«បើភ្នែកខ្ញុំខ្វាក់ តើមានអ្នកណាចិញ្ចឹមប្អូនៗរបស់ខ្ញុំទាំង៧នាក់»
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: October 10, 2014
- ប្រធានបទ: សុបិន្ដថ្ងៃស្អែក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សិទ្ធិ - ប៉ាង វន្នី អាយុ ៣៨ ឆ្នាំ ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករ២៣ ដែលសមត្ថកិច្ចបានវាយទ្រោមខ្លួន និងចងដៃស្លាបសេកដោយជ័រស្វិត ឲ្យដេកនៅតាមដងផ្លូវមុនបញ្ជូនខ្លួន ទៅទីបញ្ជារការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយដែលទើបតែមានសេរីភាពវិញ តែត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ កាលពីថ្ងៃទី ៣០ ខែឧសភានោះ បានថ្លែងឲ្យដឹងថា ជំងឺរបស់លោក ពុំមានពេលធូរស្រាលឡើយ ចាប់តាំងពីថ្ងៃដែលសមត្ថកិច្ចវាយបង្ក្រាប រហូតដល់សព្វថ្ងៃនេះ។ លោកបានថ្លែងឲ្យដឹងថា៖ «ក្បាលខ្ញុំ ដែលគេវាយដំគ្រប់កន្លែងនៅតែឈឺ ហើយភ្នែកខ្ញុំស្រវាំង ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកំពុងភ័យថា ខ្ញុំអាចខ្វាក់ទៅថ្ងៃក្រោយ ប្រសិនបើខ្ញុំមិនមានថ្នាំព្យាបាល»។
អង្គុយនៅក្នុងតូបតូចមួយ ខាងក្រៅបរិវេណផ្ទះជួល ដែលជាទីតាំងកំលាំងចម្រុះចុះវាយដល់បន្ទប់ មុនចាប់ខ្លួននោះ យុវជន វន្នី បានថ្លែងឲ្យដឹងថា សព្វថ្ងៃនេះ លោកបានទទួលថ្នាំព្យាបាលពីសំណាក់អង្គកាលីកាដូ ប្រសិនបើពុំបានថ្នាំនោះទេ លោកមិនដឹងថាជីវិតរបស់លោក ទៅជាយ៉ាងណានោះទេ។ ប៉ុន្តែលោកព្រួយបារម្ភថា តើថ្នាំនោះ អាចជួយទប់ស្កាត់នូវការវិវន្តនៃភ្នែករបស់លោក បានដែររឺអត់? វន្នី បានថ្លែងឲ្យដឹងថា៖ «ខ្ញុំបារម្ភថា បើភ្នែកខ្ញុំខ្វាក់ តើមានអ្នកណាចិញ្ចឹមប្អូនៗរបស់ខ្ញុំ ទាំង៧នាក់នោះ ពីព្រោះយើងជាកូនកំព្រារ។ ខ្ញុំមិនមានកំហុសអីសោះ វាយធ្វើបាបខ្ញុំដល់ថ្នាក់នេះ ហើយចាប់ដាក់គុក ព្រមទាំងកាត់ទោស៣ឆ្នាំទៀត។ ចុះទាហានវាយខ្ញុំ ម៉េចមិនចាប់ដាក់គុកផង?»។
និយាយទាំងអួលដើមក ដោយរំលឹកនូវព្រឹត្តិការណ៍ ដែលបានកើតឡើងកន្លងមកថា នៅថ្ងៃដែលកើតហេតុនោះ លោកកំពុងតែអានសៀវភៅខ្មែរ ប្រែជាភាសាអង់គ្លេស នៅក្នុងបន្ទប់ជួល ស្រាប់តែក្រុមទាហាន ប៉េអឹម គេចូលមកវាយបន្ទប់របស់លោក ហើយវាយលោកតែម្តង បើទោះជាលោក នឹងប្អូនស្រីៗអង្វរគេយ៉ាងណា ក៏គេមិនស្តាប់ដែរ។ លោកបានថ្លែងថា ៖ «គេវាយអូសខ្ញុំពីបន្ទប់ ហើយគេវាយខ្ញុំតាមផ្លូវរហូត ទៅដល់ខាងមុខគ្លីនិកឯកជនមួយ គេចងដៃខ្ញុំស្លាបសេកជាមួយនឹងជ័រ ហើយឲ្យដេកផ្កាប់មុខទៅនឹងថ្នល់ ប៉ុន្តែគេនៅតែបន្តវាយរហូតដល់សន្លប់។ បន្ទាប់គេយកទឹក មកជះឲ្យដឹងខ្លួន គេយកជើងគេ ដែលពាក់ស្បែកជើងក្រាស ឈូសចិញ្ចើមយើងឲ្យងើយមុខ។»
«ពួកវាធ្វើសាហាវណាស់ ហើយខ្ញុំក៏មិនគិតថាខ្ញុំរស់ដែរ តែជីវិតខ្ញុំថ្លៃ ខ្ញុំរួចផុតពីការស្លាប់»។
និយាយបណ្តើក្អកបណ្តើរ វន្នី បានថ្លែងឲ្យដឹងទៀតថា សព្វថ្ងៃនេះ នៅពេលដែលលោកឈ្ងោកមុខហូបបាយ ធ្វើឲ្យចាប់ក្បាលឈឺតែម្តង ដោយសារនៅថ្ងៃនោះ គេវាយចំកញ្ចឹងករបស់លោក ក្រោយពីគេវាយសំពងហើមពេញក្បាល និងសៀតផ្កា។ គេថែមទាំងយកដំបង វាយចំដើមទ្រូងលោកទៀតផង។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«សព្វថ្ងៃនេះពេលខ្លះ ខ្ញុំក្អកមកមានចេញខ្មៅៗ រាល់ថ្ងៃនេះ ខ្ញុំពឹងតែអង្គការទេ ប្រសិនបើគេឈប់ឲ្យថ្នាំ ខ្ញុំមិនដឹងថាបានថ្នាំអ្វីព្យាបាលនោះទេ»។
វន្នី បានថ្លែងឲ្យដឹងទៀតថា ដើម្បីរកយុត្តិធម៌ដល់រូបលោកនោះ គឺលោកនឹងពិភាក្សាជាមួយមេធាវី ដើម្បីប្តឹងទៅសាលាឧទ្ទរណ៍ ទម្លាក់បទចោទមកលើរូបលោក ព្រមទាំងប្តឹងមន្ត្រី ដែលជាសមត្ថកិច្ចវាយមកលើពួកលោក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «សមត្ថកិច្ចទាំងនោះ មិនត្រូវរួចខ្លួនទេ ពួកយើងគ្មានកំហុសសោះ ហេតុអីបានជាមានទោស សមត្ថកិច្ចវិញទេ ទើបជាអ្នកមានទោស»។
មិនខុសគ្នាប៉ុន្មានអំពី វន្នី លោក វ៉ន ពៅ ប្រធានសមាគមន៍ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងឲ្យដឹងថា រូបលោក ក៏ចាប់ផ្តើមមានអាការៈស្រវាំងភ្នែកផងដែរ នៅពេលក្បាលរបស់លោក ដែលត្រូវបានសមត្ថកិច្ចវាយឲ្យបែកនោះ ចាប់ផ្តើមធ្វើទុក។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំក៏កំពុងតែបារម្ភអំពីភ្នែកខ្ញុំដែរ ខ្ញុំមើលមិនសូវឃើញច្បាស់ទេ ដូច្នេះនៅថ្ងៃ ដែលខ្ញុំទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសថៃ ខ្ញុំនឹងឲ្យពេទ្យពិនិត្យអំពីបញ្ហានេះ។ ខ្ញុំគិតថា អ្នកដែលត្រូវសមត្ថកិច្ចវាយ គឺមានបញ្ហានេះស្ទើទាំងអស់គ្នា។»។
កាលពីថ្ងៃទី៣០ ខែឧសភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់តម្រឹមទោស ជនជាប់ចោទទាំង ២៥ នាក់ ក្នុងករណីបង្ក្រាបបាតុកម្ម ៣ ករណីផ្សេងគ្នា គឺនៅរោងចក្រយ៉ាក់ជីង ១០ នាក់ ផ្លូវវេងស្រេង ១៣ នាក់ និងរោងចក្រកាត់ដេរ អេស អិល ២ នាក់ ត្រូវបានចៅក្រម ដោះលែងឲ្យមានសេរីភាពឡើងវិញ។ ជាមួយនឹងការសម្រេចកាត់តម្រឹមទោសដូច្នេះ គឺចៅក្រមក៏បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារលើជនជាប់ចោទ ទាំង ២៥ នាក់ ចន្លោះចាប់ពី ៦ ខែ រហូតដល់ ៤ឆ្នាំកន្លះ។ ជនទាំង ២៥នាក់ ជាប់ចោទពីបទផ្តួចផ្តើមគំនិត ឲ្យមានអំពើហិង្សា បង្កអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រកាត់ដេរ និងជេរប្រមាថ ប្រឆាំងមន្ត្រីរាជការ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងឲ្យដឹងថា ចំពោះអ្នកទាំង២៣នាក់នោះ គឺសុខភាពរបស់ពួកគាត់ កំពុងតែវិវត្តទៅរកភាពធ្ងន់ធ្ងរ ដូច្នេះពួកគាត់ត្រូវការការព្យាបាល ហើយពេទ្យខាងលីកាដូ និងធ្វើការតាមដានជំងឺរបស់ពួកគាត់ទៀត។ បើមិនអាចព្យាបាលនៅទីនេះបានទេ ត្រូវបញ្ជូនទៅប្រទេសជិតខាង។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «បើយើងក្រឡេកមើលប្រព័ន្ធយុត្តិធម៌វិញ ពួកគាត់សុទ្ធតែរងគ្រោះក្នុងការវាយប្រហារទាំងអស់ ដូច្នេះសួរថា តើពួកគាត់គួរត្រូវកាត់ទោសម្នាក់ ពី៦ខែដល់ ៤ឆ្នាំកន្លះទេ?»៕