គឺ ស្វារ៉េស កីឡាករ​លីវើភូល​របស់​អង់គ្លេស ជា​អ្នក​ទាត់​ពន្លិច​អង់គ្លេស !

បន្ទាប់ពីបានត្រឡប់ចូលមកទាត់វិញ ក្រោយពីខកខានព្រោះរបួសនោះមក ល្វី ស្វារ៉េស (Luis Suarez) ដូចដឹងមុន បានបង្កសុភមង្គល ឲ្យក្រុមបាល់ទាត់អ៊ុយរ៉េហ្គាយ វាយបំបាក់ក្រុមអង់គ្លេស ក្នុងពិន្ទុ ២-១។ ជារឿងដ៏អស្ចារ្យមួយ ព្រោះ ស្វារ៉េស ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព លីវើភូល របស់អង់គ្លេស បែរជាក្លាយជាមនុស្សតែម្នាក់គត់ ដែល​បានទាត់ពន្លិចក្រុមជម្រើសជាតិអង់គ្លេស សឹងតែនឹងលិចលង់ស្លាប់បាត់ ជាស្ថាពរ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានត្រឡប់ចូលមកទាត់វិញ ក្រោយពីខកខានព្រោះរបួសនោះមក ល្វី ស្វារ៉េស (Luis Suarez) ដូចដឹងមុន បានបង្កសុភមង្គល ឲ្យក្រុមបាល់ទាត់អ៊ុយរ៉េហ្គាយ វាយបំបាក់ក្រុមអង់គ្លេស ក្នុងពិន្ទុ ២-១។ ជារឿងដ៏អស្ចារ្យមួយ ព្រោះ ស្វារ៉េស ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព លីវើភូល របស់អង់គ្លេស បែរជាក្លាយជាមនុស្សតែម្នាក់គត់ ដែល​បានទាត់ពន្លិចក្រុមជម្រើសជាតិអង់គ្លេស សឹងតែនឹងលិចលង់ស្លាប់បាត់ ជាស្ថាពរ។


ក្ដីសប្បាយរីករាយរបស់កីឡាករ ស្វារ់េស បន្ទាប់ពីបានទាត់ចូលទីរបស់អង់គ្លេស។ (រូបថត fifa)

បាល់ទាត់ពិភពលោក - ពីក្នុងចំណោមកីឡាករ ដែលទាត់ឲ្យក្រុមបាល់ទាត់អាជីព លីវើភូល ដែលមានចំនួនដល់​ទៅ​៦នាក់ ក្នុងយប់ជួបប្រកួតអ៊ុយរ៉េហ្គាយ ជាមួយអង់គ្លេស ថ្ងៃទី១៩ ខែមិថុនានេះ កីឡាករតែម្នាក់គត់​ដែលយក​ជ័យជំនះ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួនបាន នោះគឺកីឡាករ ល្វី ស្វារ៉េស នេះតែម្ដង។

បន្ទាប់ពីបានជាស្បើយពីរបួស ហើយបានចូលមកក្នុងក្រុមជម្រើសជាតិវិញ ដើម្បីជួបជាមួយនឹងក្រុមអង់គ្លេសនោះ ស្វារ៉េស មិនបានធ្វើឲ្យអ្នកតាមដានរបស់ខ្លួន ខកបំណងឡើយ។ កីឡាករអាយុ២៧ឆ្នាំរូបនេះ បានរកគ្រាប់បាល់​យ៉ាង​«ស្អាត»ឲ្យក្រុមអ៊ុយរ៉េហ្គាយ ដល់ទៅពីរគ្រាប់ បន្ទាប់ពីគ្រាប់ដំបូងត្រូវបានក្រុមអង់គ្លេសតាមទាន់មកវិញ ដោយ​កីឡាករ​ដែលទាត់ឲ្យក្រុមមេសឆឺស្ទើរ យូណាយធីត វេន រូណី (Wayne Rooney)។ គ្រាប់បាល់ទីពីរ របស់ ស្វារ៉េស នៅចុងបញ្ចប់ម៉ោង ហាក់ដូចជាបានពន្លិចអង់គ្លេសទាំងមូល ដាក់ទៅក្នុងក្ដាមឈ្ឈូស ត្រៀមដឹកត្រឡប់​មកប្រទេស​វិញរួចជាស្រេច។

តើស្វារ៉េស បានផ្លាស់ប្ដូរអ្វីខ្លះ?

សឹងតែទាំងអស់។ នៅរាល់ពេលវាយសម្រុក របស់ក្រុមអ៊ុយរ៉េហ្គាយ គេឃើញមានវត្តមានរបស់ស្វារ៉េស។ មាន ស្វារ៉េស ឱកាសនៃការវាយសម្រុកក៏មានច្រើនដែរ។ ជាពិសេស គេត្រូវប្រយ័ត្ននៅពេលមានបាល់ មកនៅនឹងជើង ឬមកនៅនឹងក្បាល របស់កីឡាកររូបនេះ ព្រោះនៅពេលនោះ វានឹងក្លាយជា«គ្រោះថ្នាក់»ដ៏ធំមួយ សម្រាប់ក្រុម​គូរ​ប្រជែង។

នៅចំពោះជ័យជំនះរបស់ក្រុមអ៊ុយរ៉េហ្គាយ គ្រូបង្វឹករបស់ក្រុមអង់គ្លេស លោក រ៉យ ហូដសុន (Roy Hodgson) បាន​ទទួលស្គាល់ថា ល្វី ស្វារ៉េស ជាកីឡាករដែលមានទេពកោសល្យដ៏«កំពូល» ហើយថាកីឡាករបែបនេះ នឹងមិនទុក​ឱកាសរបស់ខ្លួនកន្លងផុតឡើយ។ លោកបាននិយាយថា៖ «គ្រាប់ទីមួយ ដែលយើងបានទទួល ដោយសារយើងទុក​ចន្លោះប្រហោង។ រីឯគ្រាប់ទីពីរ យើងពិតជាគ្មានសំណាងទេ។» ប៉ុន្តែលោក ហូដសុន បាននិយាយថាគ្រាប់បាល់ របស់ស្វារ៉េស នោះ ជាគ្រាប់បាល់តាមបែបក្រុមលីវើភូលរបស់អង់គ្លេស ១០០%។

គួររំលឹកថា ការប្រកួតលើកមុន រវាងក្រុមអ៊ូយរ៉េហ្គាយ និងក្រុមកូស្តារីកា កីឡាករ ស្វារ៉េស មិនបានចូលប្រកួតទេ ហើយបានអង្គុយមើលក្រុមរបស់ខ្លួន រងការវាយសម្លាប់ពីក្រុមគូរប្រជែង ក្នុងពិន្ទុ ៣-១។ ប៉ុន្តែនៅចំពោះក្រុមអង់គ្លេស វត្តមានរបស់កីឡាកររូបនេះ  បានធ្វើឲ្យគេយល់កាន់តែច្បាស់ថា ទេពកោសល្យដ៏«កំពូល»របស់កីឡាករ ដូចយ៉ាង ស្វារ៉េស ពិតជាអាចប្ដូរ«វាសនា» របស់ក្រុមបាន៕


ស្វារ៉េស (ខាងស្តាំ) មកអង្អែលក្បាលលួងចិត្ត កីឡាករអង់គ្លេស ស្តេវិន ជៀរ៉ា ដែលជាប្រធានក្រុមនៅក្រុមលីវើភូល ជាមួយខ្លួន។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...