បាល់ទាត់​ពិភពលោក៖ ម៉ិចស៊ិច​ជិត​ឡើង​វគ្គ​បន្ទាប់​ពី​យក​ឈ្នះ​កូរ៉េ

បន្ទាប់ពីបានយកឈ្នះក្រុម អាល្លឺម៉ង់ ដ៏គួរឲ្យភ្ញាក់ផ្អើល ក្រុមជម្រើសជាតិ ម៉ិចសិក បានអះអាងជាថ្មី ពីថ្វីជើងរបស់ខ្លួន ដោយយកជ័យជំនះ ២-១ លើក្រុម កូរ៉េខាងត្បូង នៅល្ងាចថ្ងៃសៅរ៍នេះ។ ជ័យជំនះជាថ្មីនេះ បានផ្ដល់៣ពិន្ទុឲ្យក្រុម ម៉ិចសិក ដើម្បីបោះជំហាន ឡើងទៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ដោយត្រូវរង់ចាំមើលការប្រកួត រវាងក្រុម អាល្លឺម៉ង់ និង ស៊ុយអែដ ក្នុងយប់នេះសិន។
បាល់ទាត់​ពិភពលោក៖ ម៉ិចស៊ិច​ជិត​ឡើង​វគ្គ​បន្ទាប់​ពី​យក​ឈ្នះ​កូរ៉េ
កីឡាករ «Javier Hernández» (រូបចំពីមុខ) រីករាយគ្រាប់បាល់របស់ខ្លួន ដែលរកបាន សម្រាប់ជ័យជំនះ របស់ក្រុម ម៉ិចសិក។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 24, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់ទីមួយ របស់ក្រុម ម៉ិចសិក ជាបាល់ពិន័យ ១១ម៉ែត្រ ទាត់ដោយកីឡាករ «Carlos Vela» នៅនាទីទី ២៦។ អាជ្ញាកណ្ដាល បានផ្លុំកញ្ចែរពិន័យក្រុម កូរ៉េខាងត្បូង បន្ទាប់ពីខ្សែការពារកូរ៉េ កីឡាករ «Hyun-soo Jang» បានផ្ដួលខ្លួនទប់បាល់ តែដៃកីឡាកររូបនេះ មិនបានផ្ដួលទៅជាមួយទេ បណ្ដាលឲ្យប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់។

រីឯគ្រាប់បាល់ទីពីរ រកបានដោយកីឡាករ «Javier Hernández» ហៅ «Chicharito» នៅនាទីទី ៦៦ ដោយទទួលការបញ្ជូនបាល់យ៉ាងប្រពៃ ឡើងមកលើ ដោយកីឡាករ «Hirving Lozano»។

សម្រាប់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង វិញ បានប្រឹងប្រែងវាយលុក ទៅលើក្រុម ម៉ិចសិក ជាច្រើនដង។ ប៉ុន្តែកង្វះប្រសិទ្ធិភាព នៅក្នុងការទាត់បញ្ចូលទី ពីសំណាក់ខ្សែប្រយុទ្ធកូរ៉េ មិនបានហុចផ្លែផ្កា សម្រាប់ក្រុមបាល់ទាត់ មកទ្វីបអាស៊ីខាងកើត រកគ្រាប់បាល់ ដើម្បីតថ្លៃសំបុត្រឆ្លងវគ្គ ឡើងទៅទាត់នៅវគ្គខាងលើនោះឡើយ។ បណ្ដាអ្នកគាំទ្រ ត្រូវរង់ចាំរហូត​ដល់នាទី​ចុងក្រោយ (នាទីទី ៩០+៣) ទើបខ្សែប្រយុទ្ធកូរ៉េ កីឡាករ «SON Heungmin» រកគ្រាប់បាល់ បានមួយគ្រាប់មកវិញ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម កូរ៉េខាងត្បូង និងក្រុម ម៉ិចសិក៖

ក្រុម ម៉ិចសិក រកបានបីពិន្ទុបន្ថែម ចេញពីលទ្ធផលជោគជ័យរបស់ខ្លួន ក្នុងការប្រកួតនេះ តែមិនទាន់ដឹងពិតថា ខ្លួនត្រូវឡើងទៅវគ្គ ១ភាគ៨ផ្ដាច់ព្រ័ត្រ ជាផ្លូវការ ឬក៏ត្រូវរង់ចាំសិននោះទេ ដោយត្រូវរង់ចាំលទ្ធផល ចេញពីការប្រកួតរវាងក្រុម អាល្លឺម៉ង់ និងក្រុម ស៊ុយអែដ យប់នេះសិន។ បើក្រុម ស៊ុយអែដ ប្រកួតឈ្នះ ឬស្មើ ជាមួយក្រុម អាល្លឺម៉ង់ នោះក្រុម ម៉ិចសិក នឹងទទួលបានសំបុត្រឆ្លងវគ្គ ជាផ្លូវការ។ តែបើក្រុម អាល្លឺម៉ង់ ប្រកួតឈ្នះក្រុម ស៊ុយអែដ វិញ ក្រុម ម៉ិចសិក ត្រូវរង់ចាំលទ្ធផល ចេញពីប្រកួតនៅជុំចុងក្រោយ (ជុំទីបី) ដើម្បីដឹងពីជោគវាសនារបស់ខ្លួន។

ចំពោះក្រុម កូរ៉េខាងត្បូង ក៏ត្រូវរង់ចាំលទ្ធផល ចេញពីការប្រកួតរវាងក្រុមបាល់ទាត់ នៃប្រទេសអ៊ឺរ៉ុបទាំងពីរដែរ។ ក្រុមជម្រើសជាតិកូរ៉េ នឹងត្រូវហាលអាវជាស្ថាពរ បើក្រុម ស៊ុយអែដ ប្រកួតឈ្នះ ឬស្មើ ក្រុម អាល្លឺម៉ង់។ តែបើក្រុម អាល្លឺម៉ង់ ឈ្នះ ក្រុម ស៊យអែដ នោះ ក្រុមកូរ៉េខាងត្បូង នៅមានសង្ឃឹមតូចមួយទៀត ដែលចេញពីលទ្ធផល នៃការប្រកួតជុំចុងក្រោយ នៅថ្ងៃពុធខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...