បារាំង៖ ចាប់ចំណាប់ខ្មាំងនៅក្នុងព្រះវិហារ សម្លាប់អាចារ្យម្នាក់
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៦ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 26, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាព្រឹកថ្ងៃអង្គារនេះ ជនពីរនាក់ ដែលមានកាំបិននៅនឹងដៃ បានចូលទៅចាប់មនុស្សជាច្រើននាក់ នៅក្នុងព្រះវិហារសាសនាកាតូលីកមួយ នៃក្រុង «Saint-Etienne-du-Rouvray» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង រូអង់ (Rouen) ភាគខាងជើង នៃប្រទេសបារាំង។ កងកម្លាំងពិសេស របស់អាជ្ញាធរបានសម្រេច បើកការវាយសម្រុករំដោះចំណាប់ខ្មាំង ហើយបានសម្លាប់ជនទាំងពីរនេះ ឲ្យស្លាប់នៅនឹងកន្លែង។
នគរបាលបាននិយាយថា លោកអាចារ្យ ដែលជាចំណាប់ខ្មាំងម្នាក់ ពីក្នុងចំណោមចំណាប់ខ្មាំងជាច្រើននោះ បានស្លាប់។ សារព័ត៌មានបារាំង ឈ្មោះ «Figaro» បានរាយការណ៍ថា លោកអាចារ្យរូបនេះ ត្រូវបានអាក សម្លាប់។
សារព័ត៌មានបារាំងផ្សេងទៀត បានអះអាងថា ជនទាំងពីរដែលមានកាំបិតក្នុងដៃ បានចាប់ចំណាប់ខ្មាំង ចំនួនប្រាំនាក់ ឲ្យស្ថិតនៅក្រោមការគម្រាមកំហែងរបស់ពួកគេ។ ចំណាប់ខ្មាំង មានលោកអាចារ្យម្នាក់ និងមនុស្សដទៃទៀត សុទ្ធតែជាគ្រីស្តិ៍សាសនិកទាំងអស់។
នៅមុនថ្ងៃត្រង់នេះ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានចាកចេញពីវិមានប្រធានាធិបតី «អេលីហ្សេរ» ដើម្បីធ្វើដំណើរ ទៅកាន់ទីកន្លែងកើតហេតុដោយផ្ទាល់។ រដ្ឋមន្ត្រីមហាផ្ទៃ លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve) មន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន និងស្នងការនគរបាលតំបន់ នឹងអមដំណើរលោកប្រធានាធិបតី ទៅកាន់ទីនោះ៕