MH17៖ ថ្ងៃខែសំខាន់ៗ នៃគ្រោះបាញ់កាំជ្រួចកម្ទេចយន្ដហោះ
ថ្ងៃខែសំខាន់ៗទាំងនោះ ត្រូវបានកត់ត្រាទុក ដោយរាប់ចេញពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៤ ថ្ងៃដែលយន្ដហោះ ត្រូវបានកម្ទេចដោយកាំជ្រួចប្រឆាំងយន្ដហោះ ប្រភេទ «Bouk» នៅលើទឹកដីភាគខាងកើត នៃប្រទេសអ៊ុយក្រែន រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ថ្ងៃដែលក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ចេញរបាយការណ៍ជាផ្លូវការ ដាក់ការទទួលខុសត្រូវ នៃការបាញ់កាំជ្រួចនេះ ទៅលើកងទ័ពរ៉ូស្ស៊ី ដែលមានមូលដ្ឋាន ក្នុងក្រុង «Koursk» (រ៉ូស្ស៊ី)។
- ១៧ កក្កដា ២០១៤៖ យន្ដហោះប៊ូអីញ (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានផ្ទុះបែកជាបំណែកៗ នៅពេលកំពុងហោះហើរ ចូលមកដល់ទឹកដីភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រងដោយក្រុមនិយមបំបែកទឹកដី ស្និតនឹងប្រទេសរ៉ូស្ស៊ី។ មនុស្ស ២៩៨នាក់ (អ្នកបម្រើការ នៅលើយន្ដហោះ ១៥នាក់) ដែលគ្រោងធ្វើដំណើរ ចេញពីរាជធានី អាមស្ទេដាម (ហូឡង់) ឆ្ពោះទៅរាជធានី កូឡាឡំពួរ (ម៉ាឡេស៊ី) [...]