ចិន៖ រក​ឃើញ​ករណី​ជម្ងឺ​ផ្ដាសាយ​បក្សី​«ដំបូង​គេ» កើត​នៅ​ប៉េកាំង

អាជ្ញាធរសុខភាពចិន បានប្រកាសនៅថ្ងៃសៅរ៍នេះ ថាក្មេងស្រីម្នាក់អាយុ៧ឆ្នាំ រស់នៅទីក្រុងប៉េកាំង បានផ្ទុកមេរោគ​ផ្ដាសាយបក្សី ដែលមានឈ្មោះជាអក្សរកាត់ថា H7N9។ ជាករណីប្រកាសជាផ្លូវការ លើកដំបូងគេបង្អស់ ដែលបាន​កើត​នៅក្នុងរដ្ឋធានី ខណៈដែលជម្ងឺនេះ បានកើតមានទៅលើបណ្ដាជនជាង ៤០នាក់រួចទៅហើយ នៅប៉ែកខាងកើតនៃ​ប្រទេស។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធរសុខភាពចិន បានប្រកាសនៅថ្ងៃសៅរ៍នេះ ថាក្មេងស្រីម្នាក់អាយុ៧ឆ្នាំ រស់នៅទីក្រុងប៉េកាំង បានផ្ទុកមេរោគ​ផ្ដាសាយ​បក្សី ដែលមានឈ្មោះជាអក្សរកាត់ថា H7N9។ ជាករណីប្រកាសជាផ្លូវការ លើកដំបូងគេបង្អស់ ដែលបាន​កើត​នៅ​ក្នុង​រដ្ឋធានី ខណៈដែលជម្ងឺនេះ បានកើតមានទៅលើបណ្ដាជនជាង ៤០នាក់រួចទៅហើយ នៅប៉ែកខាងកើតនៃ​ប្រទេស។


កសិដ្ឋានចិញ្ចឹមសត្វស្លាបមួយ នៅក្បែរទីក្រុងសៀងហៃ ប្រទេសចិន។

មេរោគ H7N9 នៃជម្ងឺផ្ដាសាយបក្សី ដែលរហូតមកដល់ពេលនេះ ចម្លងត្រឹមតែពីសត្វមកមនុស្សនេះ បានកើតមានទៅ​លើ​មនុស្សជាង៤០នាក់រួចមកហើយ នៅផ្នែកខាងកើតនៃប្រទេសចិន ជាពិសេសនៅទីក្រុងសៀងហៃ និងនៅតំបន់ជុំវិញ។ រីឯករណីទីមួយ ដែលទើបនឹងកើតនៅក្នុងរដ្ឋធានីនៃប្រទេស បានបង្ហាញពីសញ្ញានៃការរីករាលដាល របស់មេរោគនេះ ដ៏គួរអោយព្រួយបារម្ភ។

តុល្យភាពចុងក្រោយ ផ្ដល់ដោយអាជ្ញាធរចិន បានអោយដឹងថា មនុស្ស១១នាក់ស្លាប់ នឹងជម្ងឺនេះ។ ទីក្រុងសៀហៃ ដែល​ជាទីក្រុងសេដ្ឋកិច្ចរបស់ចិន បានចាត់វិធានការដ៏ខ្លាំងសម្បើមជាច្រើន ដើម្បីកំណត់ពីដែនសីមា និងបោសសំអាត តំបន់​ដែលទទួលរងឆ្លងជម្ងឺ បើទោះជាវិធានការនេះ បានប៉ះពាល់យ៉ាងសន្ធឹកសន្ធាប់ ទៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម​យ៉ាងណាក៏ដោយ។ នៅក្នុងសប្ដាហ៍ចុងក្រោយនេះ សត្វស្លាបជាច្រើនពាន់ ម៉ឺនក្បាល ត្រូវបានគេយកទៅដុតកម្ទេច​​ចោល រីឯកន្លែងដែលសង្ស័យថាមានមនុស្សឆ្លងជម្ងឺ ត្រូវបានលាងសំអាត ឬបិតជាបណ្ដោះអាសន្ន។

តាមអង្គការសុខភាពពិភពលោក (OMS) គេនៅមិនទាន់រកឃើញថា មេរោគ H7N9 នេះ បង្កអោយមានការចម្លង​ពីមនុស្ស​ទៅមនុស្សនោះនៅឡើយ។ នាយកអង្គការពិភពលោកស្ដីពីសុខភាពសត្វ (OIE) លោកប៊ែរណា វ៉ាឡា (Bernard Vallat) បានវាយតម្លៃនៅថ្ងៃព្រហស្បត្តិ៍កន្លងមកថា វាជារឿង«ពិសេសបំផុត»មួយ ដែលស្ថានភាពជម្ងឺនៅលើមនុស្ស ត្រូវបាន​បង្ក​ពីមេរោគ H7N9 ព្រោះការរកឃើញពីមេរោគនេះ នៅក្នុងខ្លួនសត្វស្លាប មានភាពពិបាកណាស់។

លោកវ៉ាឡា បានបន្ថែមថា «តាមព័ត៌មានដែលទទួលបាន នៅថ្ងៃនេះ គឺយើងកំពុងប្រឈមនឹងស្ថានភាពមួយ យ៉ាងចម្លែក ព្រោះយើងដឹងថា មេរោគនេះ បានបង្កការចម្លងខ្សោយបំផុត សម្រាប់សត្វស្លាប តែវាបែជាមានសមត្ថភាព បង្កជម្ងឺដ៏ធ្ងន់​ធ្ងរ សម្រាប់មនុស្សដែលបានឆ្លងវាទៅវិញ»។

ជម្ងឹផ្ដាសាយបក្សី ដែលមានលក្ខណៈរួមជាងគេនោះ ជាជម្ងឺដែលកើតមកពីមេរោគ H5N1 ដែលបានធ្វើអោយមនុស្ស​ស្លាប់ជាង ៣៦០នាក់ រវាងពីឆ្នាំ២០០៣ មកដល់ខែមិនាឆ្នាំ២០១៣កន្លងទៅ។ អ្នកវិទ្យាសាស្ត្រ នៅតែព្រួយបារម្ភ ពីការ​បម្លែងខ្លួនណាមួយរបស់មេរោគ ដែលធ្វើអោយមានការឆ្លងពីមនុស្សទៅមនុស្សនោះ វានឹងធ្វើអោយមាន ជម្ងឺឆ្លងដ៏រង្គាល​មួយនៅក្នុងពិភពលោក៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...