វិវាទ​ការងារ​នៅ​រោងចក្រ អែស.អិល ឈាន​ដល់​ដុត​ឡាន​នគរបាល

រហូតមកដល់ពេលនេះ វិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ អែស.អិល នៅតែបន្តអូសបន្លាយ មិនអាចដោះស្រាយ​រួច អស់រយៈពេលជាង៣ខែមកហើយ បើទោះជាពួកកម្មករបានព្យាយាមជាច្រើនលើកច្រើនសារ ស្នើឲ្យស្ថាប័នដែល​ពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ ដ៏ចម្រូងចម្រាសនេះ ក្នុងនោះមានទាំងក្រសួងការងារ សាលារាជធានី​ភ្នំពេញ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះក៏ដោយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ពេលនេះ វិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ អែស.អិល នៅតែបន្តអូសបន្លាយ មិនអាចដោះស្រាយ​រួច អស់រយៈពេលជាង៣ខែមកហើយ បើទោះជាពួកកម្មករបានព្យាយាមជាច្រើនលើកច្រើនសារ ស្នើឲ្យស្ថាប័នដែល​ពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ ដ៏ចម្រូងចម្រាសនេះ ក្នុងនោះមានទាំងក្រសួងការងារ សាលារាជធានី​ភ្នំពេញ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះក៏ដោយ។


រថយន្ដនិងម៉ូតូ របស់កងនគរបាល ត្រូវបានក្រុមបាតុករ ដុតកម្ទេចចោល។ (រូបថត ហ្វេសប៊ុក)

ចំណោទសង្គម - ការមិនដោះស្រាយ ដែលធ្វើឲ្យវិវាទការងារនេះ នៅតែបន្តអូសបន្លាយ និងកាន់តែមានភាពធ្ងន់ធ្ងរ។

គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ យ៉ាងហោចណាស់ក៏មានរថយន្តមួយគ្រឿង និងម៉ូតូពីរគ្រឿង​របស់កងកម្លាំងសមត្ថកិច្ចបង្រ្កាបបាតុកម្ម ត្រូវបានវាយកម្ទេច និងដុតបំផ្លាញ ដោយហ្វូងបាតុករ ខណៈកងកម្លាំង​សមត្ថកិច្ច និងក្រុមបាតុករ ក៏មានរងរបួសរៀងៗខ្លួន។ នៅក្នុងហេតុការណ៍នេះដែរ មានបាតុករ៣នាក់ បានរងរបួសធ្ងន់ ដោយបានរងគ្រាប់កាំភ្លើងពិត ពីកងកម្លាំងសមត្ថកិច្ច។

គេហទំព័រភ្នំពេញប៉ុស្ដ៍ បានរាយការណ៍មុននេះបន្តិចថា មានមនុស្សដល់ទៅ ៩នាក់បានរងរបួស ក្នុងនោះស្ត្រី​អ្នក​លក់​បាយម្នាក់ ក្នុង​ចំណោម​អ្នក​ត្រូវ​របួស​ ដែល​បាន​ដឹក​ទៅ​មន្ទីរ​ពេទ្យ បាន​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ ក្រោយ​ពី​របួស​ចំ ក្រោម​ដោះ​ខាង​ស្តាំ។

យោងតាមសាក្សីនៅមុខវត្តស្ទឹងមានជ័យ ដែលជាកន្លែងកើតហេតុបានអះអាងថា មូលហេតុឈានទៅដល់ការប៉ះទង្គិច​ដោយហិង្សានេះ ក៏ព្រោះតែកម្លាំងសមត្ថកិច្ចច្រើនរយនាក់ ប្រដាប់ដោយខែល គ្រាប់បែកផ្សែង និងរថយន្តពន្លត់អគ្គីភ័យ​ជាង១០គ្រឿងបានបិតផ្លូវ មិនឲ្យក្រុមកម្មកររោងចក្ររាប់ពាន់នាក់ ធ្វើដំណើរយកញ្ញតិ្តទៅដាក់ផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យជួយដោះស្រាយវិវាទការងារនេះ។

លោក មឿន តុលា ប្រធានផ្នែកកម្មវិធីសិទិ្ធការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូថា ក្នុងហេតុការណ៍ប៉ះទង្គិចនេះ មានចំនួនសមត្ថកិច្ចច្រើនណាស់ ភាគច្រើនមកពីខណ្ឌទាំង៩ ក្នុង​រាជធានីភ្នំពេញ បានហាមឃាត់មិនឲ្យកម្មករយកញ្ញត្តិទៅដាក់ផ្ទះលោកនាយកមន្រ្តី ហ៊ុន សែន។ ប្រធានផ្នែកកម្មវិធី​ដដែលនេះបន្តថា ក្នុងពេលប្រឈមមុខដាក់គ្នា នៅមុខវត្តស្ទឹងមានជ័យនោះ កម្មករបានព្យាយាមឆ្លងកាត់របាំងសមត្ថកិច្ច តែសមត្ថកិច្ចមិនអនុញ្ញាត និងបានបាញ់ទឹកដាក់ក្រុមកម្មករ ហើយកម្មករក៏បានគប់ដុំថ្មទៅលើក្រុមសមត្ថកិច្ចវិញ ដែល​ជម្រុញឲ្យស្ថានការណ៍កាន់តែមានភាពធ្ងន់ធ្ងរ។

គួរម្លឹកថា ក្នុងសេចក្តីថ្លែងការណ៍ របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលបានចេញផ្សាយកាល​ពីពេលថ្មីៗនេះ បានស្នើសុំ ៣ចំណុចឲ្យរដ្ឋាភិបាលដោះស្រាយប្រកបដោយប្រសិទ្ធភាព គឺ៖

ទី១) ត្រូវដកកម្លាំងការពារ និងបញ្ឈប់បន្ទាន់នូវការប្រើហិង្សាលើកម្មករពីសំណាក់ក្រុមបក្ខពួករបស់ លោក មាស សុត្ថា ជាប្រធានរដ្ឋបាលរបស់រោចក្រ អែស.អិល។
ទី២) ត្រូវចាប់ជនដៃដល់ដែលមានចំពាមកៅស៊ូ និងកាំភ្លើងច្នៃ ដែលបានបាញ់មកលើកម្មករ និងជនដែលនៅពីក្រោយ​ខ្នងយកទៅដាក់ទោសតាមច្បាប់។
ទី៣) ត្រូវធ្វើការដោះស្រាយឲ្យមានប្រសិទ្ធភាពទៅតាមចំណុចទាមទាររបស់កម្មករ ពាក់ព័ន្ធលក្ខខណ្ឌការងារមួយ​ចំនួន​ទៀត។

ជុំវិញករណីនេះ លោក មឿន តុលា បានលើកឡើងថា តាមការចរចាកន្លងមកភាគីកម្មករ និងថៅកែក្រុមហ៊ុន ស្ទើរតែ​ត្រូវរ៉ូវគ្នា ឈានទៅបង្កើតកិច្ចព្រមព្រៀង ដើម្បីបញ្ចប់វិវាទការងារនេះទៅហើយ តែមិនដឹងថា មានមូលហេតុអ្វីបានជា​ខាងថៅកែរោងចក្រផ្អាកទៅវិញ ដែលជម្រុញឲ្យបន្តមានការតវ៉ារហូតដល់ថ្ងៃនេះ។

អ្នកទទួលខុសត្រូវខាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នៅមិនទាន់ទាក់ទងសុំប្រតិកម្មបាននៅឡើយ មកទល់នឹង​ម៉ោងនេះ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...