ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មេសា ២០១៧
- កែប្រែចុងក្រោយ: April 29, 2017
- ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ទៅកាន់រាជធានី បាងកក ប្រទេសថៃ ហើយ តាមជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ «Thai Airway» កាលពីម៉ោង១៥ និង០៤នាទី ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧ ម្សិលម៉ិញ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ជាច្រើន ដែលផ្សាយឲ្យដឹង នៅរសៀលថ្ងៃសៅរ៍នេះ។
ព័ត៌មាននេះ ត្រូវបានអះអាង ថាជាការពិត ដោយមន្ត្រីជាន់ខ្ពស់ របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបន្ទាប់មក អះអាងបន្ថែម ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ បានថ្លែងថា នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ដោយប្រើលិខិតឆ្លងដែនអាមេរិក។
យ៉ាងណា ការអះអាងខាងលើនេះ មិនទាន់មានការបញ្ជាក់ ពីលោក ហួត វុទ្ធី ឬពីស្ថាប័នវិទ្យុអាស៊ីសេរី នៅឡើយ មកទល់នឹងម៉ោងនេះ។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅរូបលោក (ហួត វុទ្ធី) ក្នុងនាមជនសង្ស័យ ដើម្បីសាកសួរពីដំណើររឿង ផ្តល់សេចក្តីប្រកាសភូតកុហក បន្លំចូលក្នុងពន្ធនាគារ កាលពីពីសប្ដាហ៍កន្លងមក ។
សារព័ត៌មានខ្លះ ដែលស្និតនឹងរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភព ពីមន្ត្រីក្រសួងមហាផ្ទៃ មកបញ្ជាក់ថា លោក ហួត វុទ្ធី ត្រូវបានជាប់ក្នុងបញ្ជី ដែលហាមធ្វើដំណើរ ចេញក្រៅប្រទេស បន្ទាប់ពីលោកទទួលបាន ដីកាកោះហៅ ឲ្យចូលទៅបំភ្លឺ នៅថ្ងៃទី២ ខែឧសភាខាងមុខ។ ប៉ុន្តែសម្រាប់មេធាវីមួយរូប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូបានស្នើសុំយោបល់ បានអះអាងថា លោក ហួត វុទ្ធី មានសិទ្ធិដើរចេញ ឬចូលក្នុងប្រទេសកម្ពុជា ជាធម្មតា ដោយសារតែតុលាការ មិនបានប្រកាសហាមឃាត់លោក ពីករណីនេះទេ។
ចំពោះដីកាកោះហៅរបស់តុលាការវិញ ត្រូវបានលោក ហួត វុទ្ធី ថ្លែងអះអាងថា លោកនឹងស្នើសុំឱវាត ពីមេធាវីការពារក្ដីរបស់លោក មុននឹងសម្រេច ថាត្រូវធ្វើយ៉ាងណា។ លោកបានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិកថា លោករកបានមេធាវី សម្រាប់ការពារក្ដី ឲ្យរូបលោករួចហើយ។
សូមជម្រាបជូនដែរថា កាលពីថ្ងៃម្សិលម៉ិញ និងម្សិលម្ងៃ អ្នកស្រី មូរ សុខហួរ និងលោក ឡុង រី ជាអនុប្រធាន និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានលោក សៀង សុខ ចេញដីការកោះហៅ ចូលបំភ្លឺ ក្នុងនាមជាសាក្សី ជុំវិញនឹងសំនុំរឿងខាងលើដូចគ្នា។ មន្ត្រីគណបក្សប្រឆាំងទាំងពីរូប បានចូលទៅក្នុងតុលាការ តាមកាលកំណត់ និងបានចេញមកវិញ ដោយមិនបានធ្វើអត្ថាធិប្បាយអ្វីច្រើនឡើយ។ ការធ្វើអត្ថាធិប្បាយណាក៏ដោយ នៅពេលនេះ អាចប៉ះពាល់ ទៅដល់ការស៊ើបអង្កេតជំហានដំបូង របស់តុលាការ៕