មេដឹកនាំអាស៊ាន៖ មិនធ្វើអន្តរជាតូបនីយកម្ម លើបញ្ហាសមុទ្រចិនខាងត្បួង
ភ្នំពេញ៖ សេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពីសិទ្ធិមនុស្ស របស់អាស៊ាន ត្រូវបានចុះហត្ថលេខាអនុម័ត្រ។ នេះជាការថ្លែងអោយដឹង របស់លោក កៅ គឹមហួន រដ្ឋលេខធិការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ស្តីពីលទ្ធិផល នៃកិច្ចប្រជុំពេញអង្គ របស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបានអាស៊ាន ពេញមួយថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅនេះ។ នៅក្នុងសន្និសិទ្ធកាសែត ដែលបានរៀបចំធ្វើ នៅមេឌៀសិនធ័រ វេលាម៉ោងប្រាំមួយល្ងាច ថ្ងៃដដែល លោករដ្ឋលេខាធិការបានបញ្ជាក់ផងដែរ ពីការអនុម័ត្រនូវសេចក្ដីសម្រេចជាច្រើនទៀត។
លោក កៅ គឹមហួន ក្នុងសន្និសិទ្ធកាសែត នៅមេឌៀសិនធ័រ ថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០១២។
រូបថត MONOROOM.info/ Phnom Thom
ក្នុងចំណោមសេចក្ដីសម្រេចជាច្រើននោះ លោកកៅ គឹមហួន បានលើកជាអាថ៌ ការអនុម័ត្រទៅលើសេចក្តីថ្លែងការណ៍រួម អំពីការបង្កើតមជ្ឈមណ្ឌលម៉ីនអាស៊ាន និងទៅលើការតែងតាំង អគ្គលេខាធិការថ្មីរបស់អាស៊ាន សំរាប់អាណត្តិ២០១៣ ដល់២០១៧។ សូមបញ្ជាក់ថា លោក ស៊ូរិន ពិតស៊ូវណ្ណ នឹងបញ្ចប់អាណត្តិរបស់ខ្លួន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។
ទាក់ទងការបង្កើតសហគមន៍អាស៊ាន លោកកៅ គឹមហួន បញ្ជាក់ថា បណ្តាថ្នាក់ដឹកនាំអាស៊ាន ក៏បានអនុម័តយកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាថ្ងៃដែលសហគមន៍នេះ នឹងចាប់ផ្ដើមអនុវត្តន៍ជាផ្លូវការ។ សហគមន៍អាស៊ាន ដែលនឹងបង្កើតឡើង ជាមួយនឹងសសរស្តម្ភរបស់ខ្លួន គឺសហគមន៍សន្តិសុខ សហគមន៍នយោបាយ សហគមន៍សមារណកម្មសេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌ ។
បញ្ហាសមុទ្រចិនខាងត្បូង មិនគួរយកមកធ្វើអន្តរជាតូបនីយកម្ម
លោក កៅ គឺមហួន បានប្រាប់ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ដើម្បីបន្តអនុវត្តន៍សេចក្តីថ្លែងការណ៍ ទាក់ទងនឹងសមុទ្រចិនខាងត្បូង (DOC) ឲ្យបានល្អនោះ ប្រមុខដឹកនាំអាស៊ានទាំងអស់ បានយល់ព្រម មិនធ្វើអន្តរជាតូបនីយកម្ម។ នេះជាគោលជំហរថ្មី ដើម្បីបន្តអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍នេះ។ លោកបន្តថា «ប្រមុខដឹកនាំអាស៊ាន បានឯកភាពគ្នា ទៅលើខ្លឹមសារ សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលអាស៊ានចិន លើកទី១៥ អំពីខួបឆ្នាំទី១០នៃ DOC»។
ចំណែកឯជម្លោះសាសនា នៅរដ្ឋារ៉ាឃីន ក្នុងប្រទេសភូមាឬមីយ៉ាន់ម៉ា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានធ្វើការអំពាវនាវ ទៅកាន់បណ្តាភាគីជម្លោះ ពាក់ព័ន្ធទាំងឡាយ សូមអោយបញ្ឈប់ សកម្មភាពហិង្សារបស់ខ្លួនជាបន្ទាន់ និងវិលមករកការចរចាដោយសន្តិវិធី ហើយបានគាំទ្រការដាក់ចេញ នូវវិធានការនានារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីដោះស្រាយជម្លោះនេះ។
អាស៊ានក៏បានសម្ដែងការព្រួយបារម្ភផងដែរ នឹងបញ្ហាជម្លោះប្រដាប់អាវុធ ដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា កាហ្សាស្រ្ទីព ដោយបានស្នើសុំ ឲ្យមកដោះស្រាយដោយសន្តិវិធី។ រីឯភាពតានតឹងនៅឧបទ្វីបកូរ៉េ កិច្ចប្រជុំបានអំពាវនាវ សូមឲ្យលើកករណីនេះ មកពិភាក្សាជាលក្ខណៈ៦ភាគីឡើងវិញ និងទាមទារអោយអនុវត្ត សេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ៕
--------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ