បក្សទាំងពីរប្រជែងគ្នា ទាញប្រជាប្រិយភាពពីពលករ«រងគ្រោះ»ខ្មែរ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ត្រឹមហេតុផលកាតព្វកិច្ច និងមនុស្សធម៌មិនគ្រប់គ្រាន់នោះទេ តែក៏ត្រូវមានហេតុផលនយោបាយ នៅពីក្រោយផងដែរ ដើម្បីអាចជំរុញឲ្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើពលីកម្មដុតដៃដុតជើង ជ្រោមជ្រែងដល់ពលករខ្មែរចំណាកស្រុក ដែលត្រូវរបបយោធាថៃចាប់បញ្ជូនមកវិញ។
ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)
នយោបាយ - បន្ទាប់ពីបានរិះគន់ធ្ងន់ៗ ថាវិបត្តិពលករដ៏រជើបរំជួលនេះ មានឬសគល់ពីអសមត្ថភាព ក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះ គណៈប្រតិភូគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្ស កំពុងតែដឹកនាំបេក្ខជនតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា របស់ខ្លួន ទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យស្ថានភាពពលករខ្មែរ និងធ្វើសកម្មភាពមនុស្សធម៌ចំពោះពួកគ។
អនុប្រធានទី១គណៈកម្មការវិន័យ របស់គណបក្សសង្រ្គោះជាតិ លោក ហូរ វ៉ាន់ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ នេះថា គណបក្សសង្រ្គោះជាតិកំពុងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព នូវមូលនិធិរបស់គណបក្ស និងការចូលរួមវិភាគទាន ពីសំណាក់សប្បុរសជន ដើម្បីចូលរួមចែករំលែកការលំបាករបស់ពលករខ្មែរ ច្រើនម៉ឺននាក់ ដែលកំពុងប្រឈមការលំបាកនៅចំពោះមុខ។
លោក ហូរ វ៉ាន់ បន្តថាគណបក្សប្រជាជនកម្ពុជា មិនត្រូវដាក់បន្ទុកធ្ងន់ធ្ងរមកលើកគណបក្សសង្រ្គោះជាតិ ចំពោះវិបត្តិពលករបានទេ ព្រោះគណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ ដែលមិនមានសមត្ថកិច្ចគ្រប់គ្រងការងាររដ្ឋាភិបាល។ មន្រ្តីរបស់គណបក្សជំទាស់ដដែលនេះ បញ្ជាក់ថា៖ «យើងបានគិតគូរ ជាមនុស្សធម៌តាមលទ្ធភាព។ យើងមិនកាន់រដ្ឋាភិបាល តែយើងធ្វើឲ្យអស់ពីលទ្ធភាពរបស់យើង។»
រីឯរដ្ឋាភិបាលកម្ពុជាវិញ បានអះអាងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិការយ៉ាងហោចណាស់ជាង៥លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហា ដំណើរ នៃការវិលត្រលប់របស់ពលករខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ។ ចំពោះមុខការវិលត្រឡប់របស់ពលករខ្មែរ ជិតពីរសែននាក់ ដែលត្រូវរបបយោធាថៃថ្មី ចាប់បញ្ជូនមកកម្ពុជាវិញយ៉ាង តក់ក្រហល់នេះ មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួន បើទោះជាបានទទូចឲ្យភាគីខ្មែរពាក់ព័ន្ធ គម្បីឯកភាពគ្នាដោះស្រាយបញ្ហាចំពោះមុខក៏ដោយ ក៏មន្រ្តីទាំងនោះ បានឆ្លៀតឱកាសវាយបកមកលើគណបក្សសង្រ្គោះជាតិ ខ្លះៗផងដែរ។
អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ របស់គណបក្សប្រជាជនកម្ពុជា លោក កែ គឹមយ៉ាន នៅថ្ងៃម្សិលមិញនេះ បានអះអាងចំពោះមុខពលករខ្មែរ នៅច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការព្រួយបារម្ភរបស់ពលករ ទាំងពេលបច្ចុប្បន្ន និងអនាគត។
មុនមួយថ្ងៃ នៃដំណើរបស់អនុប្រធានគណបក្សជំទាស់លោក កឹម សុខ ទៅកាន់ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យរបស់គណបក្សប្រជាជនកម្ពុជា បានព្រលយពាក្យចំពោះមុខពលករខ្មែរថា៖ «ខ្ញុំសុំថា បើគាត់មកឈ្លោះគ្នា កុំស្វាគមន៍គាត់ ស្វាគមន៍តែអ្នកជួយទៅបានហើយ។ កន្លងមកឯងធ្វើល្អសោះ គាត់(បក្សសង្រ្គោះជាតិ) ទៅជាស្រែក ហើយថាខ្លួនឯងជួយពលករ តែមកដល់ បែរជាមកបង្អាប់រដ្ឋាភិបាលទៅវិញ៕»