ហ៊ុន សែន ធ្លាប់តែងតាំងមន្ត្រីយោធា២២រូប ធ្វើជាជំនួយការឲ្យកូនប្រុស
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 23, 2017
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីយោធានជាន់ខ្ពស់ ចំនួន២២នាក់នោះ មិនមែនជាជំនួយការ ឲ្យស្ថាប័នបញ្ជាការដ្ឋានទេ តែជាជំនួយការផ្ទាល់ របស់មេបញ្ជាការ នៃមេបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម នៃគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម ដែលហៅកាត់ថា «គ.ជ.ប.ភ»។ នេះ បើតាមអនុក្រិត្យមួយ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក។
មានចំងល់មួយ បានសួរឡើងថា ចុះលោកមេបញ្ជាការ ដែលពោរពេញ ដោយភ័ពសំណាងរូបនោះ ជានរណា? គឺជាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន នោះតែម្ដង។ នេះ គ្រាន់តែជាជំនួយការ នៅក្នុងតំណែងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេស ប្រឆាំងភេរវកម្មប៉ុណ្ណោះ ប៉ុន្តែបុរសពាក់ផ្កាយ ៣ អាយុ៣៩ឆ្នាំ (នៅកម្ពុជាអាយុ៤០ឆ្នាំ) ម្នាក់នេះ មានមុខតំណែងដល់ទៅ ៥ផ្សេងទៀត នៅក្នុងក្រសួងការពារជាតិ។
បើសរុបមុខតំណែងទាំង៦ របស់លោក ហ៊ុន ម៉ាណែត នោះ រួមមាន (១) ជានាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (២) ជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម (៣) ជាមេបញ្ជាការរង កងទ័ពជើងគោក (៤) ជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស (៥) ជាអនុប្រធានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្ម នៅតាមគ្រប់មុខសញ្ញា និង(៦) សមាជិកក្រុមប្រឹក្សាកំណែទម្រង់ កងយោធពលខេមរភូមិន្ទ។ តំណែងទាំងនេះ គេនៅមិនទាន់រាប់តំណែងគ្រាក់ៗ ផ្សេងទៀត ដែលកូនប្រុសលោក ហ៊ុន សែន មាននៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលមានឪពុកលោក ជាប្រធាននោះផងទេ។
សូមបញ្ជាក់ដែរថា សារព័ត៌មានដើមត្នោត បានទម្លាយអនុក្រិត្យខាងលើ មកផ្សាយនៅថ្ងៃព្រហស្បត្តិ៍នេះ លើគេហទំព័ររបស់ខ្លួន ទៅតាមការទាមទារ របស់លោក ហ៊ុន ម៉ាណែត ខ្លួនលោកផ្ទាល់ ដែលបានប្រតិកម្ម ទៅនឹងការចេញផ្សាយ កាលពីមួយថ្ងៃមុន របស់សារព័ត៌មានដដែល ទាក់ទងនឹងរឿងនេះ ដោយមិនបានភ្ជាប់មកជាមួយ នូវអនុក្រិត្យរបស់ឪពុកលោកនោះទេ។ ព័ត៌មាននៅថ្ងៃពុធនោះ ត្រូវបានលោក ហ៊ុន ម៉ាណែត សំដែងការភ្ញាក់ផ្អើល និងសរសេរនៅលើទំព័រ ហ្វេសប៊ុករបស់លោក ទំនងចង់មានន័យថា លោកគ្មានជំនួយការ រហូតដល់ចំនួនដូច្នេះឡើយ។ កូនប្រុសច្បង របស់នាយករដ្ឋមន្ត្រី បានទាមទារឲ្យសារព័ត៌មាន បង្ហាញពីភស្ដុតាង និងថាតើជំនួយការទាំងនោះ មានឈ្មោះអ្វីខ្លះ។
ជារឿយៗ ក្រុមអ្នកតាមដានស្ថានការណ៍ប្រទេសកម្ពុជា តែងបានរិះគន់ ទៅលើការតែងតាំង ឬការតម្លើងឋានន្តរស័ក្តិទាំងឡាយណា ដែលត្រូវបានធ្វើឡើង ដើម្បីតែការពង្រីក «ក្បាលឲ្យធំជាងខ្លួន» បំបង់អស់តែថវិការជាតិ និងដោយគ្មានតម្លាភាព។ គ្មានតម្លាភាព ដូចយ៉ាងអនុក្រិត្យនេះជាដើម ដែលត្រូវបានធ្វើឡើង និងចុះហត្ថលេខាដោយលោក ហ៊ុន សែន តែបែរជាមិនបានផ្សព្វផ្សាយ ជាសាធារណៈ បើសូម្បីតែលោក ហ៊ុន ម៉ាណែត ដែលជាជនពាក់ព័ន្ធដោយផ្ទាល់ ក៏មិនបានដឹងផង៕