ជុន ច័ន្ទបុត្រ និយាយពីជនកំសាក ដែលខ្លាចលើសដើម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មីនា ២០១៨
- កែប្រែចុងក្រោយ: March 30, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសារព័ត៌មាន និងជានាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ ជាខេមរភាសា ទំនងជាចង់និយាយរឿង ដ៏អាថ៌កំបាំងមួយ នៃជនកំសាក (ម្នាក់ ឬមួយក្រុម) ប្រាប់ទៅប្រិយមិត្តរបស់លោក។ លោកបានសរសេររឿងនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកថា ជនកំសាកនោះ បាន «រំលាយបក្សប្រឆាំង និងអ្នកនយោបាយប្រឆាំងបានហើយ» តែមិនបានធ្វើឲ្យខ្លួនឯង «បាត់ខ្លាច» ឡើយ។
ផ្ទុយទៅវិញ ជនកំសាកនោះ «សឹងតែខ្លាចលើសដើមផង... ខ្លាចទីងមោង ខ្លាចព្រះសង្ឃ ខ្លាចឥទ្ធិពលអ្នកកាសែត ខ្លាចការពិត ខ្លាចគេមិនស្រឡាញ់...»។ លោក ជុន ច័ន្ទបុត្រ បានសរសេរបន្តថា៖ «ការខ្លាចទាំងអស់ បញ្ចេញមកតាមសកម្មភាព ខំប្រឹងរកគ្រប់វិធី ទោះស្មោកគ្រោកយ៉ាងណាក៏ដោយ ដើម្បីរំលាយ ឬបន្សាបឥទ្ធិពលអ្នក ដែលខ្លួនខ្លាច»។
នាយករងវិទ្យុអាស៊ីសេរី ដ៏ល្បីឈ្មោះ បានចោទសួរ ទៅជនកំសាកនោះថា៖ «តើការខំយ៉ាងត្រដាបត្រដួសយ៉ាងនេះ ជាការខំដកខ្យល់ដង្ហើមចុងក្រោយ ឬយ៉ាងណា?»។
តាមពិតទៅ គេមិនពិបាកទាយ រកឈ្មោះ ជនកំសាកម្នាក់ ឬមួយក្រុមណា ដែលលោក ជុន ច័ន្ទបុត្រ ចង់និយាយសំដៅនោះទេ។ ជាពិសេស ខណៈឈ្មោះលោក ជុន ច័ន្ទបុត្រ មិនមែនល្បីខ្លាំង នៅលើត្រឹមតែវិទ្យុអាស៊ីសេរី ឬទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលលោកអ្នកកំពុងអាននេះ ប៉ុណ្ណោះឡើយ។ តែឈ្មោះលោក ក៏កំពុងត្រូវបានប្រដាប់ឃោសនា របស់ជនកំសាក យកមករំលឹកឡើងវិញ សឹងតែមួយម៉ោងម្ដងៗ នៅក្នុងសំនុំរឿងភាគដ៏ចម្លែក នៃការបែកធ្លាយមិនឈប់ឈរ ដូចគ្នាដែរ។
តើនេះ ជាផ្នែកមួយ នៃ«វិធី»គ្រប់បែបយ៉ាង របស់ជនកំសាកនោះ ដើម្បីបន្សាបឥទ្ធិពល មនុស្សដែលខ្លួនខ្លាចឬ? លោក ជុន ច័ន្ទបុត្រ បានឆ្លើយទៅចុងបញ្ចប់ថា៖ «ទីបំផុត ឆន្ទះមោះមុត ជំហររឹងមាំ ភាពស្មោះត្រង់ និងការលះបង់ប្តូរផ្តាច់ពិតប្រាកដ នឹងមានប្រៀប លើល្បិចស្មោកគ្រោក និងអំពើទុច្ចរិតជានិច្ច»៕