ទូរទស្សន៍ជាតិ ថា​ខ្លួន​ចាក់​ផ្សាយ​ពី​ការ​ហែរ​សព កែម ឡី

នៅចំពោះប្រតិកម្មរបស់មហាជន ទូរទស្សន៍ជាតិ ដែលជាទូរទស្សន៍របស់រដ្ឋ បានធ្វើការឆ្លើយតបមកវិញភ្លាមៗ ថា​ខ្លួន​បាន​ចាក់​ផ្សាយ ពីពិធីដង្ហែសពលោក កែម ឡី កាលពីថ្ងៃទី២៤ ខែកក្កដា នៅវេលាម៉ោងប្រមាណជា ១៤ និង​១០នាទី។ ជា​ការ​ចាក់​ផ្សាយ​ដ៏​ខ្លី​មួយ បើធៀប​​ព្រឹត្តិការណ៍នេះ ដែលមានមនុស្ស​រាប់ពាន់​ម៉ឺន​នាក់​ចូល​រួម ទៅនឹង​កម្មវិធី​​«ចែក​អំណោយ» របស់​មន្ត្រី​រដ្ឋាភិបាល ដែលមានមនុស្ស​​តែប៉ុន្មានសិបនាក់​​ចូលរួមប៉ុណ្ណោះ។
ទូរទស្សន៍ជាតិ ថា​ខ្លួន​ចាក់​ផ្សាយ​ពី​ការ​ហែរ​សព កែម ឡី
ទិដ្ឋភាពដង្ហែសព បង្ហោះដោយ​ទំព័រ​ហ្វេសប៊ុក​ទូរទស្សន៍​ជាតិ និងពិធីការិនី នៃកម្មវិធីព័ត៌មាន របស់ទូរទស្សន៍ជាតិកម្ពុជា។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 28, 2016
  • ប្រធានបទ: ព័ត៌មាន-កែម ឡី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ទូរទស្សន៍ជាតិកម្ពុជា (ហៅកាត់ជាភាសាខ្មែរ ទទក និងហៅកាត់ជា​ភាសា​បារាំង TVK) បានប្រើប្រាស់ពាក្យ«យើង» ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួនដូច្នេះថា៖ «យើងគ្រាន់តែ​ចង់​បញ្ជាក់​ជូនថា នេះជាអ្វីដែលយើងបានធ្វើ។ យើងបានផ្សាយព័ត៌មាន ស្តីពីទិដ្ឋភាពនៃការហែរសពលោកបណ្ឌិត កែម ឡី រួចហើយ តាំងតែពីពេលសព​មិនទាន់ដល់ខេត្តតាកែវមកម្លេះ គឺនៅម៉ោងប្រមាណ ១៤ និង ១០ នាទី នៅ​លើ​កញ្ចក់​ទូរទស្សន៍ជាតិកម្ពុជា។»។

សំណេររបស់ទំព័រហ្វេសប៊ុកផ្លូវការនេះ បានធ្វើឡើង នៅក្រោយមានការរិះគន់ខ្លាំងក្លា ពីសំណាក់មហាជន ជា​ពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលលើកឡើងថា ទូរទស្សន៍ជាតិកម្ពុជា ដែលជា​ទូរទស្សន៍​រដ្ឋ​ទទួលប្រាក់ខែ ដែលបានមកពីការបង់ពន្ធ​របស់ពលរដ្ឋ តែបែរជាមិនបម្រើពលរដ្ឋទៅវិញ។

សម្រាប់អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា លោក គឹម គុណវឌ្ឍ វិញ មិនបានខ្វាយខ្វល់​ទៅនឹងការ​រិះគន់​ទាំង​នោះ​ទេ ដោយសារទូរទស្សន៍ជាតិបានចាក់ផ្សាយ ពីព័ត៌មាននេះរួចហើយ បើទោះជារយៈពេល​នៃការ​ចាក់​ផ្សាយ​នោះ មានត្រឹមតែ២នាទីក៏ដោយ។ លោក គុណវឌ្ឍ បានថ្លែងតាមរយៈ​សារព័ត៌មាន​ភ្នំពេញប៉ុស្ដ៍​ថា៖ «រឿង​​អស់​នេះ​ យើង​មិន​តបត ​ជាមួយ​មតិ​របស់​សាធារណជន​ ដែល​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ​​ទេ។ ​ប៉ុន្តែ​​គ្រាន់​តែ​​បញ្ជាក់​​ជូន​ថា ​យើង​​បាន​​ធ្វើ​​កាតព្វកិច្ច​ ក្នុង​នាម​យើង​​ជា​អ្នក​ព័ត៌មាន​​របស់​​ទូរទស្សន៍​រដ្ឋ។»។

» ខាងក្រោមនេះ ជារូបភាពបង្ហោះ​ដោយទំព័រហ្វេសប៊ុកខាងលើ ដែលអះអាងថា ជារូបភាពព័ត៌មាន ដែល​ទូរទស្សន៍​ជាតិ​បាន​ផ្សាយ៖

តែផ្ទុយទៅវិញ នៅក្នុងកម្មវិធីព័ត៌មាន​ទាំងស្រុង របស់ទូរទស្សន៍ជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដែល​ត្រូវបានគេថតទុកបាន នឹងយកទៅផ្សព្វផ្សាយ នៅលើគេហទំព័រចែកចាយវីដេអូ យូធូប (YouTube) នោះ គេ​មិន​ឃើញ​មានការចាក់ផ្សាយ ទាក់ទងនឹងការដង្ហែសពនោះទេ។ ខាងក្រោមនេះ ជាវីដេអូនៃកម្មវិធី​ព័ត៌មាន​នោះទាំងស្រុង៖

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម នៅតែបន្តការរិះគន់ ទៀតថា ការចាក់ផ្សាយដ៏តិចតួច មិនចំម៉ោង​ដែល​មនុស្ស​ចង់មើល មិនមែនជាសារជាតិ«ពិត» នៃការផ្សព្វផ្សាយព័ត៌មាននោះទេ ឬនិយាយម្យ៉ាងទៀតថា ជាការ​ចាក់​ផ្សាយ ដើម្បី«យកតែនាម»។ ជាពិសេស នៅពេលដែលព័ត៌មាន«ចែកអំណោយ» របស់មន្ត្រីរដ្ឋាភិបាល ដែល​មាន​មនុស្ស​តិចតួចចង់ទស្សនា បែរជាទូរទស្សន៍រដ្ឋមួយនេះ ចាក់ផ្សាយជាច្រើននាទី និងជាច្រើនដង។

ចំណែកឯព្រឹត្តិប័ត្រចេញផ្សាយប្រចាំថ្ងៃ ឈ្មោះ ខេមបូឌាដេលី វិញ បានរាយការណ៍ដែរថា គ្រប់ស្ថានីយ​ទូរទស្សន៍​ធំៗ នៅក្នុងប្រទេស មិនបានចុះផ្សាយអំពីពិធីដង្ហែសព ឬពិធីបញ្ចុះសពលោក កែម ឡី ឡើយ។ សារព័ត៌មាន​មួយនេះ បានលើកយកសំដី របស់និពន្ធនាយកនៅស្ថានីយម្ដងម្នាក់ៗ មករាយការណ៍ថា ពួកគេ​ខ្វះ​បុគ្គលិក​ធ្វើការ មិនផ្សាយព័ត៌មាននៅចុងសប្ដាហ៍ ឬក៏មានរឿងល្អជាងនេះ ដែលត្រូវចុះផ្សាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...