កំដៅនយោបាយកម្ពុជានឹងកើនឡើង ខណៈបក្សប្រឆាំងប្រកាសបន្តបាតុកម្ម
បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ព្រមានបិទផ្លូវចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយកំពុងដើរប្រមូលប្រជាពលរដ្ឋ តាមបណ្តាខេត្តឲ្យមកចូលរួមមហាបាតុកម្មអហិង្សាជាថ្មី ដែលមានទ្រង់ទ្រាយធំ និងអាចមានរយៈពេលយូរជាមួយនឹងការដើរចុះតាមផ្លូវ ដើម្បីតវ៉ាចំពោះលទ្ធផលបោះឆ្នោត ដ៏ចម្រូងចម្រាសមកនោះ បានជម្រុញឲ្យមានការព្រួយបារម្ភជាទូទៅ អំពីលទ្ធភាពនៃការប៉ះទង្គិចគ្នារវាងភាគីបាតុករ និងកងកម្លាំងរបស់រដ្ឋាភិបាល ដែលអាចបណ្តាលឲ្យស្ថានការណ៍នយោបាយកម្ពុជា មានភាពធ្ងន់ធ្ងរមួយកម្រិតទៀត។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយ - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងដំណើរទៅកាន់ខេត្តព្រៃវែង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានថ្លែងប្រាប់សកម្មជនរបស់ខ្លួនថា គណបក្សសង្រ្គោះជាតិនឹងធ្វើចលនា ឲ្យមានមហាបាតុកម្មអហិង្សាទូទាំងប្រទេស និងមិនចុះចូលជាមួយរដ្ឋាភិបាលបច្ចុប្បន្ន ឬគណបក្សប្រជាជនកម្ពុជានោះទេ ដរាបណាមិនទាន់មានច្បាប់ ឬយន្តការណាមួយសមស្រប ដើម្បីធានាថាគណបក្សសង្រ្គោះជាតិមានលទ្ធភាពជាក់ស្តែង ក្នុងការការពារប្រជាពលរដ្ឋ។
ប្រធានគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «បើយើងចូលឥឡូវនេះ យើងគ្មានបានអ្វីទាំងអស់ បើចូលបានតែអំណាចក្លែងក្លាយ បានតែអ្វីដែលនៅលើក្រដាស តែការការពារប្រទេសជាតិអត់បាន គេនៅតែកាត់ដីឲ្យយួន ឲ្យយួនចូលស្រុក កាប់បំផ្លាញព្រៃឈើ បណ្តេញប្រជាពលរដ្ឋ បាញ់សម្លាប់អ្នកតវ៉ា(...) ឥឡូវយើងអត់ចូលដាច់ខាត»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក អ៊ូ វីរៈ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះថា ការបរាជ័យរបស់អ្នកនយោបាយ និងការបែកបាក់ជាតិ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ប្រទេសកម្ពុជា ហើយគេមិនអាចប៉ាន់ប្រមាណជាមុន អំពីផលលំបាក ដែលកើតចេញពីការប្រេះឆានោះបានទេ។
អ្នកវិភាគដដែលនេះបន្តថា តាមរយៈការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកន្លងមក បានបង្ហាញថា គណបក្សទាំងពីរកាន់តែឃ្លាតឆ្ងាយពីចំណុចមិនឯកភាពគ្នា និងខិតជិតដល់ចំណុចឯកភាពគ្នាបានច្រើន តែពួកគេមិនអាចសម្រេចកិច្ចការនេះបានទាំងស្រុង ដែលឆ្លុះបញ្ចាំងថាអ្នកនយោបាយកម្ពុជា ពុំមានភាពចាស់ទុំនយោបាយគ្រប់គ្រាន់។
ចំពោះគម្រោងមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ លោក អ៊ូ វីរៈ បានលើកឡើងថា វាជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប និងគ្រប់គណបក្សនយោបាយ នៅក្នុងប្រទេសលិទ្ធិប្រជាធិបតេយ្យ តែគណបក្សសង្រ្គោះមិនគួរបោះបង់ ការ ចរចាជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
ជុំវិញករណីនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ កាលពីពេលថ្មីៗនេះថា ការចរចានយោបាយ គឺជាបញ្ហាដែលគណបក្សសង្រ្គោះជាតិ ត្រូវធ្វើជាមួយគណបក្សប្រជាជនកម្ពុជានៅរដ្ឋសភា ហើយការធ្វើមហាបាតុកម្មអហិង្សា ឬបាតុកម្មយក្ស គឺជាសិទ្ធិរបស់គណបក្សជំទាស់មួយនេះ តែបើបាតុកម្មធ្វើហួសពីរង្វង់ច្បាប់ នោះរដ្ឋាភិបាលនឹងចាត់វិធានការសមស្រប ដើម្បីគ្រប់គ្រងបញ្ហាទាំងនោះ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ