ទៅថ្ងៃអនាគ តើ«Galactic Cap»ជាស្រោមអនាម័យបែបថ្មីឬ? (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៥ ខែមិថុនា ២០១៤
- កែប្រែចុងក្រោយ: June 05, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អស់លោកប្រុសៗ នឹងច្បាស់ជាសប្បាយចិត្តណាស់ ជាមួយនឹងសម្ភារៈការពារ ឆ្នៃប្រឌិតថ្មីមួយ ដែលនឹងដាក់ឲ្យធ្វើពាណិជ្ជកម្ម ក្នុងពេលខាងមុខ។ ប្រដាប់ការពារ មានឈ្មោះហៅថា «Galactic Cap» ដែលអ្នកផងហៅថា ជា«ស្រោមអនាម័យ»នោះ ទើបនឹងត្រូវបានបង្ហាញ កាលពីដើមខែមិថុនានេះ ដោយអ្នកបង្កើតរបស់វាមួយរូបនៅអាមេរិក ដែលសង្ឃឹមយ៉ាងខ្លាំងថា នេះជារូបរាងថ្មីនៃស្រោមអនាម័យ សម្រាប់ថ្ងៃមុខ។
រូបនារីម្នាក់ កាន់ស្រោមអានាម័យប្រភេទចាស់។ (រូបថត ឯកសារ)
ស្រោមអនាម័យ - អ្នកបង្កើតគំនិត មកពីរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក លោក ឆាលី ផាវ័រ (Charlie Powell) ទើបនឹងដាក់បង្ហាញនូវស្រោមអនាម័យមួយប្រភេទ តូចជាងគេតែស្រួលប្រើផ្ដល់ផាលសុខភាព ដែលអ្នកបង្កើតឆ្នៃមូដ រូបនេះ ហៅថាជា«កំពូលគំនិតបង្កើតថ្មី» ប្រចាំសតវត្សទី២១។
ស្រោម ហ្គាឡាស៊ី ខាប (Galactic Cap) នេះ មានពីរផ្នែក៖ ផ្នែកទីមួយ មានរាងជាព្យញ្ជនៈ U សម្រាប់បិទជាប់នឹងសាច់ និងផ្នែកមួយទៀត សម្រាប់បិទពីលើ ដើម្បីទទួលទឹកកាម។ លក្ខណៈពិសេសរបស់វា៖ នៅពេលដែលអ្នកប្រើប្រាស់បានផ្គុំវារួចរាល់ហើយនោះ វាមិនបានគ្របឲ្យជិតទាំងស្រុង ពីខាងក្រៅប្រដាប់ភេទនោះទេ ប៉ុន្តែគ្រាន់បិទនៅចុងខាងមុខ តែបន្តិចប៉ុណ្ណោះ។ លោកអ្នកអាចទស្សនាវីដេអូ នៅខាងក្រោម ស្ដីពីរបៀបដាក់ប្រើប្រាស់ ស្រោមអនាម័យសម្រាប់អនាគតនេះ។
គំនិតដែលបង្កើតស្រោមអនាម័យប្រភេទថ្មី គ្មានអ្វីក្រៅពីចង់រក្សាទុកឲ្យបានច្រើនបំផុត នូវភាពស្រណុកសុខស្រួល ដោយបានប្រដាប់ភេទទាំងមូល អាចប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងប្រដាប់ភេទរបស់ដៃគូខ្លួននោះទេ។ ការប៉ះពាល់ដោយផ្ទាល់ អាចឲ្យអ្នកប្រើប្រាស់ស្រោម មានសេចក្ដីស្រណុកសុខស្រួល បានច្រើនជាងពាក់ស្រោម ដែលស្រោបលើប្រដាប់ភេទទាំងមូល។
តើស្រោមអនាម័យនេះ ពិតជាការពារការរួមភេទ មិនឲ្យឆ្លងជំងឺមែនឬ?
អ្នកបង្កើតស្រោមនេះ បានធានាថា បើទោះជាស្រោមបានធ្វើឡើង ក្នុងរូបរាងតូចយ៉ាងនេះក៏ដោយ តែមិនមានន័យថាវាមិនសូវមានប្រសិទ្ធិភាព ខាងការការពារ«រោគសង្គម» នោះឡើយ។ លោក ឆាលី ផាវ័រ និយាយថា «ជាស្រោមដែលធានាបាន នូវការការពារនេះខ្លាំងជាងគេបំផុត។ ស្រោមអនាម័យជំនាន់មុនៗ មានហនិភ័យពី១៥ ទៅ១៨ភាគរយ។ ចំណែក ហ្គាឡាទិក ខាប មិនមានហនិភ័យនោះទេ។»
ប៉ុន្តែស្រោមនេះ នៅមិនទាន់បានទទួល ការយល់ព្រមពីទីភ្នាក់ងារអាមេរិកាំង (FDA) ដែលត្រួតពីនិត្យលើចំណីអាហារ និងគ្រឿងញៀននោះនៅឡើយ។ មូលហេតុដែលសំខាន់នោះ មកពីជំងឺសង្គមជាច្រើន អាចធ្វើការចម្លងដោយគ្រាន់តែប៉ះសាច់គ្នាប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ ដែលបង្ហាញពីស្រោមនេះដូចតទៅ៖