សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

នៅក្នុងសប្តាហ៍នេះ សហជីពគ្រោងនឹងដើរចែកខិត្តប័ណ្ណ ដែលបាននឹងកំពុងបោះពុម្ព ២០ម៉ឺនសន្លឹក ដល់កម្មករ​ដែលជាសមាជិករបស់ខ្លួន ដើម្បីអំពាវនាវឲ្យកម្មករធ្វើមហាកម្មកូដកម្មនៅខែមិនា ខាងមុខនេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងសប្តាហ៍នេះ សហជីពគ្រោងនឹងដើរចែកខិត្តប័ណ្ណ ដែលបាននឹងកំពុងបោះពុម្ព ២០ម៉ឺនសន្លឹក ដល់កម្មករ​ដែលជាសមាជិករបស់ខ្លួន ដើម្បីអំពាវនាវឲ្យកម្មករធ្វើមហាកម្មកូដកម្មនៅខែមិនា ខាងមុខនេះ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ខិត្តប័ណ្ណចំនួន ២០ម៉ឺនច្បាប់ ត្រូវបានចាប់ផ្តើមបោះពុម្ពនៅថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ដើម្បី​ចែកជូន និងអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលជាសមាជិករបស់​សហព័ន្ធ​សហជីព និងសមាគម ១៦ នៅទូទាំងប្រទេសឲ្យចូលរួមធ្វើមហាកូដកម្ម ដែលនឹងគ្រោងធ្វើនៅខែមីនាខាងមុខនេះ។ មហាកូដកម្ម ដែលនឹងរៀបចំឡើងដោយសន្តិវិធី និងស្ងប់ស្ងាត់ នៅតាមកន្លែងធ្វើការនីមួយៗ។

នៅក្នុងសេចក្តីអំពាវនាវ សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតនៅគ្រប់វិស័យ បានអំពាវនាវអោយ​កម្មករ​ចូលរួមវេទិការសាធាណៈថ្ងៃទី០៨ មិនា នៅទីលានប្រជាធិបតេយ្យ ដែលមានការចូលរួមពី លោក ស ខេង លោក គាត់ ឈន់ លោក អ៊ិត សំហេង និងលោកជីវ កេង ក្នុងការរកដំណោះស្រាយ និងឆ្លើយបំភ្លឺចំពោះមុខកម្មករ និង​សាធារណៈជន។ ក្នុងសេចក្តីអំនាវដដែល បានព្រមានថាបើនៅតែគ្មានដំណោះស្រាយ នឹងមានកូដកម្មទ្រង់ទ្រាយ​ធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ មីនា ដោយកម្មករនិយោជិត និងមន្ត្រីរាជការ នឹងធ្វើកូដកម្មមិន​ទៅ​ធ្វើការ ។ ចំណែកពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ មីនា កម្មករនិយោជិតនឹងទៅកន្លែងធ្វើការ តែមិនបំពេញការងារ។

លោក លីវ ចាន់ថារីន ប្រធានសហព័ន្ធសហជីពយុវជនឯករាជ្យ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា «ថ្ងៃនេះយើងកំពុងរៀបចំដើម្បីបោះផ្សាយនូវខិតប័ណ្ណ ហើយក្នុងសប្តាហ៍នេះ ខាង​សហជីព នឹងដើរចែកបណ្តើរៗទៅតាមគោលដៅនីមួយៗ ដែលគោលដៅដំបូងគឺនៅសួនកាណាឌីយ៉ា លើផ្លូវ​វ៉េងស្រេង»។ លោកបានអោយដឹងទៀតថា សហជីពដែលមានជំហរធ្វើមហាកូដកម្មនេះ មាន ៨សហជីព និង​សមាគមន៍១ និងមានសហជីពដែលចូលរួមគាំទ្រនូវមហាកូដកម្មនេះមានចំនួន៨សហជីពទៀត។

ប្រធានសហជីពដដែលនេះ បានអះអាងថាមហាកូដកម្មនឹងមានកម្មករច្រើនចូលរួម។ លោកបានថ្លែងថា «ខ្ញុំ​សង្ឃឹម​មានអ្នកចូលរួមច្រើន ដោយសារថាគាត់ជាសមាជិករបស់ខ្ញុំដែលកំពុងតែគាំទ្រ និងទាមទារនូវចំនុចមួយចំនួន ដូច​ជាទាមទារប្រាក់ឈ្នួល ទាមទារអត្ថប្រយោជន៍ការងារ និងទាមទារដាក់សម្ពាធអោយរដ្ឋាភិបាលក្នុងការផ្តល់សំណង និងយុត្តិធម៌ជូនជនរងគ្រោះ»។

ដកស្រង់សម្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដោយវិទ្យុអន្តរជាតិក្នុងស្រុកមួយ លោក ឡុង ឌីម៉ង់ បានថ្លែង​ថា​អាជ្ញាធរក្រុងនឹងចាំមើលសំណើធ្វើបាតុកម្ម កូដកម្មរបស់ក្រុមសហព័ន្ធសហជីពទាំងនោះ មុននឹងសម្រេចអនុញ្ញាត ឬក៏អត់។ លោកបានព្រមានផងដែរបើថាការចែកចាយខិត្តប័ណ្ណ ក្រុមសហជីពទាំងនោះ ចែកជាសាធារណៈ មាន​លក្ខណៈញុះញង់ នោះអាជ្ញាធរនឹងទប់ស្កាត់ និងចាត់វិធានការតាមច្បាប់។

ចំពោះបញ្ហានេះ លោក លីវ ចាន់ថារីន យល់ថាវានឹងជៀសមិនផុតទេ ចំពោះការហាមឃាត់ពីអាជ្ញាធរ ប៉ុន្តែលោក​បញ្ជាក់ថា «យើងជាអង្គការមានវិជ្ជាជីវៈ។ យើងធ្វើអ្វីក៏ដោយ កុំអោយមានប៉ះពាល់ជាអាជ្ញាធរសមត្ថកិច្ច ហើយការ​ធ្វើនេះគ្រាន់ជាលក្ខណៈផ្សព្វផ្សាយទេ យើងមិនទាន់ធ្វើជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ»។

សូមបញ្ជាក់ថា កូដកម្មដែលគ្រោងធ្វើនៅខែមីនាខាងមុខនោះ ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល និងនិយោជក ដោះស្រាយ​បញ្ហាចំនួន ៧ចំណុច។ បញ្ហាទាំងនោះរួមមាន៖ ទី១ សុំដោះលែងជនជាប់ចោទទាំង ២១នាក់ និងទម្លាក់​ចោល​ការ​ចោទប្រកាន់មនុស្ស ២៣នាក់ទាំងស្រុង។ ទី២ ស្នើសុំឲ្យមានការចរចាដំឡើងប្រាក់ឈ្នួលគោល ១៦០​ដុល្លារឡើង​វិញ។ ទី៣ ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សា និងសម្លាប់កម្មករព្រមទាំងផ្ដល់សំណង​ជំងឺចិត្ត ដល់​ជនរងគ្រោះដែល បាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង។ ទី៤ រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំ ជាសាធារណៈ​មិនឲ្យលើសពី ១០នាក់ចេញ។ ទី៥ តំណាងក្រុមហ៊ុនត្រូវដកបណ្ដឹងដែលប្រឆាំងសហជីព និង​កម្មករ​និយោជិក​ទាំង​អស់។ ទី៦ និយោជកត្រូវទទួលយកកម្មករដែលបានបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ និងត្រូវបង់​ប្រាក់​រំលឹក​ដល់​ពួកគេ និងទី៧ និយោជកត្រូវផ្ដល់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ដល់កម្មករក្នុង​អំឡុងពេលកម្មករធ្វើ​កូដកម្មកន្លងមក៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...