អ៊ឺរ៉ូ២០១៦៖ អៀរឡង់-ស៊ុយអែត ប្រកួតបើកក្រុម E មិនឈ្នះមិនចាញ់
- ដោយ: ដ. កែវ អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 19, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺក្រុមជម្រើសជាតិអៀរឡង់ ជាអ្នករកគ្រាប់បាល់បានមុន នៅក្នុងការប្រកួតបើកឆាក ប្រចាំពូល E នៅក្នុងកីឡាដ្ឋាន «Stade de France» នៃក្រុងសាំងដឺនី (Saint-Denis) ជាប់ខាងជើងរដ្ឋធានីប៉ារីស កាលពីថ្ងៃចន្ទទី១៣ ខែមិថុនានេះ។
ប៉ុន្តែក្រុមអៀរឡង់ ត្រូវរង់ចាំរហូតដល់ពាក់កណ្ដាលម៉ោងទី២ បើទោះជាក្រុមនេះមានប្រៀប លើក្រុមស៊ុយអែដ និងមានឱកាស ទាត់បញ្ចូលទីជាច្រើនដង នៅក្នុងពាក់កណ្ដាលម៉ោងដំបូងក៏ដោយ។ នៅនាទីទី៤៨ កីឡាករខ្សែប្រយុទ្ធ «Hoolahan» បានទទួលបាល់ពីកីឡាករ «Coleman» ហើយបានទាត់ភ្លាមៗ ធ្វើឲ្យអ្នកចាំទីរបស់ស៊ុយអែដ គ្មានពេលនឹងមើលពីទិសដៅ របស់បាល់មួយគ្រាប់នេះឡើយ។
ប៉ុន្តែក៏ដោយសារកីឡាករ «Clark» ខ្សែការពាររបស់អៀរឡង់ដែរ ដែលជាអ្នកយកក្បាលបុកបាល់ បញ្ចូលទៅក្នុងទីខ្លួនឯង បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធល្បីឈ្មោះ «Ibrahimovic» របស់ស៊ុយអែដ បានបញ្ជូនបាល់ មកពីស្លាបខាងឆ្វេង ធ្វើឲ្យក្រុមស៊ុយអែដ រកបានពិន្ទុ១ទល់នឹង១ វិញនៅនាទីទី៧១។
យ៉ាងណា ស្ថានភាពគ្រប់គ្រង និងបញ្ជូនបាល់ ទាក់ទងនឹងការវាយលុក របស់ក្រុមអៀរឡង់ មានសភាពខ្លាំងក្លាជាងក្រុមស៊ុយអែដ។ កីឡាកររួមក្រុម របស់កីឡាករខ្សែប្រយុទ្ធស៊ុយអែដ «Ibrahimovic» ត្រូវការពេលវេលាច្រើនជ្រុល មុននឹងបញ្ចេញបាល់ពីជើង របស់កីឡាករម្នាក់ៗ។ ជាពិសេស បើទោះជាខ្លួនត្រូវបាននាំមុខ ដោយគ្រាប់បាល់មួយគ្រាប់ របស់ក្រុមអៀរឡង់ក៏ដោយ តែក្រុមស៊ុយអែដ នៅតែគ្មានប្រតិកម្មអ្វីខ្លាំង ឬមិនបានបង្កគ្រោះថ្នាក់ណាមួយ ដល់ខ្សែការពាររបស់ក្រុមអៀរឡង់។ ចន្លោះវាយលុកប៉ុន្មានដង របស់ក្រុមស៊ុយអែដនោះ មិនមានលទ្ធផលអ្វីជាដុំកំភួនទាល់តែសោះ។
ជាលទ្ធផលចុងក្រោយ ក្រុមទាំងពីរទទួលបានមួយពិន្ទុដូចគ្នា ហើយត្រូវរង់ចាំការប្រកួត រវាងក្រុមប៊ែលហ្សិក និងក្រុមអ៊ីតាលី នៅយប់នេះ ដើម្បីដឹងពីលទ្ធផលនៃជុំទីមួយ សម្រាប់ពូល E នៅក្នុងវគ្គជម្រុះ។
» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖