ចន ឃែរី ដាក់ការឃ្លាំមើលកូរ៉េខាងជើង ដែលកំពុងចាប់ផ្ដើមគម្រាមជប៉ុន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រមុខការទូតអាមេរិកាំង លោកចន ឃែរី (John Kerry) បានកំណត់កាលពីថ្ងៃសុក្រ ស្នើទៅកូរ៉េខាងជើង ឲ្យបោះបង់ចោលនូវការបាញ់កាំជ្រួចម៊ីស៊ីល ដោយលោកបានចាត់ទុក ការបាញ់កាំជ្រួចណាមួយចេញទៅ ថាជា«កំហុសដ៏ធ្ងន់មួយ»។ ការស្នើសុំនេះ បានធ្វើឡើង ខណៈពេលដែលកូរ៉េខាងជើង កំពុងតែចាប់ផ្ដើមគម្រាមជប៉ុន ពីការវាយលុកនុយក្លេអ៊ែរ។
លោកចន ឃែរី (រូបស្ដាំ) និងលោក យន់ ប៊ិយងស្សេ នៅក្នុងសន្និសិតកាសែតកាលពីថ្ងៃ០២មេសាឆ្នាំ២០១៣។ (Mark Wilson/Getty Images)
«ប្រសិនបើ មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន (Kim Jong-Un) សម្រេចថានឹងបាញ់ម៊ីស៊ីល ទោះជាក្នុងករណីបាញ់តម្រង់ទៅសមុទ្រជប៉ុន ឬទៅទិសដៅផ្សេងក៏ដោយ តែបានន័យថា មេដឹកនាំរូបនេះនឹងជ្រើសរើសដោយចំហរ នូវការធ្វើមិនដឹងមិនលឺ នូវសម្លេងទាំងឡាយ របស់សហគមន៍អន្តរជាតិ» នេះជាសេចក្ដីប្រកាស របស់លោកចន ឃែរី ក្នុងសន្និសិតកាសែត នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
«ជាកំហុសដ៏ធំមួយ សម្រាប់គាត់ ដែលសម្រេចចិត្តធ្វើបែបនេះ ព្រោះវានឹងធ្វើអោយប្រទេសរបស់គាត់ កាន់តែនៅឯកោពីពិភពលោកបន្ថែមទៀត» លោកឃែរី បានបន្ថែម ដោយបានបញ្ជាក់ថា រាល់ពាក្យសម្ដីថ្លោសៗ ចង់ធ្វើសង្គ្រាម របស់ទីក្រុងព្យុងយ៉ាង ជារឿង«ទទួលមិនបាន»។
ក្នុងថ្ងៃសុក្រដដែល ទិន្នានុប្បវត្តិ៍ផ្លូវការ របស់បក្សកុម្មុយនីសកូរ៉េខាងជើង ឈ្មោះ KCNA បានផ្សាយ ពីការគម្រាមថ្មីទៀតរបស់ទីក្រុងព្យុងយ៉ាង ទៅលើប្រទេសជប៉ុន។ ទិន្នានុប្បវត្តិ៍ បានវាយតម្លៃថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ ទាក់ទងនឹងការប្រកាសទាំងឡាយ របស់ទីក្រុងតូក្យូ ដែលបានពង្រាយប្រព័ន្ធចាប់កាំជ្រួច នៅលើទឹកដីជប៉ុន ដើម្បីត្រៀមចាប់កាំជ្រួចបង្ហោះចេញពីកូរ៉េខាងជើង។
របបកុម្មុយនីសកូរ៉េខាងជើង បានប្រកាសថា «ជប៉ុន ស្ថិតនៅជានិច្ចជាកាល ពីមុខខ្សែរត្រៀមប្រយុទ្ធ នៃកងទ័ពបដិវត្តរបស់យើង»។
ក្រសួងការពារជាតិជប៉ុន មិនបានធ្វើអត្ថាធិប្បាយ ទាក់ទងនឹងការគម្រាមនេះទេ តែបានអះអាងថា នឹង«ចាត់វិធានការ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបនឹង គ្រោងការគ្រប់ប្រភេទ» របស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងតូក្យូបានអនុញ្ញាតិ អោយកងទ័ពរបស់ខ្លួន កម្ទេចចោល នូវម៊ីសីលកូរ៉េខាងជើងទាំងឡាយ ដែលគម្រាមទឺកដីជប៉ុន។ មួយវិញទៀត ក្រសួងដឹកជញ្ជូនរបស់ជប៉ុន បានបញ្ជាអោយអ្នកបើកបរយន្ដហោះទាំងឡាយ ដែលបើកទៅក្បែរមូលដ្ឋានយោធាអាមេរិក នៅកោះអូគីណាវ៉ា (Okinawa - ផ្នែកខាងត្បូងនៃប្រជុំកោះជប៉ុន) អោយជូនដំណឹងទៅកងទ័ពអាមេរិក ពីវត្តមានយន្ដហោះដែលខ្លួនបើក ដើម្បីជៀងវាង នូវឧប្បតិវហេតុណាមួយ។
ទម្ងន់ដ៏ធ្ងន់របស់ចិន
លោក ចន ឃែរី បានអំពាវនាវជាថ្មីម្ដងទៀត ទីក្រុងប៉េកាំង ដែលលោកនឹងទៅធ្វើទស្សនកិច្ចនៅថ្ងៃសៅរ៍នេះ អោយប្រើឥទ្ធិពល ទៅលើសម្ព័ន្ធមិត្តកូរ៉េខាងជើងរបស់ខ្លួន។ លោកបានបន្ថែមថា «មេដឹកនាំកូរ៉េខាងជើង ត្រូវរស់ ជាមួយកតព្វកិច្ច និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលខ្លួនបានយល់ព្រម។ (...) ហើយទីក្រុងប៉េកាំង មានទម្ងន់ដ៏ធ្ងន់មួយ សម្រាប់ធ្វើអោយស្ថានការមានការផ្លាស់ប្ដូរ»។
ដោយឡែក ក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ទៅប្រទេសចិន រដ្ឋមន្ត្រីការបរទេសបារាំង លោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius) បានជួបនិយាយជាមួយ ប្រធានាធិបតីចិនថ្មី លោក ស្សី ជីនភីង (Xi Jinping) និងប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) ទាក់ទងនឹងសំនុំរឿងនេះដែរ។ លោក ហ្វាប៊ីយូស បានថ្លែងក្នុងសន្និសិតកាសែតថា «ចិនបាននិយាយជាមួយយើងថា នឹងខិតខំប្រឹងប្រែងជាអតិបរិមារ ដើម្បីឲ្យភាពតានតឹង ត្រូវបានបន្ថយ»។
ឆ្លើយនឹងសំនួរសួរថា តើបារាំងនឹងគាំទ្រ ការពង្រឹកទណ្ឌកម្ម ដាក់លើកូរ៉េខាងជើងឬទេ លោកហ្វាប៊ីយូសបានបញ្ជាក់ថា «បាទ ប្រសិនប្រើរឿងនេះធ្វើទៅ នឹងមានប្រសិទ្ធិភាព»។
ចំណែកឯរដ្ឋមន្ត្រីការបរទេសរ៉ូស្សីវិញ ក៏បានគាំទ្រដែរ ក្នុងការបើកអោយមានកិច្ចចរចារ ៦ភាគី លើសំនុំរឿងកូរ៉េខាងជើង នៅក្នុងប្រទេសស្វីស ដូចដែលរដ្ឋាភិបាលរបស់ប្រទេសនេះ ធ្លាប់បានស្នើកន្លងមក។ ការចរចារ៦ភាគីនេះ (មានចិន កូរ៉េ-ខាងត្បូង កូរ៉េខាងជើង រ៉ូស្សី អាមេរិក និងជប៉ុន) ត្រូវបានធ្វើ ចំនួន៦លើករួចមកហើយ ក្នុងអំឡុងពីឆ្នាំ២០០៣ មកឆ្នាំ២០០៧។ ប៉ុន្តែនៅឆ្នាំ២០០៩ ទីក្រុងព្យុងយ៉ាងបានដកខ្លួន ពីកិច្ចចរចារនេះ នៅបន្ទាប់ពីទណ្ឌកម្មរបស់អ.ស.ប. បានបោះ-ឆ្នោតសម្រេច ប្រឆាំងនឹងគម្រោងនុយក្លេអ៊ែររបស់ខ្លួន៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ