កម្ពុជា៖ ផ្ដាសាយបក្សីបានសម្លាប់មនុស្សបួននាក់ទៀត នៅដើមឆ្នាំនេះ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រកាសពីករណីជម្ងឺផ្ដាសាយបក្សី ចំនួនបួនទៀត ថាត្រូវបានឆ្លងទៅលើមនុស្ស ដោយមេរោគ ប្រភេទ អា (A ឬ H5N1)។ ការបង្ការ និងការស្រាវជ្រាវបន្ត ពីជម្ងឺផ្ដាសាយ ត្រូវបានធ្វើភ្លាមៗ ទៅលើបុគ្គលិកពេទ្យដែលមានទំនាក់ទំនងផ្ទាល់ ជាមួយអ្នកជំងឺទាំងនេះ។ រហូតមកទល់ឥឡូវនេះ មិនមានចំណោទណាផ្សេង ស្ដីពីការចម្លង ត្រូវបានគេរកឃើញពីការរុករកមេរោគ ឃើញលទ្ធផលជាវិជ្ជមាននោះទេ។
សត្វស្លាបសមុទ្រ។ MONOROOM.info Photo/ D.KEO
ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា កុមារខ្មែរពីរនាក់ ក្នុងនោះទារកម្នាក់អាយុ១៧ខែ និងក្មេងស្រីម្នាក់អាយុ ៩ឆ្នាំ បានស្លាប់នឹងជម្ងឺផ្ដាសាយបក្សីនេះ កាលពីថ្ងៃច័ន្ទ ដែលធ្វើអោយចំនួនអ្នកស្លាប់ បានកើនឡើងដល់ទៅបួននាក់ នៅកម្ពុជា ក្នុងអំឡុងមួយខែនៃដើមឆ្នាំ២០១៣នេះ។
លោកវេជ្ជបណ្ឌិត ដឺនីស ឡូរ៉ង់ (Denis Laurent) នាយករងមន្ទីពេទ្យគន្ធបុប្ផា បានថ្លែងប្រាប់ទីភ្នាក់ងារស៊ីនហួរថា មានក្មេងស្រីពីរនាក់ មកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងក្មេងស្រីម្នាក់ទៀត មកពីស្រុកទឹកឈូ ក្នុងខេត្តកំពត បានផ្ទុកមេរោគដ៏អកុសលនេះ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្មេងស្រីពីរនាក់ បានស្លាប់នៅថ្ងៃច័ន្ទនេះ នៅក្រោយពេលទទួលការព្យាបាលពីមន្ទីរបស់លោក ក្នុងរាជធានីភ្នំពេញ។
កាលពីសប្ដាហ៍មុន ក្រសួងសុខាភិបាលបានប្រកាសរួចម្ដងហើយ ថាមានករណីចំនួនបីនៃជម្ងឺនេះ ហើយអ្នកជម្ងឺលើករណីចំនួនពីរបានស្លាប់។ មានទារកតែម្នាក់គត់ មានអាយុ៨ខែ មកពីខ័ណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ ពីក្នុងចំណោមប្រាំករណីខាងលើ ដែលនៅរួចរស់ មានអាយុជីវិតមកទល់នឹងសព្វថ្ងៃ។
អ្នកជម្ងឺ ដែលបានរងគ្រោះដោយសារមេរោគ នៃជម្ងឺផ្ដាសាយដ៏សាហាវ ប្រភេទ អា (A ឬ H5N1) ទាំងនេះ ត្រូវបានអះអាងដោយវិទ្យាស្ថានប៉ាស្ទ័រ ក្នុងរាជធានីភ្នំពេញ។ នេះបើតាម អង្គការសុខភាពពិភពលោក (OMS)។ ក្រុមការងារធ្វើអន្តរាគម រហ័សថ្នាក់ជាតិ និងប្រចាំតំបន់នានា បានដឹកនាំការស៊ើបអង្កេតមួយ ពីហេតុការណ៍ចំលងអស់ទាំងនេះ និងចាត់វិធានការ ដើម្បីដាក់អោយអនុវត្តន៍ថ្នាក់ជាតិ។
យ៉ាងហោចណាស់ មនុស្សចំនួន២៣នាក់បានស្លាប់បាត់បង់ជីវិត ដោយសារអាការះនៃជម្ងឺនេះ គិតចាប់តាំងពីឆ្នាំ២០០៣មកក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំង ជាខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេទាំងអស់ ក្នុងចំណោមខេត្ត ដែលប៉ះពាល់ដទៃទៀតនៃព្រះរាជាណាចក្រ។
សូមបញ្ជាក់ថា មេរោគនៃជម្ងឺផ្ដាសាយបក្សី ជាភ្នាក់ងារចម្លង ពីសត្វស្លាប មកមនុស្សតែប៉ុណ្ណោះ។ តែអ្នកវិទ្យាសាស្ត្របានបារម្ភថា នឹងអាចមានការបន្លែងខ្លួន របស់មេរោគH5N1 នេះនៅថ្ងៃណាមួយ ហើយវានឹងបង្កអោយមានការចម្លង ពីមនុស្សទៅមនុស្ស និងអាចប្រែក្លាយជាជម្ងឺឆ្លងយ៉ាងសាហាវ នៅពេលនោះ។ ចំណោទដែលត្រូវដោះស្រាយ គឺត្រូវបង្កើតអោយបានលឿនជាទីបំផុត នូវវ៉ាក់ស៊ាំងបង្កាមួយ ប្រឆាំងនឹងមេរោគប្រភេទថ្មីនេះ បើទោះជាបច្ចុប្បន្ន វានៅមិនទាន់លេច ជារូបរាងនៅឡើយក៏ដោយ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ