ខ្សែប្រយុទ្ធសង្គ្រោះអ្នកចាំទីពីគ្រោះត្រឡប់អណ្ដាត ពេលកំពុងប្រកួត
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៧ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 28, 2017
- ប្រធានបទ: វីរកីឡាករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលានោះ ការប្រកួតបានដើរ មកដល់នាទីទី២៩ហើយ រវាងក្រុម «Bohemians» និងក្រុម «Slovacko» ក្នុងក្របខណ្ឌប្រកួតបូកពិន្ទុ ដណ្ដើមជើងឯកធំជាងគេ នៅក្នុងប្រទេសឆែក កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងមកនេះ។ ខ្សែប្រយុទ្ធរបស់ក្រុម «Slovacko» គឺកីឡាករអន្តរជាតិ មកពីប្រទេសតូហ្គោ ឈ្មោះ «Francis Koné» បានរត់តាមបាល់ ប្រជែងជាមួយនឹងខ្សែរការពាររបស់ក្រុម «Bohemians»។ ខណៈនោះ កីឡាករចាំទីរបស់ក្រុម «Bohemians» ឈ្មោះ «Martin Berkovec» បានរត់ចេញមកធ្វើអន្តរាគមន៍ ដើម្បីទះបាល់ ឲ្យចេញឆ្ងាយ ពីតំបន់គ្រោះថ្នាក់។
តែការចេញមកសង្គ្រោះបាល់ របស់កីឡាករចាំទី បានបុកជាទម្ងន់ ជាមួយនឹងខ្សែការពារ ដែលជាកីឡាកររួមក្រុម។ ហេតុការណ៍នេះ បានបណ្ដាលឲ្យអ្នកចាំទីរូបនេះ ទទួលរងនូវអាការៈយ៉ាងទាន់ហន់មួយ ដែលអាចនឹងត្រឡប់លេបអណ្ដាត ចូលទៅក្នុង ហើយអាចធ្វើឲ្យខក់ និងថប់ដង្ហើម។
កីឡាករ «Francis Koné» ដែលបានឃើញអាការៈនេះ មិនបានបង្អង់យូរ ក្នុងការជួយកីឡាករគូប្រកួតរបស់ខ្លួន សូម្បីមួយវិនាទីឡើយ (សូមទស្សនាវីដេអូខាងក្រោម)។ ខ្សែប្រយុទ្ធជាតិតូហ្គោរូបនេះ បានចាប់បើកមាត់កីឡាករ «Martin Berkovec» នឹងចាប់ទាញអណ្ដាតមកវិញ មុននឹងកីឡាករក្នុងក្រុម «Bohemians» ផ្សេងទៀត បានស្ទុះចូលមកជួយ បង្វិលខ្លួនកីឡាកររងគ្រោះ ដាក់ឲ្យគេងចំហៀងវិញ។
កីឡាករខ្សែប្រយុទ្ធ បានថ្លែងឡើងនៅក្រោយការប្រកួតថា ហេតុការណ៍របៀបនេះ បានកើតឡើងចំពោះខ្លួន ជាលើកទីបួនហើយ។ លោកបានថ្លែងឡើងថា៖ «លើកនេះ ជាលើកទីបួនហើយ សម្រាប់ខ្លួនខ្ញុំ។ លើកទីមួយ នៅក្នុងប្រទេសថៃ ពីរដងនៅក្នុងទ្វីបអាហ្វ្រិក ហើយយប់នេះ ជាលើកចុងក្រោយគេ។ និយាយទៅ ខ្ញុំតែងតែសង្កេតមើលថា តើរាល់កីឡាករទាំងអស់ ដែលរងគ្រោះនៅក្នុងការប្រកួត មានអាការៈលេបអណ្ដាតដូច្នេះ ឬអត់។»។
ជាការសង្កេត និងភាពរហ័សដៃជើង ដែលធ្វើឲ្យអ្នកដឹងពីហេតុការណ៍ខាងលើ អត់ទ្រាំមិនជញ្ជក់មាត់សរសើរមិនបាន។ ថ្លែងពីមន្ទីរពេទ្យ ដែលខ្លួនកំពុងសម្រាកព្យាបាល កីឡាករ «Martin Berkovec» បានពោលពាក្យអរគុណ ទៅកីឡាករ «Francis Koné» ដែលបានជួយសង្គ្រោះជីវិតខ្លួន ហើយទទួលស្គាល់ថា បើគ្មានកិច្ចអន្តរាគមន៍ភ្លាមៗ ពីមិត្តរួមអាជីពរូបនេះទេ ស្ថានភាពរងគ្រោះរបស់ខ្លួន អាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ៕