ពិធីសាសនាឲ្យដោះលែងយ៉ោម បុប្ផា ដុត«ដីកាបង្គាប់ឲ្យនាំខ្លួន»ចោល
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ដីកាបង្គាប់ឲ្យនាំខ្លួន»មួយ ដែលចេញដោយលោកតែ សំអាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ ត្រូវបានប្រជាពលរដ្ឋ ដែលរងគ្រោះដោយបញ្ហាដីធ្លី«ដុត»រំលាយចោល នៅមុខតុលាការកំពូលរាប់រយច្បាប់ (ច្បាប់ចម្លង) ដោយបានចោទប្រកាន់ដីកានោះថា បានផ្តល់នូវភាពអយុត្តិធម៌បំផុតចំពោះគ្រួសារអ្នកស្រី យ៉ោម បុប្ផា ដោយបានជាប់គុកទាំងគ្មានកំហុសនោះ និងស្នើសុំឲ្យកើតមានឡើង នូវយុត្តិធម៌ខាងមុខនេះជាដាច់ខាត។
«ដីកាបង្គាប់ឲ្យនាំខ្លួន» ដែលត្រូវបានគេដុតចោល។ (រុបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ប្រជាពលរដ្ឋមកពីសហគមន៍ចំនួនបី ៖ សហគមន៍បឹងកក់ដឹកនាំដោយអ្នកស្រី ទេព វណ្ណី សហគមន៍ថ្មគោលដឹកនាំដោយអ្នកស្រី ច្រាយ នីម និងសហគមន៍បុរីកីឡាដឹកនាំដោយលោក ពេជ្រ ប៊ុនធឿន មានគ្នាប្រមាណជិតមួយរយនាក់ កមជួបជុំគ្នាមុខតុលាការកំពូល កាលពីល្ងាចម៉ោងពីរថ្ងៃទី១៩ ខែវិច្ឆិកានេះ គោលបំណងធ្វើពិធីបួងសួងតាមបែបបពុទ្ធសាសនា ដោយដង្ហែរក្បួនប្រទក្សិន ជុំវិញតុលាការកំពូលនោះចំនួនបីជុំ ដើម្បីបន្ទន់ចិត្តដល់មន្រ្តីនៃតុលាការកំពូល ឲ្យធ្វើការដោះលែងអ្នកស្រីយ៉ោម បុប្ផា បន្ទាប់ពីសវនាការដែលនឹងលើកមកជំរៈនៅថ្ងៃ២២ ខែវិច្ឆិកា ខាងមុខនេះ។
ក្នុងពិធីបែបសាសនានេះ ក្រៅពីលោកអាចារ្យម្នាក់ និងប្រជាពលរដ្ឋរួមជាមួយ នឹងក្រុមយុវជនដើម្បីសន្តិភាពនោះ ពុំមានវត្តមានព្រះសង្ឃចូលរួម ក្នុងការសូត្រជយន្តោតោនោះទេ។ ក្រៅពីនេះ ក៏មានវត្តមានមន្រ្តីអង្គការសិទ្ធិមនុស្ស អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាងសាមសិបនាក់ ក៏បានចូលរួមដើម្បីសង្កេតការណ៍ និងយកព័ត៌មានពីទិដ្ឋភាពនៃការបួងសួងនេះដែរ។
លោកស្រី ទេព វណ្ណី ដែលជាអ្នកសកម្មក្នុងការទាមទានូវសិទ្ធិដីធ្លីក្នុងសហគមន៍បឹងកក់បានបញ្ជាក់ថា អ្នកស្រីមានជំនឿយ៉ាងមុតមាំទៅលើពិធីនេះអាចធ្វើឲ្យអ្នកដឹកនាំ ដូចជារាជរដ្ឋាភិបាល នឹងមន្រ្តីដែលពាក់ព័ន្ធទាំងអស់ក្នុងរឿងបឹងកក់ ក៏ដូចជារឿងអ្នកស្រី យ៉ោម បុប្ផាព្រោះតែប្រទេសកម្ពុជាកាន់នូវសាសនាព្រះពុទ្ធ។ ស្ត្រីតំណាងបឹងកក់រូបនេះបន្តរថា «តុលាការកំពូលត្រូវតែគោរពតាមនីតិវិធី និងច្បាប់។ កាត់ក្តីដោយសុក្រិតនិងមិនលំអៀង ឯករាជ្យពិតប្រាកដ និងយុត្តិធម៌សម្រាប់អ្នកស្រីយ៉ោម បុប្ផា នាថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះឲ្យមានសេរីភាពឡើងវិញ។»
លោក លួស សាខន ដែលត្រូវជាស្វាមីអ្នកស្រី យ៉ោម បុប្ផា ដែលមានវត្តមានជាមួយគ្នាដែរនោះ ក៏បានបង្ហាញពីការដុតនូវដីកា«បង្គាប់ឲ្យនាំខ្លួន»ថា ក្រោយពីការចាប់ខ្លួនហើយទើបឃើញមានដីកានេះជាក្រោយ។ លោកបន្តរថាដីកានោះមិនមានបញ្ជាក់ពីអត្តសញ្ញាណនៃអ្នកដែលត្រូវចាប់ខ្លួននោះតែ។ ក្រោយពេលចាប់ខ្លួនហើយទើបឃើញមានដីកាថ្មីមួយទៀត ដែលបានដាក់ឈ្មោះរូបលោក(លួស សាខន)។ ទោះយ៉ាងណាក៏ដោយ លោកសូមសំណូមពរដល់តុលាការកំពូលនៅថ្ងៃទី២២ខាងមុខនេះ ជួយរកយុត្តិធម៌ដល់អ្នកស្រីយ៉ោម បុប្ផា ឲ្យមានសេរីភាពឡើងវិញដើម្បីរួមរស់ជួបជុំជាមួយគ្រួសារ។
ឯលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូដែលមានវត្តមាននៅមុខតុលាការកំពូលដែរនោះ បានបង្ហាញជាទស្សនៈថា លើកនេះមានលក្ខណៈប្លែកពីលើកមុនៗ ដែលរាល់ការទាមទានៅតាមបណ្តាក្រសួងនានាដូចជាក្រសួងយុត្តិធម៌ សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធណ៍ ដែលបានធ្វើតាមបែបដាក់លិខិត ញ្ញត្តិ ឬតាមរយៈការទាមទាផ្សេងៗក្នុងការដោះលែង និងផ្តល់នូវភាពយុត្តិធម៌ដល់អ្នកស្រី យ៉ោម បុប្ផា។
លោកបន្តរថានេះប្រហែលមកពីការអស់ជំនឿទៅលើការតស៊ូមតិតាមផ្នែកច្បាប់ ទើបបានធ្វើការជ្រើសរើសបែបជំនឿពុទ្ធសាសនា និងតាមបែបអរូបិយផ្សេងៗ ដែលធ្វើការបួងសួងបន្ទន់ចិត្តដល់មន្រ្តីនៃតុលាការកំពូលមានការគិត ពិចារណាក្នុងការផ្តល់យុត្តិធម៌ ពិសេសឲ្យមានការលើកលែងការចោទប្រកាន់ដល់អ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពបានជួបជុំប្តី កូន និងបងប្អូន។ «ខ្មែរយើងដែលកាន់ព្រះពុទ្ធសាសនា នឹងមានជំនឿលើពុទ្ធសាសនា មានជំនឿតាមបែបអរូបិយ។ ដូចគ្នានេះតុលាការនឹងអាចគិតគូរនូវបាប និងបុណ្យ។ (...) រយៈពេលចុងក្រោយនេះ យើងឃើញថា តុលាការកំពូលក៏បានផ្តល់នូវយុត្តិធម៌ជាច្រើន ដែរដូចជាករណី ប៊ន សំណាង និងសុខ សំអឿនជាដើម។ ដូច្នេះអ្នកស្រី យ៉ោម បុប្ផា នឹងត្រូវបានដោះលែង បើមើលតាមការតាមដាន នៅសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាសាលាឧទ្ធណ៍ មិនមានភស្តុតាងណាមួយ ដែលបញ្ជាក់ថា អ្នកស្រី រួមជាមួយនឹងប្តី បានប្រព្រឹត្តិបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដូចការចោទប្រកាន់នោះទេ។ (...) ជនរងគ្រោះខ្លួនឯងសូម្បីតែជនល្មើសដែលប្រព្រឹត្តិនោះមិនស្គាល់ផង ចុះហេតុអ្វីបានជាទៅចោទអ្នកស្រីយ៉ោម បុប្ផា និងប្តី ពីការប្រ់ប្រាស់អំពើហិង្សាលើខ្លួន។»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ