អ្នកកាន់កាមេរ៉ាថតឲ្យ ថោន ត្រូវរន្ទះបាញ់ស្លាប់ពេលថតកុននៅភ្នំបាសិត
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 04, 2017
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងពីក្រុមការងារ ដែលបានចូលរួមថតភាពយន្ដ រឿង «រៃមាស» របស់ផលិតកម្ម ថោន នៅទីតាំងភ្នំបាសិត បានរៀបរាប់ប្រាប់ថា ដំណើរការថត កំពុងប្រព្រឹត្តទៅ ក៏ស្រាប់តែមានភ្លៀងផ្គរកើតឡើង។ រពេចនោះ រន្ទះមួយបានបាញ់ មកចំយុវជនម្នាក់ ឈ្មោះ មឿន វណ្ណា ដែលជាអ្នកកាន់កាម៉េរ៉ា បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅចំពោះមុខតារាសម្តែងច្រើននាក់ ក្នុងនោះមានកញ្ញា នៅ សូនីតា ម្នាក់ផង។
មរណភាពដ៏អាណោចអាធម ត្រូវបានពិភពអ្នកសិល្បៈ ប្រកាសតៗគ្នា នៅថ្ងៃនេះ។ មុនគេ គឺកញ្ញា នៅ សូនីតា បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំពិតជាមិននឹកស្មានថា បងទៅចោលពួកខ្ញុំ លឿនយ៉ាងនេះសោះ។ បងជាមនុស្ស ស្លូតត្រង់ គួរអោយគោរពណាស់ មិនដែលចេះរអ៊ូ រឺក៏មាត់កអីទេ។ ហេតុអីមនុស្សល្អ ទៅលឿនយ៉ាងនេះ។»។
រីឯលោក ទេព រិនដារ៉ូ វិញ ដែលបានធ្វើការជិតដិត ជាមួយយុវជន មឿន វណ្ណា បានរូបថតពីសន្លឹក អមដោយវិយោគកថា ដូច្នេះ៖ «សូមចូលរួមសោកស្តាយ ចំពោះប្អូនប្រុស (ដែល)ទើបតែជួបគ្នាថ្មីៗនេះសោះ។ ប្អូនជាមនុស្សល្អណាស់ ពិតជាសោកស្តាយណាស់។ សូមឲ្យវិញ្ញាណក្ខន្ធប្អូន ទៅកាន់សុគតិភពផងចុះ។»។
សម្រាប់ផលិតកម្ម ខ្មែរមេគង្គ បានចាត់ទុកមរណភាព របស់យុវជន មឿន វណ្ណា ជាការបាត់បង់មិត្តភក្រ សហសេវិក និងបងប្អូនដ៏ល្អមួយរូប។ ផលិតកម្មនេះ បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ផលិតកម្ម ខ្មែរមេគង្គ ទទួលបានដំណឹង ដ៏រន្ធត់ និងក្រៀមក្រំ ដោយលោក មឿន វណ្ណា អតីតអ្នកកាន់កាមេរ៉ា ដែលមានស្នាដៃ និងប៉ិនប្រសព្វ បានទទួលមរណៈភាពក្នុងពេលបំរើការងារ។ វណ្ណា បានធ្វើការឲ្យ ខ្មែរមេគង្គ អស់រយៈពេលជាង ១០ឆ្នាំ បើគិតមកទល់ថ្ងៃ ដែល វណ្ណា លាឈប់ទៅធ្វើជា Camaraman ឯករាជ្យ។ វណ្ណា ជាមិត្តភក្តិ សហសេវិក និងបងប្អូនដ៏ល្អរបស់ខ្មែរមេគង្គ។ ផលិតកម្ម ខ្មែរមេគង្គ សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់វណ្ណា។ សូមវិញ្ញាណក្ខន្ធរបស់ វណ្ណា បានទៅកាន់សុគតិភព។»។
សពរបស់យុវជន មឿន វណ្ណា ត្រូវយកទៅបូជានៅខេត្តក្រចេះ ដែលជាទឹកដីកំណើតរបស់លោក។ នេះ បើតាមប្រភពដដែលនោះ៕