កែម ឡី៖ នៅពេលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថានៅមានជីវិតទេ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ តុលា ២០១៥
- កែប្រែចុងក្រោយ: October 29, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«នៅពេលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនៅមានជីវិតនោះទេ» នេះជាការអះអាង បង្ហើបឲ្យដឹង របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ពីជំហររបស់លោក ឆ្លើយតបទៅនឹងការសាកសួរ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ របស់លោក ជុន ចាន់បុត្រ អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលចង់ដឹងថា តើលោក កែម ឡី ធ្លាប់បានរងនូវការ«គម្រាម» ដោយប្រការណាមួយ ដែរឬទេ។
លោក កែម ឡី ដែលត្រូវបានគេស្គាល់ថា បានផ្ដល់ការធ្វើអត្ថាធិប្បាយ ដោយមិនសំចៃមាត់ក្នុងព្រឹត្តិការណ៍នយោបាយ និងសង្គមនៅក្នុងប្រទេសនោះ បានពន្យល់ថា នៅក្នុងប្រទេសមួយ ដែលសម្បូរទៅដោយខ្លា ពស់វែក និងត្រីឆ្លាមនោះ វាមិនមែនជាកន្លែង សម្រាប់ឲ្យនរណាៗ ក៏អាចផ្ដល់នូវការបញ្ចេញមតិ ប្រកបដោយសុភវិនិច្ឆ័យ និងភាពមោះមុតបាននោះឡើយ។
ផ្ដល់គំរូដល់យុវជន...
លោកបានថ្លែងបន្តថា៖ «ប៉ុន្តែ បើយើងនាំគ្នាខ្លាច ខ្លាចទាំងអស់គ្នា យើងអត់អាចមានលទ្ធភាព ផ្ដល់គំរូដល់យុវជននោះទេ។ យើងអត់មានលទ្ធភាព កែប្រែប្រទេសយើងនោះទេ។ អញ្ចឹងហើយ បានជាខ្ញុំហ៊ាននិយាយបែបនេះ។»
ការលើកឡើងខាងលើរបស់លោក កែម ឡី បានធ្វើឡើង បន្ទាប់ពីការវិភាគមួយរបស់លោក នៅក្នុងកម្មវិធីលើកមុន របស់វិទ្យុអាស៊ីសេរី ដែលនិយាយទាក់ទងនឹងការវាយដំ ទាត់ធាក់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ នៅក្រោយបាតុកម្មមហាជន ទាមទារទម្លាក់លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ចេញពីតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភាជាតិ។
នៅពេលនោះ លោក កែម ឡី បានចាក់ចំឫសគល់ នៃករណីវាយដំនេះ ថាកើតឡើងពីខ្សែរញ៉ាក់ នៅខាងក្រោយតែដដែលៗ និងតែមួយប៉ុណ្ណោះ។ ហើយអ្នកកាន់ខ្សែរញ៉ាក់នេះទៀតសោធ មានចរិកដូច«ម៉ៃថៃសុន (Mike Tyson)» អតីតអ្នកប្រដាល់ជាតិអាមេរិក ដែលប្រដាល់តាមច្បាប់ប្រដាល់មិនឈ្នះ បែរជាលេងខាំ«ស្លឹកត្រជៀក»គូប្រកួតរបស់ខ្លួន កីឡាករប្រដាល់ «ហូលីហ្វៀល (Evander Holyfield)»។
ចរិកលេង«ខាំស្លឹកត្រជៀក» របស់«ម៉ៃថៃសុន» ដែលធ្វើឲ្យក្រុមអ្នកតាមដានស្ថានការណ៍ ជាពិសេសអ្នកដែលស្គាល់ ពីនយោបាយកម្ពុជា ចាត់ទុកថា ជាការសំដៅទៅរកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច ដោយកណ្ដាប់ដៃដែក តាំងពីជាង៣ទសវត្សន៍មកហើយ។
ប៉ុន្តែការលើកឡើង ប្រៀបប្រដូចលោក ហ៊ុន សែន នេះ ទៅនឹងអតីតកំពូលអ្នកប្រដាល់ ម៉ៃថៃសុន មិនមែនទើបតែមាន ជាលើកទីមួយនោះទេ។ កាលពីឆ្នាំ១៩៩៧ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥-៦កក្កដា នៃការធ្វើរដ្ឋប្រហារ បណ្ដេញព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ចេញពីអំណាច ជានាយករដ្ឋមន្ត្រីទីមួយនោះ លោក ហ៊ុន សែន ក៏ត្រូវបានគេចំអកឲ្យ ថាមានចរិក ជាអ្នកប្រដាល់លេងខូច «ម៉ៃថៃសុន» ដែរ។ ប៉ុន្តែនៅពេលនោះ លោកបានថ្លែងបដិសេធ ជាសាធារណៈ តបទៅវិញថា៖ «គេថា លោក ហ៊ុន សែន វ៉ៃដូចម៉ៃថៃសុន។ ខ្ញុំប្រាប់ទៅវិញថា ម៉ៃថៃសុន វ៉ៃលេងខាំស្លឹកត្រជៀក ឯខ្ញុំ ខ្ញុំវ៉ៃដោយតម្លាភាព។»
យ៉ាងណាក៏ដោយ លោក កែម ឡី បានថ្លែងដោយមោទនៈ នៅក្នុងវិទ្យុអាស៊ីសេរីទៀតថា តាំងពី៤ ឬ៥ឆ្នាំមុន រហូតមកដល់ពេលនេះ លោកមិនដែលរងនូវការគម្រាមណាមួយ ធ្វើឡើងដោយផ្ទាល់ មកកាន់រូបលោកឡើយ។ លោកបានឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យមានបរិយាកាសរបៀបនេះ ទៅលើអ្នកដទៃគ្រប់រូប ដែលហ៊ានបញ្ចេញមតិ»៕