ផ្ទះបនពេស្យាបម្រើសេវាដោយកូនក្រមុំជ័រ បានបើកទ្វានៅប៉ារីស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មីនា ២០១៨
- កែប្រែចុងក្រោយ: March 23, 2018
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាលើកទីមួយ ក្នុងប្រទេសបារាំង... ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលមិនតិចដែរ។
សមាជិកក្រុមប្រឹក្សារដ្ឋធានីប៉ារីស ជាច្រើន ជាពិសេសសមាជិក មកពីគណបក្សឆ្វេងនិយមជ្រុល របស់ប្រទេសបារាំង បានជំទាស់នឹងការបើកទ្វា នៃផ្ទះបនពេស្យា «បែបថ្មី» មួយ ដែលផ្ដល់សេវាកម្មផ្លូវភេទ ដោយតុក្កតា ឬកូនក្រមុំ ធ្វើពីជ័រស៊ីលីកូន (Silicone)។ ផ្ទះបនមួយនេះ បានបើកទ្វា កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងមក ដើម្បីទទួលអតិថិជនរបស់ខ្លួន ក្នុងការចូលទៅនែបនិត្យ ជាមួយនាងៗ ដែលធ្វើពីជ័រស៊ីលីកូន និងដែលមានរូបរាងស្អាតៗ ដូចមនុស្សពិតៗ។
ផ្ទះបននោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន «Xdolls» ហើយត្រូវបានបើកធ្វើអាជីវកម្ម ក្នុងអាគារដ៏ស្ងាត់កំបាំងមួយ ដែលស្ថិតនៅសង្កាត់ទី១៤ នៃរដ្ឋធានីប៉ារីស។ នៅក្នុងក្រដាសស្នាម សុំការអនុញ្ញាតធ្វើអាជីវកម្ម មិនបានបញ្ជាក់ថា ទីនោះគឺជា«ផ្ទះបន»ទេ តែគ្រាន់តែជា«ហាងលេងល្បែង (Game Room)»មួយប៉ុណ្ណោះ។
សម្រាប់ក្រុមសមាជិក្រុមប្រឹក្សារដ្ឋធានី មកពីគណបក្សរណសិរ្យឆ្វេងនិយម (Front de Gauche) បានគិតថា ការបើក«ហាងលេងល្បែង»ដ៏«ចម្លែក»នេះ «បានបង្វិលអត្ថន័យដើម នៃច្បាប់ ដើម្បីផ្ដល់សេវា ទៅឲ្យអតិថិជន នៅក្នុងទីកន្លែងមួយ ដែលមានលក្ខណៈ ជាបនពេស្យាកម្ម ជាមួយនឹងស្ត្រីពេស្យា ដែលធ្វើពីជ័រស៊ីលីកូន»។
ក្រុមអ្នកជាប់ឆ្នោតទាំងនោះ មានគម្រោងស្នើសុំ ទៅរដ្ឋបាលនៃរដ្ឋធានីប៉ារីស ក្នុងសប្ដាហ៍នេះ ដើម្បី«សិក្សាពីនីតិវិធី» ក្នុងជំហានទៅបិទហាងលេងល្បែង«ពិសេស»នេះចោលវិញ។ លោក «Nicolas Bonnet-Oulald» ប្រធានក្រុម នៃបណ្ដាសមាជិកក្រុមប្រឹក្សារដ្ឋធានី មកពីគណបក្សខាងលើ បានថ្លែងឡើងថា៖ «កូនក្រមុំជ័រ ដែលត្រូវបានជួល គិតជាម៉ោងទាំងនោះ បានធ្វើឲ្យអាម៉ាស ដល់រូបភាពរបស់ស្ត្រី និងមានបញ្ចេញសម្លេង [ថ្ងូរ] ដែលអាចធ្វើឲ្យកើនឡើង នូវការចាប់រំលោភ»។
ប៉ុន្តែអភិបាលរដ្ឋធានី អ្នកស្រី «Anne Hidalgo» ហាក់បង្ហាញជំហរ មិនសូវខ្វល់ខ្វាយ ពីករណីនេះទេ។ លោក «Eric Azière» ប្រធានក្រុម នៃបណ្ដាសមាជិកក្រុមប្រឹក្សារដ្ឋធានី ដែលមានសម្លេងភាគច្រើន បានថ្លែងបរិហារគម្រោង របស់បណ្ដាសមាជិកក្រុមប្រឹក្សា មកពីគណបក្សប្រឆាំងខាងលើ ដោយពោលឡើងថា៖ «បំណងចង់ហាមឃាត់ ការធ្វើអាជីវកម្មមួយ ដែលទាក់ទង នឹងផ្លូវភេទ ក៏ដូចជាសេរីភាព នៃពលរដ្ឋគ្រប់អាយុ ដោយមានការព្រមព្រៀង រវាងគ្នាដូច្នេះ ជាអំពើខុសច្បាប់»៕