ហង្សមាស សំឡឹងឃើញកូនស្រីលោក ហួ ឡាវី
ខណៈផលិតកម្មរស្មីហង្សមាសសម្បូរអ្នកចម្រៀងរីកយ៉ាងព្រោងព្រាតនោះ ថ្មីៗនេះក៏មានការលេចដំណឹងថាកញ្ញាវី ឌីណែត ដែលជាអ្នកចម្រៀងថ្មី និងត្រូវជាកូនស្រីបង្កើត របស់អ្នកចម្រៀងជើងចាស់សំឡេងស្គក ហួ ឡាវីនោះផង ត្រូវបានផលិតកម្មសង្សមាស សំឡឹងឃើញយ៉ាងជជក់មាត់ពីគុណសម្បិត្តរបស់នាង។ ប្រភពនោះបានឲ្យដឹងទៀតថា ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញា ឌីណែត នឹងត្រូវបញ្ចូលជាតារាថ្មីមួយដួង មកក្នុងផលិតកម្មជាផ្លូវការ និងបានបន្ថែមទៀតថា ផលិតកម្មមានបទចម្រៀងមួយចំនួន ត្រៀមឲ្យតារាថ្មីនេះថតបញ្ចូលថាសរួចទៅហើយ ។
កញ្ញាវី ឌីណែត អ្នកចម្រៀងវ័យក្មេង និងត្រូវជាកូនស្រីបង្កើត របស់អ្នកចម្រៀងជើងចាស់សំឡេងស្គក ហួ ឡាវី។ (រូបថត MONOROOM.info/ Samneang)
តារាចម្រៀង - បើទោះបីជាហង្សមាស មានតារាល្បីរីកសុសសាយសឹងតែគ្រប់ជ្រុងទៅហើយក្តី និងអ្នកដឹកនាំផលិតកម្មសម្បូរស្ទីលប្លែកទាក់ទាញអារម្មណ៍មហាជនយ៉ាងណាក្តី តែវានៅតែមិនទាន់ស្កប់ស្កល់ ចំពោះមហាជនដែលផលិតកម្មចង់បម្រើនោះឡើយ។ ដោយហេតុនេះហើយ ទើបផលិតកម្មហង្សមាស ត្រូវចម្រាញ់រកសមាជិកថ្មីៗបន្ថែម ពោលគឺនៅតែស្វែងរកតារាមានសមត្ថភាពសំឡេង មកចែកជូនអ្នកស្តាប់ ដើម្បីឲ្យប្លែកអារម្មណ៍បន្តទៀត។ អ្នកគាំទ្រផលិតកម្ម សង្សមាស សុទ្ឋតែយល់ថាបើតារាណាបានចូលច្រៀងហង្សមាសនោះ ច្បាស់ជាមានអនាគតទ្វេឡើងទៀត បើទោះជាតារាទាំងនោះ មិនមានឈ្មោះបោះសម្លេង ពីមុនមកយ៉ាងណាក៏ដោយ។
តារាចម្រៀងជើងថ្មីដែលប្រសូត្រចេញ ពីកម្មវិធីប្រលងចម្រៀងកុមារនៅប៉ុស្តី៍លេខ៣ កញ្ញា វី ឌីណែត ដែលត្រូវបានថ្នាក់ដឹកនាំហង្សមាសសម្រេចចិត្តគិតទទួលយកនោះ ព្រោះតែកន្លងមកនាងអាចឡើងច្រៀងបាន យ៉ាងពិរោះរណ្ដុំចិត្តទាំងចម្រៀងជាភាសាអង់គ្លេស និងជាភាសាខ្មែរ។ សំឡេងគួបផ្សំនឹងការតាក់តែងខ្លួន សមជាយុវវ័យជំនាន់ថ្មី ទើបធ្វើឲ្យតារាទើបនឹងរះនេះ កាន់តែស្ថិតក្នុងក្រសែភ្នែកថៅកែផលិតកម្ម តាមប្រមាញ់តាំងពីនាងទើបនឹងចូលសម្តែង តាមប៉ុស្តី៍ទូរទស្សន៍នានាមកម្លេះ។
ក្នុងជំនួបចៃដន្យពេលកំពុងមានវត្តមាន ក្នុងពិធីរៀបមង្គលការមួយកាលពីពេលថ្មីៗកន្លងទៅ កញ្ញាវី ឌីណែត ដែលពេញរូបរាងមានសម្រស់គួរឲ្យទាក់ទាញផងនោះ បានទទួលស្គាល់ថា កន្លងមកនាងត្រូវបានថ្នាក់ដឹកនាំផលិតកម្មហង្សមាស ទាក់ទងប្រាកដមែន។ ឌីណែត បានបញ្ជាក់ប្រាប់ថា ផលិតកម្មហង្សមាសបានហៅនាង តាំងពី៣-៤ខែមុន តែនាងនៅមិនទាន់ដឹងថា បានសម្រេច១០០%ឬអត់ទេ។ អ្វីដែលសំខាន់នោះ គឺគ្រាន់តែនាងដឹងថា ពួកគាត់កំពុងតែនិពន្ឋបទចម្រៀងឲ្យនាងបណ្តើរៗសិន ពេលរួចរាល់ នាងនឹងត្រូវច្រៀងបញ្ចូលថាសចម្រៀងសាកល្បង ចង់ដឹងថាទៅរួចឬអត់។
ផលិតកម្មហង្សមាស ជាផលិតកម្មធំមួយក្នុងស្រុក និងមានភាពល្បីល្បាញ ក្នុងការទទួលបានគាំទ្រពីមហាជនស្ទើរគ្រប់ទិសទី។ «ធំនិងល្បី» ដែលធ្វើឲ្យតារាចម្រៀងដែលមានសមត្ថភាពជាច្រើន ប្រាថ្នាចង់បានទ្រនំដ៏គាប់ប្រសើរនេះមកស្នាក់អាស្រ័យ ដើម្បីឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនហក់ឡើងកាន់តែខ្លាំង។ តែផ្ទុយទៅវិញ ពួកតារាទាំងនោះមិនសូវជាត្រូវបានផលិតកម្មនេះ មើលឃើញប៉ុន្មានឡើយ។
ពេលសួរថា តើមានមូលហេតុអ្វី បានជាគេមកសួរនាំនាងហើយ ដាក់តម្រុយឲ្យក្លាយជាសមាជិកថ្មី? ចុះបើក្លាយជាការពិតមែននោះ តើកញ្ញាគិតថានឹងពង្រឹងសមត្ថភាពដូចម្តេចខ្លះ? តារាចម្រៀងជើងថ្មីរូបនេះបានឆ្លើយថា «ប្រហែលជាគេមើលពីសមត្ថភាពទេដឹង បានជាខាងផលិតកម្មសួរនាំខ្ញុំ។ កន្លងមក តារារៀមច្បងនៅហង្សមាសគេសុទ្ឋតែធ្វើបានល្អ អត់មានអ្នកណាមួយមិនកើតទេ ទាំងច្រៀងទាំងកាយវិការ និងក្បាច់រាំ។» នាងដាក់ការអះអាងនេះ ទៅលើទេពកោសល្យច្រើនជាងរូបសម្បិត្ត ជាពិសេសគឺទឹកដមសំឡេងរបស់នាងតែម្ដង។ កញ្ញាបន្ថែមថា បើសិនជានាងក្តាប់ឱកាសបានមែន នាងនឹងពង្រឹងខ្លួនឯង ឲ្យកាន់តែស្ទុះឡើងដើម្បីឲ្យកាន់តែល្អដូចអ្នកមុន។
សូមបញ្ជាក់ថា ចាប់តាំងពីជាប់ជ័យលាភីលេខមួយ នៅក្នុងកម្មវិធីប្រលងចម្រៀងកុមារនៅប៉ុស្តី៍លេខ៣មក តារាទើបនឹងរះថ្មីរូបនេះ តែងតែបណ្តែតខ្លួនជាមួយវេទិកាតន្ត្រី តាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកនានាជាច្រើន។ ដំបូងឡើយ នាងត្រូវបានគេស្គាល់ថា បានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងនាទី«យុទ្ឋជនសមរភូមិមុខ»ដែលស្ថានីយ៍បាននាងច្រៀងជាមួយតារាជំនាន់មុខជាច្រើននាក់ ហើយក្រោយមក ក៏ត្រូវបានស្ថានីយ៍ទូរទស្សន៍ដដែល ឧស្សាហ៍ហៅឲ្យនាងសម្ដែងជាញឹកញាប់ រហូតដល់មានស្ថានីយ៍ទូរទស្សន៍ផ្សេងៗទៀត ហៅនាងឲ្យឡើងច្រៀងដូចគ្នា រហួតមកទល់នឹងពេលនេះ៕
សូមរីករាយនឹងចម្រៀងនាងមួយបទ ដែលទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូរកឃើញ នៅលើបណ្ដាញចែកផ្សាយវីដេអូ យូធូប៖
---------------------------------------------
ដោយ៖ សំ នៀង - ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ទស្សនាវដ្តីមនោរ្យអំាងហ្វូ