ចៅ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លក់​អាវុធ​តាម​ហ្វេសប៊ុក?

បើនរណាចង់ដឹង ពីតម្លៃអាវុធ ដូចក្នុងរូបថតនេះ សូមផ្ញើរសារ​ទៅកាន់ចៅជីដូន​មួយ របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។ នេះជាអ្វី ដែលគេអាចអានបាន កាលពីថ្ងៃទី៣១ ខែសីហាម្សិលម៉ិញ នៅលើ​គណនី​របស់​លោក ហ៊ុន បញ្ញាបុត្រ កូន​ប្រុស​របស់​អ្នកស្រី ហ៊ុន ចន្ធូ ដែលត្រូវជាកូនស្រី របស់លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន។
ចៅ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លក់​អាវុធ​តាម​ហ្វេសប៊ុក?
ពីឆ្វេងទៅស្ដាំ៖ ការប្រកាស ដាក់ឲ្យសួរពីតម្លៃកាំភ្លើង និងលោក ហ៊ុន បញ្ញាបុត្រ ចៅជីដូនមួយ របស់លោក ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 01, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារមួយអម​នឹងរូបថត ចំនួនពីរសន្លឹក ដែលលោក ហ៊ុន បញ្ញាបុត្រ បានបង្ហោះនៅលើ​គណនី​របស់លោក បាន​សរសេរជាភាសាអង់គ្លេស ប៉ុន្មានម៉ាត់យ៉ាងដូច្នេះថា៖ «Inbox for Price. XDS-45» ដែលមាន​ន័យ​ថា «ផ្ញើរ​សារ​​ជា​ឯកជនមក បើចង់ដឹងពីតម្លៃ របស់កាំភ្លើងខ្លី ប្រភេទ XDS-45»។ សារនិងរូបថតនេះ ត្រូវបាន​បង្ហោះ នៅ​លើ​គណនី «Hun Panhaboth» កាលពីថ្ងៃទី៣១ ខែសីហាម្សិលម៉ិញ ប៉ុន្តែត្រូវបាន​លប់​ចេញ​ទៅវិញ នៅ​​ប៉ុន្មាន​​ម៉ោង​​​ក្រោយ​​មក បន្ទាប់ពីទទួលបាន​ការសាកសួរពីតម្លៃ តាមការបញ្ចេញមតិយោបល់ជាច្រើន ពីសំណាក់​ប្រិយមិត្​ត​របស់ខ្លួន។

នៅក្នុងគណនីដដែលនេះ គេឃើញលោក ហ៊ុន បញ្ញាបុត្រ ដែលត្រូវជាកូនប្រុស របស់អ្នកស្រី ហ៊ុន ចន្ធូ កូន​ស្រី​លោក ហ៊ុន ណេង (បងប្រុសរបស់លោក ហ៊ុន សែន) បង្ហោះនូវរូបថតមួយចំនួន បង្ហាញថា លោក​មាន​កាន់ នូវ​ប្រភេទ​កាំភ្លើងផ្សេងទៀត។ គេមិនដឹងថា តើលោក ហ៊ុន បញ្ញាបុត្រ ទទួលបាន​អាវុធទាំងនេះ តាម​របៀប​យ៉ាង​ដូចម្ដេចទេ ប៉ុន្តែគេគ្រាន់តែបានដឹងថា លោកបានស្លៀកពាក់​ឯកសណ្ឋាន ជាទាហានមួយរូប ដែល​មាន​ពាក់​ស័ក្ដិ២។

តាមគេហទំព័រ​លក់អាវុធ​ស្របច្បាប់ នៅសហរដ្ឋអាមេរិក ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ អាចចូលទៅ​ពិគ្រោះ​បាន​នោះ បានបង្ហាញថា អាវុធ«​XDS-45» ខាងលើ ជាប្រភេទ «Springfield XD-S 45 3.3» មាន​តម្លៃ​ប្រមាណ​ជា​ជិត​៥០០ដុល្លារ (តម្លៃគ្មានគ្រាប់កាំភ្លើង)។

បើទោះជាការបង្ហោះសារខាងលើ ត្រូវបានអ្នកលេងហ្វេសប៊ុក​គាំទ្រលោក ហ៊ុន សែន មួយចំនួន ជួយនិយាយ​ការពារថា នោះគ្រាន់តែជាការបង្ហោះលេង ឬជាការកំសាន្ដក៏ដោយ តែវាមិនអាច ធ្វើឲ្យអ្នកប្រើប្រាស់​​បណ្ដាញ​សង្គម​ផ្សេងទៀត ទប់ចិត្តមិនធ្វើការរិះគន់បានឡើយ។

គេបានរិះគន់ថា បើទោះជាការបង្ហោះលេងក៏ដោយ តែវាបានបញ្ជាក់យ៉ាងច្បាស់ ពីចរិតហ៊ឺហាមិន​សម​ប្រកប និង​ពី​ការអប់រំ នៅក្នុងក្រុមគ្រួសារ​ញាតិសន្ដាន របស់នាយករដ្ឋមន្ត្រី​កម្ពុជា។ អ្នកខ្លះទៀត បាននិយាយចូល​ជ្រៅ​​បន្ថែម​​ថា នេះជាសញ្ញាណខ្លះៗ នៃក្រុមគ្រួសារមួយ ដែលមានចំណូលចិត្ត តាមបែបយោធានិយម និង​បង្ហាញ​​ពី​​អសមត្ថភាព ក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ នៅកម្ពុជា ដោយហេតុថា សូម្បីចៅនាយករដ្ឋមន្ត្រី ដែល​មាន​​អាយុ​ត្រឹម​​តែ​​ជាង​២០ឆ្នាំប៉ុណ្ណោះ ក៏មានអាវុធយកមកកាន់សំញ៉ែង និងបង្ហោះផ្សាយ​លក់ (?) ជា​សាធារណៈ​យ៉ាង​ងងើល។

តាមពិតទៅ ភាពហ៊ឺហាហ៊ឹកហាក់ របស់ចៅជីដូនមួយ របស់លោក ហ៊ុន សែន មិនមែនមានត្រឹមប៉ុណ្ណឹងទេ។ គេហទំព័រក្នុងស្រុកមួយ បានស្រង់សំណេរបស់លោក ហ៊ុន បញ្ញាបុត្រ ដែលបានសរសេរប្រាប់គេឯង នៅលើ​គណនី​ហ្វេសប៊ុក​​របស់លោក កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំកន្លងទៅ មកបញ្ជាក់ថា រថយន្ដប្រភេទ «Audi A8» ដែលលោកកំពុងជិះ​រហូតមកនេះ មានតម្លៃប្រមាណជា ២១០ ០០០ ដុល្លារ​អាមេរិក ដោយ​​មិន​រាប់​​បញ្ចូល ទាំង​ស្លាក​លេខ ភ្នំពេញ 2AZ- 2222 ដែលធ្វើអស់តម្លៃ រហូត​ដល់​ទៅ ១២០០០ ដុល្លារ​អាម៉េរិក​នោះ​ផងទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...