សម្ភាស៖ តើមានអ្វីខុសគ្នា សម្រាប់«បាតុកម្ម»នៅកម្ពុជា?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៧ តុលា ២០១៥
- កែប្រែចុងក្រោយ: October 28, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះបាតុកម្ម ដែលបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេសបាតុកម្ម គាំទ្រគណបក្សប្រជាជនកម្ពុជា និងទាមទារឲ្យទម្លាក់លោក កឹម សុខា ឲ្យចេញពីតំណែង ជាអនុប្រធានទីមួយនោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជួបសម្ភាសជាមួយពលរដ្ឋម្នាក់ ដែលកំពុងប្រកបរបរ ជាអ្នករត់ម៉ូតូឌុប និងឈប់រេរានៅមុខរដ្ឋសភាជាតិ។ បុរសម្នាក់នេះ ដែលបានផ្ដល់ការថតសម្លេង តែសុំលាក់មិនបញ្ចេញឈ្មោះ បានអះអាងថា នៅកម្ពុជាមានបាតុកម្ម បីប្រភេទ៖ បាតុកម្មគាំទ្រគណបក្សប្រជាជនកម្ពុជា បាតុកម្មគាំទ្រគណបក្សសង្គ្រោះជាតិ និងបាតុកម្មរបស់ពលរដ្ឋ ដែលសំដែងមតិ មិនពេញចិត្ត ឬទាមទារពីរឿងអ្វីមួយ។
ប៉ុន្តែទោះជាបាតុកម្ម ក្នុងប្រភេទណាក៏ដោយ ក៏លោកបានសង្កេតឃើញថា មានការអនុវត្តច្បាប់«ពីរ» ដោយឡែកពីរគ្នា។ ការអនុវត្តច្បាប់បែបទីមួយ បើបាតុកម្មណា ដែលមាននិន្នាការប្រឆាំងការគ្រប់គ្រង ឬការដោះស្រាយ របស់អាជ្ញាធររដ្ឋ តែងមានការរារាំង ឬការបង្ក្រាប ពីកម្លាំងមានសមត្ថកិច្ចរបស់ជាតិ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជានោះឯង។
លោកបានលើកជាឧទាហរណ៍ថា ដូចជាករណីក្រុមបាតុករ ជាប្រជាពលរដ្ឋ កម្មករ ឬនិស្សិត យុវជន ដែលទាមទារ ស្វែងរកកិច្ចដោះស្រាយ ពីរដ្ឋាភិបាលនូវបញ្ហាដីធ្លី, បញ្ហាការកាប់បំផ្លាញព្រៃឈើ, បញ្ហាការពារធនធានធម្មជាតិ, បញ្ហាសិទ្ធិសេរីភាព, បញ្ហាប្រាក់ខែ (ដូចជាកម្មករ គ្រូបង្រៀន), បញ្ហាបង្កើតច្បាប់គ្រង់គ្រងអង្គការ ឬបញ្ហាទាមទារនានា របស់គណបក្សប្រឆាំងជាដើម រមែងរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់កម្លាំងចម្រុះ ឬក្រុមសន្តិសុខតាមបណ្តាខណ្ឌនានា មកធ្វើការរារាំង ចាប់យកសម្ភារៈមានតម្លៃ រហូតប្រើប្រាស់នូវហិង្សា មកលើស្រីភេទ និងកុមារ ហើយឈានដល់ការចាប់ខ្លួន ក្រុមបាតុករភ្លាមៗក៏មាន។
អ្នករត់ម៉តូឌុបរូបនេះ បានបន្តថា ជាក់ស្តែងដូចជាក្រុមយុវជន ត្រឹមតែពីរទៅបីនាក់ប៉ុណ្ណោះ ធ្វើការសម្តែងមតិ ដោយស្នើឲ្យរដ្ឋាភិបាលរក្សា និងការពារតំបន់ធម្មជាតិ អារ៉ែង ខេត្តកោះកុងជាដើម តែងតែមានការរារាំង ដោយកម្លាំងសមត្ថកិច្ចរាប់រយនាក់ មានអាវុធយុទ្ធភ័ណ្ឌសឹងគ្រប់ដៃ ជាមួយនឹងរនាំងដែក បិទបាំង និងហាមឃាត់ មិនឲ្យសម្តែងមតិឡើយ។ ពួកគេ (សមត្ថកិច្ច) ក្រោមហេតុផលប្រឆាំងនឹងអាជ្ញាធរសាធារណៈ ដែលក្រុមយុវជននោះ មិនឈប់សម្តែងមតិ តាមការបង្គាប់បញ្ជារបស់ខ្លួន ក៏ត្រូវបានចាប់ និងឃាត់ខ្លួន និងឃុំខ្លួន នៅពន្ធនាគារជាដើម។
លោកបន្តថា ក្នុងពេលកន្លងមកនេះ រាល់«បាតុកម្ម»របស់ប្រជាពលរដ្ឋ ឬយុវជនដែលទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអ្វីមួយនោះ ជាមួយនិងមធ្យោបាយ ដើរដោយថ្មើជើង ឬជិះកង់ ម៉ូតូ ឬម៉ូតូកង់បី (ទុកទុក) ក៏តែងតែមានការរារាំង ពីក្រុមសមត្ថកិច្ច ក្រោមការបង្គាប់បញ្ជា របស់សាលារាជធានីភ្នំពេញ ក៏ដូចជាក្រុមសន្តិសុខសណ្តាប់ធ្នាប់ ក្រោមការបញ្ជាដោយសាលាខណ្ឌជាដើម មកចាប់កង់ ម៉ូតូ ឬទុកទុក មិនឲ្យធ្វើចរាចរណ៍ឡើយ ក្រោមហេតុផលសណ្តាប់ធ្នាប់ល្អសង្គម និងការកកស្ទះចរាចរ ឬការធ្វើដោយគ្មានច្បាប់អនុញាត។ លោកសង្កេតឃើញថា ជានិច្ចកាល ក្រុមសមត្ថកិច្ច រួមទាំងក្រុមសន្តិសុខរបស់ខណ្ឌ តែងតែមានចំនួនច្រើនជាងក្រុមបាតុករ ដែលទាមទារ និងធ្វើការសម្តែងមតិទៅទៀត។
លោកបានបង្ហាញ នូវការអនុវត្តច្បាប់បែបទី«ពីរ» ចំពោះបាតុកម្មនៅកម្ពុជាថា ជាក់ស្តែងបើបាតុករ ដែលបានធ្វើបាតុកម្ម តាមបែបគាំទ្រ «រដ្ឋាភិបាល ប្រឆាំងទៅនឹងនណាម្នាក់ ក្រុមណាមួយ ឬបក្សណាមួយ ដែលប្រឆាំងនឹងរដ្ឋាភិបាលនោះ អាជ្ញាធរសាធារណៈ ក្រោមការបង្គាប់បញ្ជារបស់លាលាក្រុង ក៏ដូចជាខណ្ឌ មិនបានធ្វើការរាំរាំងឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរថែមទាំងផ្តល់ជាកម្លាំងចិត្ត ឬកិច្ចការពារយ៉ាងមាំទាំ ថែមទៀតផង។»
ចំពោះច្បាប់ទីពីរ ដែលរដ្ឋាភិបាលកំពុងអនុវត្តនេះ លោកថា វាបានបង្ហាញឲ្យឃើញយ៉ាងច្បាប់ ចំពោះករណី «ហិង្សា»នៅមុខរដ្ឋសភា ដែលជាបាតុកម្មទាមទារ ឲ្យទម្លាក់លោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភាកាលពីថ្ងៃទី២៦ ខែតុលានេះឯង។ លោកបន្តថា បាតុកម្មនៅមុខរដ្ឋសភា នាថ្ងៃទី២៦ ខែតុលានេះ លោក «មិន»បានឃើញ «វត្តមានសមត្ថកិច្ចចម្រុះ ឬក្រុមសន្តិសុខ នៃខណ្ឌចំការមន ឬខណ្ឌដូនពេញ មករារាំងដូចមុនៗ»នោះឡើយ។ ហើយក៏«មិនមានការដាក់រនាំងដែកបិទ បាំង» មិនឲ្យចូលមុខវិមានរដ្ឋសភា ដូចបាតុកម្មប្រជាពលរដ្ឋ និងក្រុមយុវជន ដែលតែងចោទថា មាននិន្នាការគាំទ្របក្សប្រឆាំង ដូចមុនៗនោះដែរ។ លោកបន្តថា ក្រុមបាតុករដែលមាននិន្នាការ គាំទ្រគណបក្សប្រជាជនកម្ពុជាទាំងនោះ អាចធ្វើដំណើរ ដោយរថយន្តធុនធំៗ និងរថយន្តធុនទំនើបៗ មកចុះផ្ទាល់ នៅនឹងមុខរដ្ឋសភាតែម្តង។
» សូមទស្សនាវីដេអូ៖
ក្រៅពីនេះ អ្វីដែលគួឲ្យកត់សម្គាល់នោះ លោកបានលើឡើងថា មានបាតុករនោះភាគច្រើន ជាបុរស ដែលមានកម្លាំងពេញ (បុរស ឬមនុស្សប្រុសបេញវ័យ) ជាមួយនិងការចងក្រមា ជាសម្គាល់។ ហើយក៏មានយុវជនជាច្រើនទៀត ដែលមាន«មូតសក់ច្រឹបសងខាង»រាប់រយនាក់ ដូចជាក្រុមប៉េអិម ក្នុងសណ្ឋានស៊ីវិល មកធ្វើការចូលរូម។ ក្នុងនោះក៏មានអ្នកខ្លះកាន់អាវុធ និងភាគច្រើនកាន់វិទ្យុទាក់ទង ដែលថ្មីៗនេះ ត្រូវបានក្រសួងមហាផ្ទៃដកហូតអស់ទៅហើយនោះ។
ជាមួយនឹងបញ្ហាខាងលើ ក្នុងនាមលោកជាប្រជាពលរដ្ឋម្នាក់ បានលើកជាសំនួរថា តើកម្លាំងសមត្ថកិច្ចចម្រុះរបស់ក្រសួងមហាផ្ទៃ របស់សាលារាជធានីភ្នំពេញ ឬកម្លាំងសន្តិខុសទាំងអស់របស់ខណ្ឌ បាត់ទៅណាអស់ហើយ បានជាបណ្តែតបណ្តោយ ឲ្យក្រុមបាតុករទាំងនោះ អាចជិះរថយន្តយ៉ាងគគ្រឹកគ្រេង ចូលដល់មុខរដ្ឋសភាយ៉ាងដូច្នេះ? ឬមួយកម្លាំងទាំងនេះ «រវល់»តែចូលរួមក្នុងបាតុកម្មនេះដែ?
លោកបានអះអាងថា៖ «កុំលើកហេតុផលថាមិនដឹង បើសូម្បីតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅដល់ប្រទេសបារាំង ក៏លោកបានដឹងថា នៅកម្ពុជាមាន«បាតុកម្ម»ទម្លាក់លោក កឹម សុខា ពីអនុប្រធានទីមួយ នៃរដ្ឋសភាដែរ។ តើរឿងអ្វីក្រុមសមត្ថកិច្ច ថាមិនដឹងនោះ មិនអាចទៅរួចឡើយ!?។ (...) ចុះអារឿងក្រុមយុវជនមាតាធម្មជាតិ, រឿងអ្នកបឹងកក់, រឿងអ្នកបុរីកីឡា, អ្នកថ្មគោល និងរឿងសមាគមន៍ខ្មែរ កម្ពុជាក្រោមជាដើម នាពេលកន្លងមក មិនទាន់ទាំងបានជួបជុំគ្នា ក្នុងគម្រោងសម្តែងមតិ ទាមទារអ្វីមួយផងនោះ ក៏ស្រាប់តែមានសមត្ថកិច្ចរាប់រយនាក់ ងើបមកទាំងយប់ ធ្វើការត្រៀមចាំបំបែក និងបិទច្រកចេញចូលអស់ទៅហើយ។ (...) ហេតុអ្វីបានជាដឹងលឿនម្លេះ?»
សម្រាប់អ្នកសារព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែលបានចុះផ្ទាល់នឹងកន្លែងកើតហេតុ ឬកន្លែងបាតុកម្មមុខរដ្ឋសភានេះ ក៏បានសង្កេតឃើញដែរថា ក្នុងចំណោមបាតុករទាំងអស់នោះ ភាគច្រើនជាសន្តិសុខ មកពីតាមបណ្តាខណ្ឌនានា និងមានបុគ្គលមួយចំនួន ចេញពីទីស្តីការគណរដ្ឋមន្រ្តីផងដែរ។ ក្នុងចំណោមបាតុករនោះ ក៏មានវត្តមាន លោកអភិបាលរងខណ្ឌចំការមន ចូលរួមផងដែរ។ ហើយអភិបាលរងរូបនេះ ថែមទាំងហាមឃាត់ មិនឲ្យអ្នកយកព័ត៌មាន របស់ទស្សនាវដ្តីចូលយកព័ត៌មានឡើយ ក្រៅពីក្រុមបាតុករ ដែលមានសញ្ញាសម្គាល់របស់ពួកគេ។ ក្រៅពីនោះ នៅមានប្រធានក្រុមសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដែលធ្លាប់ព្យាយាម និងប៉ុនប៉ងចាប់យកការមេរ៉ា របស់ទស្សនាវដ្តីកាលពីបាតុកម្ម នៅវត្តភ្នំដើមឆ្នាំ២០១៥នេះទៀតផង៕