាតុកម្ម ... ដែលហេតុការណ៍ទាំងនេះបង្កើតឲ្យមានការព្រួយបារម្ភ ដល់អាជ្ញាធររដ្ឋាភិបាលក្រុង ម៉ុងតេវីដេអូ រហូតដល់បានបញ្ជូនកងកម្លាំងរក្សាសន្ដិសុខជាច្រើននាក់ នៅឈរយាមប្រចាំការ នៅខាងមុខស្ថានទូតនៃប្រទេសទាំងពីរទៀតផង៕