ស្រាវជ្រាវ៖ សហប្រតិបត្តិការអាស៊ីបូព៌ា និងអាស៊ានបូកបី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ វិច្ឆិកា ២០១២
- កែប្រែចុងក្រោយ: November 19, 2012
- ប្រធានបទ: អាស៊ាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កិច្ចប្រជុំលើកដំបូង នៃបណ្តាមេដឹកនាំអាស៊ានបូកបី បានប្រព្រឹត្តទៅនៅក្នុងឆ្នាំ ១៩៩៦ និង ១៩៩៧ ដើម្បីដោះស្រាយបញ្ហា ទីផ្សារអាស៊ី-អ៊ឺរ៉ុប។ ស្របពេលជាមួយគ្នានេះដែរ ចិន និងជប៉ុន ចង់ឲ្យមានកិច្ចប្រជុំកំពូលជាទៀងទាត់ ជាមួយនឹងបណ្តាមេដឹកនាំប្រទេសអាស៊ាន ចាប់តាំងពីពេលនោះមក ។
កិច្ចប្រជុំអាស៊ានបូកបី គឺជាវេទិការមួយ ដែលមាន «តួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការ» រវាងបណ្តាប្រទេស «សមាជិកអាស៊ាន» និង «ប្រទេសអាស៊ីបូព៌ា» ចំនួនបី ដែលមានដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ។
ថ្នាក់ដឹកនាំរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ានទាំង១០ និងប្រទេសទាំងបី បានពិភាក្សាគ្នា ទៅលើបញ្ហាជាច្រើន។ អាស៊ានបូកបី គឺ«ជាការអភិវឌ្ឍន៍ចុងក្រោយបំផុត នៃកិច្ចសហប្រតិបត្តិការ តំបន់អាស៊ីបូព៌ា» ។
សារៈសំខាន់ របស់អាស៊ានបូកបី ត្រូវបានពង្រឹង ក្នុងកាលៈទេសៈ នៃវិបត្តិហិរញ្ញវត្ថុអាស៊ី។ ក្នុងការឆ្លើយតប ចំពោះវិបត្តិនេះ អាស៊ាន បានសហការយ៉ាងជិតស្និត ជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។ ចាប់តាំងពីការអនុវត្ត នៃសេចក្តីប្រកាសរួម ស្តីពីសហប្រតិបត្តិការអាស៊ីបូព៌ា ក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ ១៩៩៩ នោះមក រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃបណ្ដាប្រទេស អាស៊ានបូកបី បានធ្វើការប្រឹក្សាយោបល់គ្នា យ៉ាងទៀតទាត់ ។
កិច្ចសហប្រតិបត្តិការអាស៊ានបូកបី ត្រូវបានពង្រឹងជាបន្តបន្ទាប់ ដោយផ្តោត ទៅលើបញ្ហាផ្សេងទៀត បន្ថែមលើបញ្ហាហិរញ្ញវត្ថុ ក្នុងការពិភាក្សា ដូចជាបញ្ហាសន្តិស្បៀង និងថាមពល សហប្រតិបត្តិការហិរញ្ញវត្ថុ ពាណិជ្ជកម្ម គ្រប់គ្រងគ្រោះមហន្តរាយ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការបង្រួមគម្លាតអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ជនបទ ការប្រឆាំងការជួញដូរមនុស្ស ការអភិរក្សបរិស្ថាន និងការប្រឆាំងភេរវកម្មជាដើម។
កិច្ចសហប្រតិបត្តិការអាស៊ានបូកបី នៅលើវិស័យនយោបាយ និងសន្តិសុខ ក៏ត្រូវបានពង្រឹងដូចគ្នាដែរ តាមរយៈកិច្ចពិភាក្សា យ៉ាងទៀតទាត់ និងការផ្លាស់ប្តូរទស្សនៈ ជុំវិញយន្តការអាស៊ានបូកបី ដែលមានស្រាប់ មានដូចជា កិច្ចប្រជុំកំពូលអាស៊ានបូកបី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានបូកបី កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានបូកបី ។
សេចក្តីថ្លែងការណ៍រួមទីពីរ ស្តីពីផែនការការងារសហប្រតិបត្តិការអាស៊ីបូព៌ា និងអាស៊ានបូកបី ឆ្នាំ ២០០៧-២០១៧ ត្រូវបានឯកភាព នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ១១ កាលពីខែវិច្ឆការ ឆ្នាំ ២០០៧ នៅប្រទេសសឹង្ហបូរី។ ស្របពេលជាមួយគ្នានេះ កិច្ចប្រជុំកំពូល ក៏បានឯកភាព ទៅលើសំណើរក្នុងការបង្កើត មូលនិធិសហប្រិតបត្តិការ អាស៊ានបូកបី ដើម្បីសម្រួល ដល់ការអនុវត្តផែនការការងារ។ មូលនិធិនោះ ត្រូវបានចាប់ផ្តើមជាផ្លូវការ ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានបូកបី កាលពីខែកក្កដា ឆ្នាំ ២០០៨ នៅប្រទេសសិង្ហបូរី។
ក្រោយមក ការចង្អុលបង្ហាញ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទី ២ ស្តីពីសហប្រតិបត្តិការអាស៊ីបូព៌ា និងផែនការការងារ សហប្រតិបត្តិការអាស៊ានបូកបី ត្រូវបានឯកភាព ក្នុងកិច្ចប្រជុំថ្នាក់អគ្គនាយក អាស៊ានបូកបី កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០០៩ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។
កិច្ចសហប្រតិបត្តិការ អាស៊ានបូកបី លើផ្នែកសហប្រតិបត្តិការនយោបាយ និងសន្តិសុខ ត្រូវបានពង្រឹង តាមរយៈកិច្ចពិភាក្សាជាប្រចាំ និងការផ្លាស់ប្តូរទស្សនៈ តាមរយៈយន្តការ ដែលមានស្រាប់ មានដូចជា កិច្ចប្រជុំកំពូលអាស៊ានបូកបី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានបូកបី ។ ក្នុងការប្រយុទ្ធប្រឆាំង បទឧក្រិដ្ឋឆ្លងដែន ក្នុងតំបន់ ផែនការការងារ អាស៊ានបូកបី ស្តីពីសហប្រតិបត្តិការ ក្នុងការប្រយុទ្ធ បទឧក្រិដ្ឋឆ្លងដែន ត្រូវបានឯកភាពនៅឆ្នាំ ២០០៦។ ក្រោយមក រដ្ឋមន្ត្រីអាស៊ានបូកបី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក្នុងឆ្នាំ ២០១១ បានដាក់កិច្ចការងារ អោយឧត្តមមន្ត្រី ក្នុងការអនុវត្តគម្រោងការដ៏រឹងម៉ាំ ក្រោមផែនការការងារអាស៊ានបូកបី ។
ការវិវឌ្ឍន៍ដ៏សំខាន់ បានកើតមានឡើង ក្នុងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមក្របខណ្ឌការងារ នៃអាស៊ានបូកបី ជាពិសេសក្នុងផ្នែកសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ទេសចរណ៍ សន្តិសុខថាមពល និងសន្តិសុខស្បៀង ។