ផលិតកម្មថោនព្រមានប្តឹងទារសំណង៥០ម៉ឺនដុល្លារ ពីអ្នកចម្លងស្នាដៃខ្លួន
- ដោយ: ប្រាថ្នា ដោយ៖ ប្រាថ្នា ([email protected]) - ភ្នំពេញថ្ងៃទី១០ មីនា ២០១៥
- កែប្រែចុងក្រោយ: March 11, 2015
- ប្រធានបទ: កម្មសិទ្ធិបញ្ញា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីជូនដំណឹង របស់ផលិតកម្មថោន ដែលចុះហត្ថលេខា ដោយអគ្គនាយិការផលិតកម្ម លោកស្រី ជួប មាន នៅថ្ងៃទី១០ ខែមីនានេះ បានប្រមានប្តឹង ទារសងជម្ងឺចិត្ត ចំនួនជាទឹកប្រាក់ មិនតិចជាង៥០ម៉ឺនដុល្លារ ចំពោះជនខិលខួចណា ដែលហ៊ានលួចចម្លងស្នាដៃ របស់ផលិតកម្មខ្លួន។
ផលិតកម្មទីក្រុងភាពយន្ត ឬថោន បានព្រមានបន្តថា ចំពោះជនខិលខួចណា ដែលបានដឹងពីសេចក្តីជួនដំណឹងខាងលើ ហើយនៅតែល្មើស លួចថតចម្លងស្នាដៃ របស់ផលិតកម្មមួយនេះ យកទៅធ្វើអាជីវកម្មបន្ត ដោយខុសច្បាប់ ផលិតកម្ម នឹងប្តឹងជនខិលខូច ដែលលួចចម្លងទាំងនោះ ទៅតុលាការ ដើម្បីធ្វើការរឹបអូសវត្ថុតាង និងទីតាំងផលិត ព្រមទាំងចាប់បង្ខំ ឱ្យទទួលខុសត្រូវ តាមផ្លូវច្បាប់ជាធរមាន។
សេចក្តីជួនដំណឹង របស់ថោនបានឱ្យដឹងថា ខ្លួននឹងរួមសហការ ជាមួយគណៈកម្មការអន្តរក្រសួង បង្ក្រាបបទល្មើសភាពយន្ត និង វីដេអូ រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្តល់ព័ត៌មាន ពីទីតាំងលួចចម្លង ឌី វីស៊ីឌី ឌីវីឌី និងទីតាំងរោងពុម្ភ ដើម្បីចុះបង្រ្កាប និងឈានទៅចាប់ខ្លួន អ្នកដែលហ៊ានលួចចម្លង ស្នាដៃចម្រៀងចូលឆ្នាំប្រពៃណីជាតិ របស់ខ្លួន។
ការប្រមានប្តឹងទារសំណងនេះ បានធ្វើឡើង ក្រោយពីផលិតកម្មថោន បានបញ្ចប់ការថតសម្តែង បទចម្រៀងខារ៉ាអូខេ ដើម្បីអបអរបុណ្យប្រពៃណីខ្មែរ នៅខេត្តសៀមរាប ដែលមានតារាចូលរូម ជាង៣០០នាក់ ហើយត្រៀមធ្វើកម្មវិធីនេះ ដាក់ចេញលក់ ជាស៊ីឌី វីស៊ីឌី ឌីវីឌី ក្នុងពេលខាងមុខនេះ។
ថោនបានអះអាងថា៖ «ការលួចចម្លងស្នាដៃទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលិតកម្មយើងខ្ញុំ បង្កឱ្យមានការខាតបង់ថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឱ្យផលិតករយើងខ្ញុំបាក់ទឹកចិត្ត ក្នុងការផលិត ព្រមទាំងប្រឈម នឹងការខាត់បង់ច្រើនសន្ធឹកសន្ទាប់ ជាបន្តបន្ទាប់ទៀតទៅថ្ងៃមុខ បើសិនសកម្មភាពលួចចម្លងស្នាដៃនៅតែបន្ត»៕