សម រង្ស៊ី ថា ហ៊ុន សែន ដើរ​តាម​គន្លង ប៉ុលពត អតីត​មេ​ខ្លួន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានពន្យល់នៅថ្ងៃនេះថា ការចោទប្រកាន់​របស់លោក ហ៊ុន សែន ជុំវិញការចុះហត្ថលេខាមួយ រវាងរូបលោក ជាមួយមេដឹកនាំ​ចលនា​ជនជាតិ ម៉ុងតាញ៉ា កាលពីអំឡុងឆ្នាំ២០១៣ ថាមានលក្ខណៈដូចបេះបិត ទៅនឹងការប្រព្រឹត្តិរបស់ប៉ុលពត។
សម រង្ស៊ី ថា ហ៊ុន សែន ដើរ​តាម​គន្លង ប៉ុលពត អតីត​មេ​ខ្លួន
ពីឆ្វេងទៅស្ដាំ៖ លោក ហ្វាំ វ៉ាន់ហួរ ហៅ«សឹង ង៉ុកមិញ» ឬ«អាចារ្យមៀន» - លោក សាឡុត ស ហៅ«ប៉ុលពត» និងលោក ហ៊ុន សែន ដែលសុទ្ធសឹងជាមេដឹកនាំ ជាប្រវត្តិសាស្ត្រ របស់គណបក្សប្រជាជន«បដិវត្តន៍»កម្ពុជា។ (រូបថតនៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 16, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់មេដឹកនាំប្រឆាំង ស្រមោលប្រវត្តិសាស្ត្រ​នៃប្រទេសកម្ពុជា នៅតែវិលត្រឡប់មកវិញ ដរាបណាប្រទេសកម្ពុជា នៅតែមានមេដឹកនាំ ដែលដើរតាមគន្លងចាស់ដដែលៗ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានលើកឡើងថា លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីដ៏ចាស់វស្សា របស់កម្ពុជាសព្វថ្ងៃ កំពុងដើរតាមគន្លង របស់ ប៉ុល ពត ដែលបានដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ តាំងពី៤០ឆ្នាំមុន។

ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឡើង មួយថ្ងៃក្រោយការប្រកាសរបស់លោក ហ៊ុន សែន ចោទប្រកាន់លោក សម រង្ស៊ី ថាបានកាត់ដីកម្ពុជា ចំនួនបួនខេត្ត ទៅឲ្យវៀតណាម ដោយយោងតាមឃ្លីបវីដេអូមួយ បង្ហាញពីការថ្លែង របស់លោក សម រង្ស៊ី ក្នុងពិធីចុះហត្ថលេខា ជាមួយមេដឹកនាំចលនាជនជាតិភាគតិច ម៉ុងតាញ៉ា។ 

នាយករដ្ឋមន្ត្រី​​កម្ពុជា បានវាយតម្លៃ ការថ្លែងនិងការចុះហត្ថលេខានោះ ថាជា«រឿងមិនតូច» និងជា«ទង្វើក្បត់ជាតិ» ហើយបានបញ្ជា ឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវតែ«ចាត់ការរឿងនេះ»។

ប៉ុន្តែលោក សម រង្ស៊ី បានឆ្លើយតបទៅវិញ យ៉ាងចាស់ដៃ ដោយហៅលោក ហ៊ុន សែន ថាកំពុង«ឆ្កួត» និងកំពុងដើរតាមគន្លង អតីតមេកើយរបស់ខ្លួន គឺលោក ប៉ុល ពត (ឈ្មោះពិត សាឡុត ស)។ មេដឹកនាំប្រឆាំង បានសរសេរជាភាសាខ្មែរ នៅលើទំព័រហ្វេសប៊ុក និងជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើររបស់លោក ពីប្រតិកម្មនោះដូច្នេះថា៖

«កាលពី ៤០ ឆ្នាំមុន ជំងឺសសៃប្រសាទ របស់ ប៉ុល ពត បានធ្វើឲ្យគាត់ឃើញ តែសត្រូវជុំវិញខ្លួន ហើយដើរចោទគេចោទឯង ថាជា "ជនក្បត់" ដែលធ្វើការឲ្យ CIA (របស់សហរដ្ឋអាមេរិក) KGB (របស់សហភាពសូវៀត) ឬក៏ធ្វើការឲ្យយួន តែម្តង។ ឥឡូវនេះ ហ៊ុន សែន ដែលធ្លាប់ធ្វើជាមេកងពល ក្រោមបញ្ជារបស់ ប៉ុល ពត កំពុងតែដើរតាមគន្លងរបស់ ប៉ុល ពត។ គាត់កំពុងរកលេសគ្រប់បែបយ៉ាង ចោទប្រកាន់ កឹម សុខា និងរូបខ្ញុំ ដើម្បីកម្ចាត់អ្នកទិតៀនទាំង អស់ ដែលហ៊ានប្រឆាំងអំណាច កាន់តែឃោរឃៅរបស់គាត់។»

ប្រធានចលនាសង្គ្រោះជាតិ បានបន្តទៀតថា៖ «មិនយូរទេ គាត់នឹងចោទប្រកាន់ថែមទៀត ថា កឹម សុខា និងខ្ញុំ ជា "ជនក្បត់" ដែលធ្វើការឲ្យប្រទេស​អាល្លឺម៉ង់ (Germany) ពេលណាគាត់ដឹងថា កម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ បានរៀបចំឡើង ដោយមានការផ្គត់ផ្គង់ ពីអង្គការអាល្លឺម៉ង់ពីរ គឺមូលនិធិ Konrad Adenauer និងមូលនិធិ Friedrich Naumann។»។

លោក រង្ស៊ី បានបញ្ចប់ ជាមួយនឹងប្រយោគ៦ពាក្យ ដូច្នេះ៖ «ហ៊ុន សែន អើយ ! ឈប់ឆ្កួតទៅ !»។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...