មន្ត្រី UNICEF និង OHCHR ថា​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ ជា​ការ​«សង្គ្រោះ»​ជីវិត​កុមារ

«នីទណ្ឌភាព»នៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ដែលចេះតែកើនឡើងជាលំដាប់ ដោយគ្មានវិធានការ ឬការចូលរួមនៃ​អាជ្ញាធរ​មូលដ្ឋាន និងការមិនអើពើ ឬការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះ បានបន្តរឲ្យមានការរីករាលដាល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់«កុមារ»។ នេះបើតាមការថ្លែងឲ្យដឹង របស់មន្ត្រីតំណាង​ឲ្យ​អង្គការពីរ ដែល​ជាស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«នីទណ្ឌភាព»នៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ដែលចេះតែកើនឡើងជាលំដាប់ ដោយគ្មានវិធានការ ឬការចូលរួមនៃ​អាជ្ញាធរ​មូលដ្ឋាន និងការមិនអើពើ ឬការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះ បានបន្តរឲ្យមានការរីករាលដាល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់«កុមារ»។ នេះបើតាមការថ្លែងឲ្យដឹង របស់មន្ត្រីតំណាង​ឲ្យ​អង្គការពីរ ដែល​ជាស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ។


លោកស្រី វ៉ាន់ហ៊ី លី តំណាងឲ្យអង្គការ UNICEF និង OHCHR-Cambodia ថ្លែងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ (រូបថត MONOROOM.info/ O.Vary)

កុមារ និងយុត្តិធម៌ - ជនក្រីក្រ ពិសេសកុមារ ងាយរងគ្រោះនឹងការមិនទទួលបាន ការកាត់សេចក្ដីដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌ នៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ ដូច្នេះ«ជំនួយផ្នែកច្បាប់» (វា) មានសារៈសំខាន់ និងជាធាតុផ្សំយ៉ាង​សំខាន់នៃប្រព័ន្ធយុត្តិធម៌«ត្រឹមត្រូវ» និងមានប្រសិទ្ធិភាព បើគេចង់និយាយពីគោលការណ៍នីតិរដ្ឋ។ នេះជាការលើក​ឡើងដោយលោកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) តំណាងឲ្យអង្គការ UNICEF និង OHCHR-Cambodia កាលពីថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោកស្រី វ៉ាន់ហ៊ី លី បានបញ្ជាក់ថា ការប្រព្រឹត្តមិនគប្បីនៅស្ថានីយ៍ប៉ូលីស នឹងបន្តរឲ្យមានការរីកចំរើនទៅមុខ ប្រសិនបើគ្មានការយកចិត្តទុកដាក់ និងផ្តល់ជំនួយលើផ្លូវច្បាប់ នៅនឹងកន្លែងនោះទេ។ ជាមួយគ្នានេះ ជំនួយការផ្នែក​ច្បាប់ ក៏អាចជួយសម្រួលដល់ការចាប់ចង ការចាប់ខ្លួន ជួយដល់ភាពចង្អៀតនៃពន្ធនារគារ ពិសេសជួយឲ្យមានការ​ផ្តន្ទាទោស មួយដែល«ត្រឹមត្រូវ»ផងដែរ។

លោកស្រីបានអះអាងដោយមុតមាំថា «គ្មានមន្ទិលឡើយដែលថា ប្រព័ន្ធជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ដែលកាន់​តែមានប្រសិទ្ធិភាព និងបង្កើនការការពារកុមារ នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនោះ»។ ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន ត្រូវបានលោកស្រីបានចាត់ទុកថា «សម្រាប់​ប្រជាជនកម្ពុជា​ជាច្រើន សេវាកម្មយុត្តិធម៌ ជាវត្ថុប្រណិតដែលពួកគេ​មិនមានលទ្ធភាពរកបាន»។

ទន្ទឹមនឹងនេះ លោកស្រីបានស្នើដល់រដ្ឋាភិបាលកម្ពុជា ដែលជាអ្នកទទួលខុសត្រូវក្នុងនាមរដ្ឋ នូវករណីកិច្ច និងការ​ទទួលខុសត្រូវដំបូងរបស់ខ្លួន ចំពោះគ្រប់ដំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌ ទៅលើជនសង្ស័យ ឬជនជាប់ចោទ​ណាមួយ ពិសេសកុមារដែលត្រូវតែមានអាទិភាព ក្នុងការយកចិត្តទុកដាក់នូវយុត្តិធម៌ ពីរដ្ឋាភិបាល។

លោកស្រីក៏បានបង្ហាញ ចេញនូវករណីមួយចំនួន ដែលពាក់ព័ន្ធនឹងកុមារថា នៅកម្ពុជាមិនទាន់មានពន្ធនាគារ ឃុំ​ឃាំងកុមារ ឲ្យដាច់ដោយឡែកពីមនុស្សធំទេ។ ហើយភាគច្រើននៃក្មេងទាំងនោះ មានទោស​ក្នុងបទល្មើស​ធម្មតា។ លោកស្រីបានដាក់ចេញជាចម្ងល់ថា «តើក្មេងទាំងនោះ មានការភ័យខ្លាចយ៉ាងណា? ក្នុងអំឡុងពេលឃុំខ្លួននេះ តើអាចទ្រំទ្របានកម្រិតណា? វាអាចកើតមាន នូវបញ្ហាសុខភាពមួយចំនួនទៀត។ ម្យ៉ាងទៀតមើលទៅ ពួកគេទំនង​ជាមិនបានដឹងពីអ្វីទាំងអស់ ហើយវាអាចមកពីគ្រួសារដ៏ក្រីក្រមួយ។ (...) បើគ្មានការផ្តល់ នូវភាពយុត្តិធម៌ដល់​ពួកគេ​ទេ តើពួកគេនឹងអាចបន្តររស់ ឬឃុំខ្លួនក្នុងពន្ធនាគារនេះប៉ុន្មានឆ្នាំ ដោយគ្មាននូវដំណោះស្រាយផ្នែកច្បាប់នោះ?»

ជាចុងក្រោយ លោកស្រីបានផ្តល់នូវអនុសាសន៍សម្រាប់រដ្ឋាភិបាល គម្បីមើលគំរូប្រទេសនានាក្នុងតំបន់ ដូចយ៉ាង​ប្រទេសឥណ្ឌូនេស៊ីជាដើម ដែលទទួលបាននូវជោគជ័យលើផ្នែកនេះ។ បើសិនជាកម្ពុជាជឿជាក់ វាមិនត្រឹមតែអាច​ធ្វើបាននោះទេ តែករណីនេះនឹងអាចក្លាយជាអាណត្តិបញ្ជា ជាមួយនឹងអាទិភាពនានារបស់ជាតិ ដែលនឹងត្រូវបាន​កំណត់ជាថ្មី។ លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលរដ្ឋាភិបាល ចង់ធ្វើការត្រួតពិនិត្យលើ​សេវាកម្មផ្តល់​នូវយុត្តិធម៌ដល់ជនក្រីក្រ ឬកុមារនោះ វាគ្មានហេតុផលណាមួយដែលថា កម្ពុជាមិនអាចធ្វើបានដូចគ្នានោះទេ។ (...) ការបង្ការនឹងអំពើអយុត្តិធម៌ (វា)មិនមែនជាការប្រយុទ្ធនឹងភាពមិនច្បាស់លាស់ នៃបទបញ្ញត្តិច្បាប់នោះទេ តែ​(វា)ជា​ការជួយសង្គ្រោះជីវិត។»

នៅថ្ងៃសៅរ៍ទី៣០ខែវិច្ឆិកានេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចស្វែងរកប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បាននៅឡើយ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...