វិបត្តិ​ការទូត​អង់គ្លេស​-រ៉ូស្ស៊ី៖ «ថេរីសា មេ បាន​ជ្រើសយក​ការ​ប្រឈម​មុខ»

មិនបង្អង់យូរឡើង ក្រុងម៉ូស្គូ បានតបទៅចក្រភពអង់គ្លេសវិញ នៅល្ងាចថ្ងៃពុធនេះ ថាបានជ្រើសយក​«ការប្រឈមមុខ» ទល់នឹងប្រទេសរ៉ូស្ស៊ី ជាមួយនឹងទណ្ឌកម្មដូចជា បណ្ដេញអ្នកការទូត​២៣នាក់ ចេញពីទឹកដីអង់គ្លេស និងការប្រកាសមិនទៅចូលរួម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នាប៉ុន្មានខែខាងមុខនេះ។ ប្រទេសរ៉ូស្ស៊ីបានបន្ថែមថា នឹងចាត់វិធានការ សងត្រឡប់ទៅវិញ ក្នុងពេលឆាប់ៗខាងមុខ។
វិបត្តិ​ការទូត​អង់គ្លេស​-រ៉ូស្ស៊ី៖ «ថេរីសា មេ បាន​ជ្រើសយក​ការ​ប្រឈម​មុខ»
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ថេរីសា មេ នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរ៉ូស្ស៊ី។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 15, 2018
  • ប្រធានបទ: អង់គ្លេស-រ៉ូស្ស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅខណៈពេលដែលប្រទេេសរ៉ូស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហការនោះ ស្រាប់តែ«រដ្ឋាភិបាលអង់គ្លេស បានជ្រើសយក​ការប្រឈមមុខ ទល់នឹងប្រទេសរ៉ូស្ស៊ីទៅវិញ»។ នេះ ជាការលើកឡើង របស់ក្រសួងការបរទេសរ៉ូស្ស៊ី នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយនៅល្ងាចថ្ងៃពុធនេះ ប៉ុន្មានម៉ោងក្រោយការសម្រេច របស់រដ្ឋាភិបាលក្រុងឡុង ក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងប្រទេសរ៉ូស្ស៊ី។

ក្រសួងការបរទេសរ៉ូស្ស៊ី បានវាយតម្លៃ ការដាក់ទណ្ឌកម្ម ពីសំណាក់រដ្ឋាភិបាលអង់គ្លេស ថាជា«ការបង្ករឿងដ៏គ្រោកគ្រាត មិនដែលធ្លាប់មានពីមុន» ជា«ចំណាត់ការអមិត្ត» និងជា«យុទ្ធនាការប្រឆាំងរ៉ូស្ស៊ី»។ សេចក្ដីប្រកាសព័ត៌មាននោះ បានបន្តថា៖ «វាគ្មានអ្វីអល់អែកទេ ចំណាត់ការរបស់យើង ក្នុងការតបតរទៅវិញ នឹងកើតមានដោយមិនរង់ចាំយូរឡើយ»។

កាលពីរសៀលថ្ងៃពុធ អ្នកស្រី ថេរីសា មេ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាស ពីការដាក់ទណ្ឌកម្ម​មួយចំនួន ប្រឆាំងប្រទេសរ៉ូស្ស៊ី ក្នុងនោះមានការបណ្ដេញអ្នកការទូតរ៉ូស្ស៊ី ចំនួន២៣នាក់ ការបង្កកទំនាក់ទំនងទ្វេភាគី រវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរ និងការប្រកាសមិនចូលរួម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅឯប្រទេសរ៉ូស្ស៊ី នារដូវក្ដៅខាងមុខ។

ទណ្ឌកម្មទាំងនេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅរដ្ឋាភិបាលរ៉ូស្ស៊ី ដែលរដ្ឋាភិបាលអង់គ្លេស ចោទថា បាននៅពីក្រោយ​ការបំពុលសម្លាប់អតីតគិញរ៉ូស្ស៊ី វ័យចំណាស់មួយរូប ឈ្មោះ «Sergueï Skripal» នៅលើទឹកដីអង់គ្លេស។  អាជ្ញាធរអង់គ្លេសបានអះអាងថា អតីតចារបុរស អាយុ៦៦ឆ្នាំរូបនេះ និងកូនស្រីរបស់លោក អាយុ៣៣ឆ្នាំ បានស្លាប់កាលពី១០ថ្ងៃមុន បន្ទាប់ពីបានរងការវាយប្រហារ ដោយសារជាតិពុលយោធាម្យ៉ាង ផលិតនៅប្រទេសរ៉ូស្ស៊ី។

ថ្លែងប្រកាសពីទណ្ឌកម្ម នៅចំពោះរដ្ឋសភានៃចក្រភពអង់គ្លេស អ្នកស្រី ថេរីសា មេ បានរៀបរាប់ពីការមិនទៅចូលរួម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដូច្នេះ៖ «ខ្ញុំសូមបញ្ជាក់ ថាគ្មានសមាជិកគណៈរដ្ឋមន្ត្រីណាម្នាក់ ឬព្រះញាតិវង្សានុវង្សអង្គណាមួយ នឹងទៅចូលរួម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលរៀបចំក្នុងប្រទេសរ៉ូស្ស៊ី ប៉ុន្មានខែខាងមុខនោះឡើយ»។

ចំណាត់ការរបស់ក្រុងឡុងដ៍ ត្រូវបានប្រទេសជាសម្ព័ន្ធមិត្តធំៗ របស់ចក្រភពអង់គ្លេស ដូចយ៉ាងបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ចេញមុខប្រកាសគាំទ្រ។ អ្នកស្រី «» ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា ប្រទេសរ៉ូស្ស៊ីគឺជាអ្នកទទួលខុសត្រូវ ចំពោះហេតុការណ៍បំពុល អតីតគិញរបស់ខ្លួន នៅលើទឹកដីអង់គ្លេស។

ការថ្លែងរបស់អ្នកស្រី «Nikki Haley» ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងថ្ងៃពុធដដែល ក្រោមការកោះប្រជុំ​ជាបន្ទាន់ ពីសំណាក់​ប្រទេសអង់គ្លេស។ ឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងឡើងថា ករណីនេះ មិនមែនជា «ឧប្បត្តិហេតុ ដែលកើតឡើងដោយឯកឯង» នោះទេ។ អ្នកស្រីថា៖ «សហរដ្ឋអាមេរិក សូមសំដែង​នូវសាមគ្គីភាព​ទាំងស្រុង ជាមួយចក្រភពអង់គ្លេស»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...