អ្នកវិភាគ៖ នៅកម្ពុជាខុសពីថៃ ដែលបក្សប្រឆាំងខ្លាំងជាងរដ្ឋាភិបាល
នៅចុងសប្ដាហ៍នេះ ស្ថានការណ៍នយោបាយនៅប្រទេសថៃ ជាប់ភូមិផងរបងជាមួយនឹងប្រទេសកម្ពុជា ទំនងជាអាចឈានទៅដល់ការផ្លាស់ប្ដូរមួយ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសនេះ នឹងធ្វើការប្រកាសនូវការបោះឆ្នោតសារជាថ្មី ក្នុងពេលខាងមុខ។ ជាការសម្រេចចិត្ត ដែលអ្នកវិភាគនយោបាយកម្ពុជា និយាយយោងទៅនឹងឥទ្ធិពលរបស់គណបក្សប្រឆាំងថៃដែលមានខ្លាំង នៅក្នុងស្រទាប់ប្រជាពលរដ្ឋ និងជាពិសេសទៅក្នុងកងទ័ព។ ចុះកម្ពុជាវិញ ?
កងកម្លាំងប្រដាប់អាវុធកម្ពុជា ធ្វើការហ្វឹកហាត់នៅលើទីលានប្រជាធិបតេយ្យ ដែលត្រូវបានគេមើលឃើញថា ជាការគម្រាមទៅលើការធ្វើបាតុកម្ម របស់គណបក្សប្រឆាំង។ (រូបថត MONOROOM.info/ C.Thyrith)
នយោបាយ - បន្ទាប់ពីបក្សប្រឆាំងដាក់សម្ពាធ កាន់តែខ្លាំងឡើងៗ ទីបំផុតទៅរដ្ឋាភិបាលថៃបានបន្ទន់ឥរិយាបថ ដោយបង្ហាញគោលជំហរថានឹងរំលាយសភា និងរដ្ឋាភិបាល ហើយបង្កើតឲ្យមានការបោះឆ្នោតឡើងវិញ ដើម្បីបិទបញ្ចក់ការតវ៉ានៅទីក្រុងបាងកក និងអាចជៀងវាងបានពីការបង្ហូរឈាមគ្នា។ រីឯបញ្ហានយោបាយនៅកម្ពុជា ត្រូវបានអ្នកវិភាគឯករាជ្យមើលឃើញថា បក្សប្រឆាំងកម្ពុជា មិនអាចដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ចុះញ៉មរំលាយសភា និងរដ្ឋាភិបាល ឈានទៅបង្កើតឲ្យមានការបោះឆ្នោតឡើងវិញដូចប្រទេសថៃបានទេ ព្រោះរដ្ឋាភិបាលកម្ពុជាក្តាប់ណែនដោយអំណាចស្ទើរគ្រប់ប្រភេទ។
បើទោះជាបានឈ្នះឆ្នោតកាលពីឆ្នាំ២០១១ យ៉ាងភ្លូកទឹកភ្លូកដី ដោយទទួលបានសំឡេងគាំទ្រ លើសពី២ភាគ៣ ពីស្រទាប់ប្រជាជនថៃ និងត្រូវបានសភាជាន់ទាបថៃបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាថ្មី កាលពីពេលថ្មីៗនេះ យ៉ាងក្តី ក៏អ្នកស្រី យីង ឡាក់ នាយករដ្ឋមន្រ្តីជាប់ឆ្នោតនៃគណបក្សកាន់អំណាចថៃ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌ ប៊ីប៊ីស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បានលើកឡើងថា លោកស្រីត្រៀមប្រកាសពីការបោះឆ្នោតជាថ្មីឡើងវិញ ដើម្បីបញ្ចប់ការតវ៉ា នៅទីក្រុងបាងកក និងបញ្ចៀសការប្រើអំពើហិង្សាផ្សេងៗ ដែលអាចកើតមានឡើងជា យថាហេតុ។
លោកស្រី យីង ឡាក់ នាយករដ្ឋមន្រ្តីថៃ និងមានតួនាទីជារដ្ឋមន្រ្តីការពារជាតិថៃផងដែរនោះ បានលើកឡើងថា លោកស្រីស្រលាញ់ប្រទេសរបស់លោកស្រី ហើយបានហាមមន្ត្រីក្រោមបង្គាប់មិនឲ្យប្រើហិង្សាលើបាតុករ បើទោះជាពួកគេ ចូលទៅកាន់កាប់ក្រសួង របស់រដ្ឋាភិបាលដោយខុសច្បាប់ក៏ដោយ។ នាយករដ្ឋមន្រ្តីថៃដដែលនេះ បញ្ជាក់ថា លោកស្រីបានប្រាប់ពីគម្រោង នៃការប្រកាសឲ្យមានការបោះឆ្នោតឡើងវិញ តែលោកស្រីមិនប្រាកដថាតើបាតុករយល់ព្រម ឬអត់ទេ។
ងាកមកមើលវិបត្តិនយោបាយ ក្នុងប្រទេសកម្ពុជាវិញ ទាក់ទងនឹងឥទ្ធិពលរបស់រដ្ឋាភិបាល និងគណបក្សជំទាស់កម្ពុជា ត្រូវបានលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា ពន្យល់ថា បក្សជំទាស់កម្ពុជាមិនអាចធ្វើដូចបក្សជំទាស់ថៃបានទេ ព្រោះបក្សជំទាស់កម្ពុជាគ្មានឥទ្ធិពលលើកងទ័ព ហើយរដ្ឋាភិបាលកម្ពុជាក៏មិនអាចរំលាយសភា និងរដ្ឋាភិបាល ដើម្បីបង្កើតឲ្យមានការបោះឆ្នោតឡើងវិញដែរ។ លោកនិយាយថា រដ្ឋាភិបាលកម្ពុជា មានឥទ្ធិពលយ៉ាងខ្លាំងលើកងទ័ពជាតិ។
លោក អ៊ូ វីរៈ បញ្ជាក់ថា៖ «នៅកម្ពុជាវាមិនអាចទៅរួចទេ ប្រទេសថៃគេពឹងផ្អែកលើទាហានដើម្បីធ្វើរដ្ឋប្រហារ ខាងអាវលឿងគេថា បើបង្កើតឲ្យមានការចលាចលខ្លាំង ក្រែងលោកកងទ័ពចូលរួមធ្វើរដ្ឋប្រហារ ស្រុកខ្មែពឹងផ្អែកលើទានហានអត់កើតទេ ទាហានយើងយ៉ាប់ជាងរដ្ឋាភិបាលទៀត។ (...) ចំពោះខ្ញុំ មិនអាចទៅរួចទេ»។
បើទោះជាលោក អ៊ូ វីរៈ បានលើកឡើងពីភាពជិតស្និតរវាងកងទ័ពថៃ និងក្រុមពួកអាវលឿងរបស់គណបក្សជំទាស់ថៃក៏ដោយ ក៏លោក ប្រាយុទ្ធចាន់ អ៊ូចា ជាមេបញ្ជាការកងទ័ពជើងគោកថៃ ត្រូវបានទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយផ្អែកតាមការសែត បាងកកប៉ុស្តិ៍ ដកស្រង់សម្តីថា៖ «កងទ័ពនឹងបញ្ជាក់ទៅកាន់ សាធារណៈជនថា កងទ័ព គឺជាកងទ័ពរបស់ ព្រះមហាក្សត្រ និងប្រជាជនថៃ»។ មេបញ្ជាការកងទ័ពជើងគោកថៃដដែលនេះ បានទាមទារឲ្យភាគីទំាងអស់ ដែលជាប់ពាក់ព័ន្ធ ក្នុងជម្លោះនយោបាយ មិនត្រូវប្រទា ប្រទង់កងទ័ព ឲ្យងាកជំហរទៅខាងណានោះទេ។
ជុំវិញបរិបទនយោបាយកម្ពុជា មេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ទាំងលោក សម រង្ស៊ី និងលោក កឺម សុខា កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រជាពលចូលរួមនឹងមហាបាតុកម្មអហិង្សារបស់ខ្លួន ដើម្បីឲ្យមានការផ្លាស់ប្តូរ និងបណ្តេញលោកនាយករដ្ឋមន្រ្តី ហ៊ុ សែន ចេញពីដំណែង។
ក្នុងកិច្ចសម្ភាសជាមួយវិទ្យអាស៊ីសេរី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក កឹម សុខា បានបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា និងគណបក្សសង្រ្គោះជាតិ ទាមទារឲ្យរកយុត្តិធម៌ចំពោះភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត ហើយបើមិនអាចរកយុត្តិធម៌បាន នោះនឹងបន្តទាមទារឲ្យមានការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ។
ទាក់ទងបញ្ហានេះលោកចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក បានពន្យល់ថាគណបក្សជំទាស់កម្ពុជា មិនគួរប្រើប្រាស់ប្រជាពលរដ្ឋ ជាមធ្យោបាយតវ៉ាទាមទារនោះទេ ហើយរដ្ឋាភិបាលក៏មិនគួរអាងខ្លួនកំពុងកាន់អំណាច ដាក់សម្ពាធលើគណបក្សជំទាស់នោះដែរ។
លោក ចាត់ សុវ៉េត បញ្ជាក់ថា៖ «គណបក្សទាំងពីរ គួរថយមួយជំហានៗដូចគ្នា ហើយទុកប្រយោជន៍ជាតិជាធំ។ (...) បើបណ្តោយឲ្យស្ថានការណ៍នេះបន្តទៅមុខទៀត មិនល្អនោះទេ»៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ