មេធាវីការពារ មាជ សុវណ្ណារ៉ា ថាបានឈ្នះក្ដីជំហានដំបូងលើ ហ៊ុន ម៉ាណែត
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 02, 2016
- ប្រធានបទ: យុត្តិធម៌-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម័រតុន ក្លារ (Morton Sklar) មេធាវីការពារក្ដី ឲ្យលោក មាជ សុវណ្ណារ៉ា បានថ្លែងអះអាងថា កូនក្ដីរបស់លោក បានឈ្នះក្ដីជាជំហានដំបូង លើលោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា នៅក្នុងបណ្ដឹងមួយ ដែលលោក ម័រតុន ក្លារ តំណាងឲ្យកូនក្ដីលោក បានប្ដឹងទៅតុលាការក្រុង ឡូសអេនជឺឡេស ពីបទចោទប្រកាន់ចំនួន៧ករណី។
ពាក្យបណ្ដឹងនោះ បានដាក់ចូលទៅកាន់តុលាការអាមេរិក កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ប្ដឹងប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងរដ្ឋាភិបាលកម្ពុជា ជុំវិញនឹងបទចោទ៖ (១) ធ្វើទារុណកម្មតាមទំនើងចិត្តក្រៅផ្លូវច្បាប់ និងការដាក់ឃុំឃាំងរយៈពេលយូរ (២) អំពើភេរវកម្មអន្តរជាតិ (៣) ការធ្វើឱ្យឈឺចាប់ដោយចេតនាដែលបណ្តាលឱ្យមានទុក្ខព្រួយផ្លូវអារម្មណ៍ (៤) ការរំលោភបំពាន (៥) ការបំពានវាយដំរាងកាយ (៦) ការចាប់ដាក់គុកដោយខុសច្បាប់ និង (៧) បាត់បង់ភាពកក់ក្តៅ រវាងប្តីនិងប្រពន្ធ។
អ្នកស្រី មាជ ចេមី (នាមដើម សិទ្ធិ ចំរើន) ភរិយាលោក មាជ សុវណ្ណារ៉ា ក៏បានបញ្ជាក់ដែរ បន្ទាប់ពីបានចេញពីសវនាការបថមនោះ ថាស្វាមីអ្នកស្រីបានទទួលបានជោគជ័យ ជាជំហានទីមួយហើយ។ ខាងក្រោមនេះ ជាការថ្លែងរបស់អ្នកស្រី បន្ទាប់ពីចេញពីរោងជំនុំជម្រះ នៅក្នុងក្រុង ឡូសអេនជឺឡេស៖
អ្នកស្រី ចេមី បានស្រង់សំដី របស់កូនស្រីអ្នកស្រី ដែលបានបែកពីឪពុករបស់ខ្លួន តាំងពីច្រើនខែមកហើយនោះ មកសរសេរ នៅលើគណនីហ្វេសប៊ុក របស់អ្នកស្រីថា យុវតីគ្រាន់តែចង់រកយុត្តិធម៌ ជូនឪពុករបស់នាងតែប៉ុណ្ណោះ។ កូនស្រីច្បង គឺកញ្ញា សុវណ្ណារ៉ា សុជាតា បានសួរទៅលោក ហ៊ុន សែន ថា៖ «ហេតុអ្វីបានលោក ធ្វើឲ្យឳពុកខ្ញុំឈឺចាប់ ដោយគាត់គ្មានកំហុស។ ឥលូវលោកកំពុងមានអំណាច លោកខ្លាំង ក៏ប៉ុន្តែខ្ញុំមិនចង់ឃើញលោក ត្រូវជួបបញ្ហា នៅពេលលោកអស់អំណាចនោះទេ។»។
កញ្ញា សុវណ្ណារ៉ា សុជាតា បានបញ្ជាក់ទៀតថា៖ «ដូច្នេះការយោគយល់ និងការអធ្យាស្រ័យគ្នា វាគឺជាបច្ច័យ នៃការផ្សះផ្សាជាតិ និងឯកភាពជាតិ ដែលមានឈាមជ័រជាខ្មែរតែមួយ ដើម្បីជាពន្លឺយុត្តិធម៌ ចំពោះអ្នកដែលគ្មានកំហុស និងការផ្តល់នូវសេចក្តីសុខ សុភមង្គល និងសេចក្តីថ្លៃថ្នូរឲ្យគ្នា ទៅវិញទៅមក។»
សូមបញ្ជាក់ដែរ នៅវេលាល្ងាចថ្ងៃទី១ ខែកញ្ញានេះដដែល លោកមេធាវី ម័រតុន ក្លារ ក៏បានមកថ្លែង នៅចំពោះបណ្ដាជនខ្មែរ-អាមេរិកាំង ច្រើននាក់ ពីលទ្ធផលនៃសវនាការបថមខាងលើនេះដែរ។ សូមទស្សនាការលើកឡើងទាំងស្រុង របស់លោកមេធាវីដូចតទៅ៖