ថៃបានបង្ក្រាបរួចហើយ មេរោគបង្កជំងឺចំលែក អង់តេរ៉ូវីរុស EV-71
កាសែតប្រចាំថ្ងៃរបស់ថៃ បាងកកប៉ុស្ដិ៍ (Bangkok Post) បានរាយការណ៍ កាលពីថ្ងៃទី១០កក្កដានេះថា កុមារថៃប្រហែលជា ១២នាក់ បានធ្លាក់ខ្លួនឈឺនឹងជំងឺ «ជើង-ដៃ-មាត់» ក្នុងអំឡុងខែមិថុនានេះ តែមិនមានកុមារណាម្នាក់ មានវាសនាអាក្រក់ ដូចកុមារខ្មែរឡើយ។ លោកវេជ្ជបណ្ឌិត ផនថេប ស៊ិរិវ៉ាណារានសន (Pornthep Siriwanarangsan) ប្រធានផ្នែកឃ្លាំមើល រោគរាតត្បាត បាននិយាយប្រាប់កាសែតនេះថា «វាមានរោគសញ្ញាដូចគ្នា ទៅនឹងអ្វីដែលបានកើត ទៅលើកុមារនៅកម្ពុជា។ ដើម្បីការពារ កុំអោយមានការឆ្លង រវាងពីកុមារម្នាក់ ទៅកុមារម្នាក់ទៀត យើងត្រូវទុកអោយកុមារដែលមានជំងឺ នៅដាច់ដោយឡែកពី កុមារដែលគ្មានជំងឺ រហូតទាល់តែកុមារដែលឈឺ ជាសះស្បើយ។»
ក្រសួងសុខភាពសាធារណៈរបស់ថៃ បានប្រកាសអាសន្នទៅគ្រប់ ការិយាល័យសុខាភិបាល នៅតាមខេត្រខ័ណ្ឌនានា ក្នុងប្រទេស ហើយថាបានធ្វើការយ៉ាងជិតស្និតជាមួយ ក្រសួងសុខាភិបាលខ្មែរ ដើម្បីឃ្លាំមើលការរីករាលដាល នៃជំងឺនេះ ហើយបានចាត់ទុកថា ជំងឺនេះ ជាជំងឺធម្មតាមួយ អាចបង្រាបបានដោយស្រួល បើគេគ្រាន់តែពិនិត្យ ទៅលើលក្ខខ័ណ្ឌ អានាម័យ។ ការិយាល័យសុខាភិបាលសំខាន់ៗ នៅតាមខេត្រនានា ក្នុងប្រទេសថៃ ជាពិសេសតំបន់ ដែលនៅជាប់នឹង ព្រំដែនកម្ពុជា បានចាត់វិធានការ ត្រួតពិនិត្យយ៉ាងល្អិតល្អន់មួយ នៅតាមសាលារៀន និងមជ្ឈមណ្ឌល ប្រមូលផ្ដុំកុមារ ទាំងឡាយ ដើម្បីទប់ទល់នឹងជំងឺនេះ។
កុមាររងគ្រោះ នៅកម្ពុជា មានចំនួនច្រើនជាងគេ
អ្នកស្និត នឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត ស៊ូរាវិត ខនស៊ុមប៊ុន (Surawit Khonsomboon) បានលើក ឡើងថា «ក្រុមមេរោគដែលរកឃើញនៅកម្ពុជា ប្រហែលមានសភាពគ្រោះថា្នក់ខ្លាំងជាង។» លោកវេជ្ជបណ្ឌិត ក៏បានលើក ពីតួលេខ របស់កុមារដែលបានឈឺជំងឺនេះ នៅប្រទេសថៃ ថាមានចំនួនរហូតដល់ ១០ ៨១៣ ករណី ចន្លោះពីខែមករា មកខែមិថុនា ដែលចំនួននេះ កើនពីរដងលើសកាលពីឆ្នាំ ២០១១ នៅក្នុងរយះពេលប្រហាក់ប្រហែលគ្នា។
ចំណែកឯប្រទេសវៀតណាមវិញ ក៏បានបង្ហើបអោយដឹង ពីការស្លាប់របស់កុមារ ដែលបានឈឺជំងឺនេះ ប្រមាណជា ជាង១០នាក់ កាលខែមិថុនាកន្លងទៅនេះដែរ។
រីឯនៅឆ្នាំ២០០៨ ក្នុងពេលដ៏ខ្លីមួយ មេរោគ អង់តេរ៉ូវីរុស EV 71 នេះ ត្រូវបានគេរកឃើញ ថាបានសម្លាប់កុមារ នៅប្រទេសចិន ប្រមាណជា ២០នាក់ ក្នុងចំណោមកុមារជាង ២ ០០០នាក់ ដែលបានធ្លាក់ខ្លួនឈឺ។ កាលនេះ អង្គការសុខភាពពិភពលោក បានពន្យល់ថា ការចំលងមានភាពងាយស្រួល ជាមួយនឹងអនាម័យដ៏កខ្វក់ និងការរស់នៅជាមួយគ្នា ពពាក់ពពូនច្រើននាក់ ពេក នៅក្នុងប្រទេសចិន។
នៅកម្ពុជា បញ្ហាអាចចោទ មកពីការប្រើប្រាស់ថ្នាំ ដោយគ្មានវេជ្ជបញ្ជា
មានការជជែកវែកញែកមួយ បានកើតឡើងយ៉ាងតឹងតែង រវាង មន្ទីពេទ្យគុន្ធបុប្ផា និងអង្គការសុខភាពពិភពលោក ដែល និយាយ ពីការកំណត់អត្តសញ្ញាណ របស់ជំងឺនេះ។ នាយកដ្ឋានរបស់មន្ទីពេទ្យ បានសង្ស័យ ពីការប្រកាសខុសខ្លះ ដែល បានអោយដឹង ថាមានករណីបណ្ដាលមកពី ប្រតិកម្មថ្នាំដែលកុមាររងគ្រោះបានប្រើប្រាស់ មុនមកដល់មន្ទីពេទ្យ។ អ្នកទទួលខុសត្រូវរបស់មន្ទីពេទ្យ បានអះអាងពីមរណភាពរបស់កុមារ ដល់ទៅ ៦៤នាក់ ដោយគ្រាន់តែនៅក្នុងគ្រឹះស្ថាន គុន្ធបុប្ផា នេះមួយប៉ុណ្ណោះ ដែលខុសពី ការចង់អោយដឹងលឺជាផ្លូវការ ហើយផ្អៀងចេញពីការពិត របស់អង្គការសុខភាពពិភពលោក ថាមានតែ ៥៦នាក់នោះ ។
លោកវេជ្ជបណ្ឌិត ជនជាតិស្វីស ប៊េត រីស្ន័រ (Beat Richner) អ្នកបង្កើតមន្ទីពេទ្យ គុន្ធបុប្ផា បាននិយាយថា «គ្រប់កុមារ ទាំងអស់ មានអាការះរបៀប ដូចជារលាកស្រោមខួរ។ តែនៅរៀងរាល់ពេល ចុងបញ្ចប់នៃជីវិតរបស់ក្មេងទាំងនោះ មានរោគ សញ្ញាខ្លាំងមួយទៀត បានចេញមក ហើយបានកំទេចផ្នែកសន្ទះដង្ហើម ដែលមាននៅក្នុងសួតកុមារ។ ដោយសារតែអញ្ចឹង ហើយ ទើបកុមារបានស្លាប់។» លោកបានបន្ថែមថា «យើងបានគិតពី រោគសញ្ញា ដែលបណ្ដាលមកពីវីរ៉ុស ឬជាប្រតិកម្ម អ្វីមួយ ឬក៏អាចមកពី រឿងទាំងពីនេះរួមគ្នា។»
ជីវវិទូម្នាក់ ប្រចាំនៅមន្ទីពេទ្យគុន្ធបុប្ផានេះ ឈ្មោះ ដឺនីស ឡូរ៉ង់ (Denis Laurent) បានលើកពីមូលហេតុមួយទៀត ដែលអាច បណ្ដាល អោយមានគ្រោះថ្នាក់ដល់ជីវិតនោះ គឺការភ្ជាប់បញ្ហាមេរោគនេះ ទៅនឹងប្រតិកម្មថ្នាំពេទ្យ ឬសារជាតិគីមីណាមួយ។ លោកបានរៀបរាប់ឡើងវិញថា «គ្រប់កុមារដែលបានស្លាប់ទៅនោះ សុទ្ធតែបានលេបថ្នាំពេទ្យ មុននឹងមកដល់មន្ទីពេទ្យ។ ក្មេងស្រីម្នាក់ដែល បានរស់រានមានជីវិត គឺយើងបានដឹងថា នាងមិនបានលេបអ្វីទាំងអស់។ នៅប្រទេសកម្ពុជា វាជាបញ្ហា មួយដ៏ធំមួយ ដែលបណ្ដាជន ចេះតែប្រើប្រាស់ថ្នាំពេទ្យ ដោយគ្មានវេជ្ជបញ្ជា។ បណ្ដាជនក្រីក្រទាំងឡាយ បានទិញថ្នាំពេទ្យ ដែលភាគច្រើនជាថ្នាំក្លែងក្លាយ ហើយគ្មានកញ្ចប់ ឬផ្លាកអ្វីអះអាងនោះ។ វាហេតុធ្វើអោយ ក្រុមគ្រូពេទ្យមានការពិបាក នឹងដឹងថា តើអ្នកជំងឺ បានលេបបញ្ចូលអ្វីខ្លះ៕»