«កុំឲ្យនរណាផ្សេង ថើបមាត់ទារករបស់អ្នក!»
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 25, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី ក្លែរ អេនដឺសុន (Claire Henderson) អ្នកម្ដាយវ័យក្មេងមួយរូប ដែលកំពុងនឹកស្ដាយក្រោយ បានបង្ហោះសារ«ព្រមាន»មួយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីប្រាប់ដល់ម្ដាយឪពុក របស់ទារកដទៃទៀត ឲ្យធ្វើការហាមប្រាម កុំឲ្យនរណាម្នាក់ផ្សេង ក្រៅពីមនុស្សនៅក្នុងគ្រួសារ អោបថើបកូនខ្ចីរបស់ខ្លួន។
កូនរបស់នាង ទារិកា ប្រូគី (Brooke) បានចូលទៅសម្រាកពេទ្យ តាំងពី៥ថ្ងៃមកហើយ (បើគិតទៅនឹងថ្ងៃ ដែលនាងបានបង្ហោះសារ នៅលើហ្វេសប៊ុក) ដោយសារអាការៈពងបែក រោលរាលនៅលើផ្ទៃមុខ បំពង់ករ និងនៅលើបបូរមាត់។ នាងតូចបានរងគ្រោះ ដោយសារមេរោគ អ៊ែរប៉េស (herpès simplex ឬគ្រុនពងបែក) ដែលអាចធ្វើឲ្យកុមារី ប្រូគី មានគ្រោះថ្នាក់ធ្ងន់ធ្ងរ (ដល់ជីវិត) បើព្យាបាលមិនទាន់។
រស់នៅក្នុងក្រុង «Doncaster» នៃចក្រភពអង់គ្លេស អ្នកស្រីបានពន្យល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គ្រប់មនុស្ស ដែលបានចាប់កូនរបស់នាង យកទៅអោបថើបនោះ សុទ្ធតែមនុស្សស្អាតល្អ មិនមែនមើលពីខាងក្រៅ ជាអ្នកស្មោគរោគនោះឡើយ។ អ្នកស្រីបានសរសេរថា៖ «វាហាក់ដូចជាចង់មានការភ្ញាក់ផ្អើល នៅចំពោះសាររបស់ខ្ញុំ។ ប៉ុន្តែ ប្រូគី បានស្ថិតក្នុងការសង្គ្រោះ ដោយការបន្តោងសេរ៉ូម អស់រយៈពេល៥ថ្ងៃ។ កូនស្រីខ្ញុំ ពិតជាមានសំណាងណាស់។»
«សូមកុំទុកឲ្យនរណាម្នាក់ អោបថើបកូនខ្ចីរបស់អ្នក ពីលើមាត់ឲ្យសោះ បើទោះជាមនុស្សនោះ គ្មានរោគសញ្ញាអ្វីក៏ដោយ។ មនុស្សប្រមាណជា ៨៥% មានផ្ទុកមេរោគប្រភេទនេះ។» នេះជាបទពិសោធន៍ ដែលអ្នកស្រី ក្លែរ ថ្លែងទៅកាន់ឪពុកម្ដាយទាំងឡាយ ក្នុងលោក។
សូមរំលឹកជូនថា ជំងឺគ្រុនពងបែក ចម្លងតាមការរស់នៅកខ្វក់ និងការប៉ះពាល់តាមមាត់។ ទារកទើបនឹងកើត ដែលមានអង្គការពារប្រាណ នៅខ្សោយនោះ ងាយនឹងរងគ្រោះ ព្រោះមេរោគគ្រុនពងបែក ជាទីបំផុត។ មេរោគនេះ អាចសំងំនៅស្ងៀម មិនមានចេញអាការៈអ្វី នៅក្នុងខ្លួនមនុស្ស ក្នុងរយៈពេលរាប់សិបឆ្នាំ មុននឹងផ្ទុះរោគសញ្ញា នៅថ្ងៃណាមួយ។ នៅពេលដែលមនុស្សណាម្នាក់ បានធ្លាក់ខ្លួនឈឺជំងឺនេះ នៅពេលនោះ គេពិបាកក្នុងការព្យាបាលវា ឲ្យជាសះណាស់ ឬអ្នកជំងឺអាចស្លាប់តែម្ដង៕