នាយករដ្ឋមន្ត្រីបារាំង៖ ខ្ញុំមានគោលការណ៍មួយ គឺភាពស្មោះស្ម័គ្រ
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០១ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 01, 2016
- ប្រធានបទ: នយោបាយ-បារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្យុះព្យោមាបានបោកបក់ជាថ្មី សម្រាប់រដ្ឋាភិបាល«ឆ្វេងនិយម» របស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែលមានលោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls) ជានាយករដ្ឋមន្ត្រី បណ្ដាលឡើងពីការលាលែង ពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃអង្គារកន្លងមកនេះ។
សង្គ្រាមពាក្យសម្ដី ដែលកើតពីការលាលែងនេះ ក៏ផ្ទុះឡើងជាបន្តបន្ទាប់។ អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក អេម៉ានុយអែល ម៉ាក្រុង បានចាត់ទុកការលាលែងរបស់លោក ដើម្បីមានសេរីភាព ក្នុងការបង្កើតគម្រោងថ្មីមួយរបស់លោក។ គម្រោងនោះ ត្រូវបានគេមើលឃើញថា លោក ម៉ាក្រុង ដែលមានអាយុ៣៨ឆ្នាំ ចង់ឈរឈ្មោះជាប្រធានាធិបតីបារាំង នៅពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណឹង លោក ម៉ាក្រុង ថែមទាំងប្រកាសឲ្យគេឯងដឹងថា លោកមិនមែនជា«អ្នកសង្គមនិយម (Editor's Note: ចង់និយាយថា លោកមិនមែនជាមនុស្ស នៅក្នុងគណបក្សសង្គមនិយម ហៅកាត់ថា "PS")» នោះទេ។
ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល្ស៍ វិញ បានចាត់ទុកការលាលែង របស់លោក ម៉ាក្រុង ថាជាការ«រត់ចោលជួរ» ខណៈ«ការប្រយុទ្ធ» ដែលមាននៅក្នុងកម្មវិធីនយោបាយ របស់រដ្ឋាភិបាលបារាំងកំពុងបន្តធ្វើនៅឡើយ និងមានផ្លែផ្កាបណ្ដើរៗនោះ។ លោក វ៉ាល្ស៍ បានថ្លែងបញ្ជាក់ពី«គោលការណ៍»ដ៏សំខាន់បំផុតមួយ សម្រាប់ជីវិតអ្នកនយោបាយ នោះគឺ«ភាពស្មោះស្ម័គ្រ»។
ថ្លែងនៅចំពោះម៉ាស៊ីនថត របស់ប្រព័ន្ធផ្សព្វផ្សាយបារាំង លោក ម៉ានុយអែល វ៉ាល្ស៍ បានលើកឡើងថា៖ «ម្នាក់ៗមានផ្លូវដើរ និងវាសនារៀងៗខ្លួន។ ប៉ុន្តែគេចាំបាច់ត្រូវមានដូចគ្នា ពីគោលការណ៍។ (...) សម្រាប់ខ្លួនខ្ញុំ ៗមានគោលការណ៍មួយ៖ គឺភាពស្មោះស្ម័គ្រ។ ពិតហើយថា ភាពស្មោះស្ម័គ្រនោះ និយាយបាញ់ឆ្ពោះ ទៅប្រធានាធិបតីនៃសាធារណរដ្ឋ ប៉ុន្តែក៏ជាភាពស្មោះស្ម័គ្រ ចំពោះប្រជាជនបារាំងនោះដែរ។ នៅក្នុងអំឡុងពេលនេះ គេមិនអាចចាកចេញដូច្នេះ ហើយគេក៏មិនអាចរត់ចោល ការប្រយុទ្ធអញ្ចឹងដែរ។»
លោកនាយករដ្ឋមន្ត្រី បានពោលបញ្ឆិតបញ្ឆៀង ទៅកាន់អតីតរដ្ឋមន្ត្រីរបស់លោក ដែលទើបនឹងលាលែងពីតំណែងថា៖ «គេមិនចេះតែនឹកឃើញ ពីរឿងឈរឈ្មោះ ជាប្រធានាធិបតីនោះទេ។ (...) វាមិនអាចទៅរួចឡើយ នូវការផ្សងព្រេង ដែលមានលក្ខណៈជាឯកជន តែវាចាំបាច់ ត្រូវជាកម្មវិធីនៃការតស៊ូដ៏ធំមួយ ដែលមានលក្ខណៈជាក្រុម។»
លោក ម៉ានុយអែល វ៉ាល្ស៍ បានបន្តទៀតថា៖ «ខ្ញុំទទួលបេសកកម្មមួយ ខ្ញុំត្រូវបន្តធ្វើវា រហូតដល់ចប់ចុងចង់ដើម។ ជាមនុស្សម្នាក់ដែលស្មោះស្ម័គ្រ មិនមែនបណ្ដោយឲ្យខ្លួន ក្លាយជាមនុស្ស "ផ្កាប់មុខ"នោះទេ ប៉ុន្តែដើម្បីចូលរួមជជែក ផ្ដល់យោបល់ ពីអ្វីដែលយើងគិត។ (...) ចំពោះខ្លួនខ្ញុំ ៗស្គាល់ខ្លួនឯងច្បាស់ ថា ខ្ញុំមកពីណា៖ ខ្ញុំជាអ្នកសង្គមនិយម។»៕